អានតួអត្ថបទ
កម្ពុជា

បណ្តាញ​សហគមន៍​ព្រៃឡង់​នាំគ្នា​ចូលព្រៃ​ដើម្បី​ល្បាត​សាជាថ្មី

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​រាប់​រយ​នាក់​នឹង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​១៣​ដល់​ថ្ងៃ​១៥​ខែ​សីហា​ឆ្នាំ​២០១២​នេះ​ដើម្បី​ល្បាត​និង​រុក​រក​​បទ​ល្មើស​​ព្រៃឈើ​។​នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​។ បេសកកម្ម​ល្បាត​ព្រៃ​នេះ​ធ្វើ​ឡើង​បន្តាប់​ពី​ប្រជា​សហគមន៍​សង្ស័យ​ថា​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់​បាន​កម្រើក​ឡើង​វិញ​។​

ប្រជាសហគមន៍​ព្រៃឡង់​​ កាលពី​ពេល​នាំគ្នា​មក​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ ក្រុង​ភ្នំពេញ (រូបថតឯកសារ)
ប្រជាសហគមន៍​ព្រៃឡង់​​ កាលពី​ពេល​នាំគ្នា​មក​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ ក្រុង​ភ្នំពេញ (រូបថតឯកសារ) RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​បណ្តាញ​សហគមន៍​ព្រៃឡង់​ស្រុក​សណ្តាន់​ ខេត្តកំពង់​ធំចំនួន​១០០នាក់​ នឹង​ចូល​ទៅ​ក្នុង​ព្រៃឡង់​ ដើម្បី​ប្រមូល​វត្ថុតាង​បទ​ល្មើស​ព្រៃ​ឈើ​ដាក់​ជូន​រដ្ឋាភិបាល​ ដើម្បី​វែក​មុខ​ជនល្មើស ​និង​ជួយ​ការពារ​ធន​ធាន​ធម្មជាតិ​របស់​ប្រទេស​ផង​។

លោក​ ឈឹម​ សាវុធ​ អ្នក​សប្រសម្រួល​ ពង្រឹង​សហគមន៍​ព្រៃឡង់​ នៃ​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​ កម្ពុជា​បាន​ថែ្លង​អោយ​ដឹង​ថា​ ប្រជាពលរដ្ឋ​ចំនួន​ ១០០ នាក់​នឹង​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​រយៈពេល​៣​ថៃ្ង​ ចាប់​ពី​ថៃ្ង​ទី​១៣​ដល់​ថៃ្ង​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១២​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ និង​ ប្រមូល​វត្ថុ​តាង​ទាំង​អស់​ ដើម្បី​រៀបចំ​ឯកសារ​ដាក់​អោយ​រាជរដ្ឋាភិបាល​ និង​អ្នកជំនាញ​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។​

គម្រោង​ល្បាត​ព្រៃ​ជា​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​បាន​ទទួល​ព័ត៌មាន​ថា​ បច្ចុប្បន្ន​នេះ​ ក្នុង​ព្រៃ​ឡង់​ ចំណុច​ឃុំ​ដង​កាំ​បិត​ ​មាន​ការ​កាប់​ព្រៃ​ស្រោង​ ​រាប់​រយ​ហិកតា​ ដើម្បី​រាន​យក​ដី​ធ្វើ​ចំការ​ ហើយ​ជន​ល្មើស​គឺ​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នេះ​ទៀត​ផង​។

ពលរដ្ឋ​រស់​នៅ​ ឃុំ​ដង​កាំ​បិត​ ដែល​ជា​ចំណុច​តំបន់​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ លោក​ ជុំ​ យ៉ិន​ បាន​ថ្លែង​អោយ​ដឹង​ថា​ មាន​ឈ្មួញ​ និង​អ្នក​មាន​ មួយ​ចំនួន​បាន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឡង់​ជា​រៀង​រាល់​ថៃ្ង​ ហើយ​លោក​ទទូច​សុំ​អោយ​រាជ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ខ័ណ​រដ្ឋបាល​ព្រៃ​ឈើ​ ចុះ​បង្រ្កាប​ បទ​លើ្មស​នេះ​ផង​។​

ប៉ុន្តែ​ អភិបាល​រង​ខេត្ត​កំពង់​ធំ​ លោក​ អ៊ុត​ សំអន​ បាន​អះអាង​ថា​ ដោយ​សារ​តែ​​ប្រជាពលរដ្ឋ​ មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ មាន​ការ​ខ្វះខាត​ ទើប​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រៃឡង់​ ដើម្បី​​កាប់​ព្រៃ​ និង​ដឹក​បញ្ជូន​ព្រៃ​ឈើ​ យក​មក​ធើ្វ​ផ្ទះ​របស់​ពួក​គេ​ ហើយ​នេះ​ជា​​ប្រពៃណី​របស់​​ពួក​គាត់​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​អោយ​អាជ្ញាធរ​​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ចុះ​ទៅ​ត្រួត​ពិនិត្យ​លើ​ព្រៃឡង់​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ការ​កាប់​ព្រៃ​ឈើ​នៅ​ទី​នោះ​ មាន​ទ្រង់​ទ្រាយ​ធំ​ឬ​យ៉ាងណា។​ បើ​មាន​ពិត​មែន​ លោក​អះ​អាង​ថា​ នឹង​ចាត់​វិធាន​ការ​បង្រ្កាប​​ជន​បទ​លើ្មស​ទាំង​នោះ។​

ក្រៅ​ពី​ការ​កាប់​ព្រៃ​រាន​យក​ដី​ ក៏​មាន​បទ​ល្មើស​កាប់​ឈើ​កំពុង​កើត​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​។ ក្នុង​មួយ​ ថ្ងៃៗ​ មាន​គោ​យន្ត​ រទេះ​គោ​មិន​តិច​ជាង​៣០​គ្រឿង​ទេ​ ដែល​​ចូល​ព្រៃ​កាប់​ឈើ​ និង​មាន​រណា​យន្ត​អា​ឈើ​ឮ​រំពង​ពេញ​ព្រៃ​។ ទាំង​អស់​នេះ​គឺ​ផ្ទុយ​គ្នា​ពី​ការ​បញ្ជាក់​របស់​អភិបាលរង​ខេត្ត​កំពង់​ធំ​ថា​ ពុំ​មាន​បទ​ល្មើស​កើត​ឡើង​នៅ​តំបន់​នោះ​ទេ​។​

គួរ​បញ្ជាក់​ថា​ ព្រៃ​ឡង់​គឺ​ជា​ព្រៃ​ដ៏​ធំ​មួយ​ដែល​ជាប់​ខេត្ត​៤​ គឺ​ ខេត្ត​កំពង់ធំ​ ក្រចេះ​ សឹ្ទងត្រែង​​ និង​ព្រះវិហារ​ ដែល​មាន​ទំហំ​៤០​ម៉ឺន​ហិកតា​។​ ប្រជា​សហគមន៍​ព្រៃ​ឡង់​ធ្លាប់​បាន​​ចូល​ព្រៃ​​ ដើម្បី​ដើរ​ល្បាត​បែប​នេះ​ជា​ច្រើន​​លើក​មក​ហើយ​​ ដើម្បី​ការពារ​ព្រៃ​ដ៏​មាន​តម្លៃ​នេះកុំ​ឲ្យ​មាន​​ការ​កាប់​បំផ្លាញ។​ ជួន​កាល​ ពួក​គេ​​ក៏​បាន​ប្រឈម​មុខ​នឹង​កា​រ​រា​រាំង​របស់​អាជ្ញាធរ​ទៀត​ផង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ