អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន​-បុរីវ៉ាទីកង់

ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ ​បុរី​វ៉ាទីកង់ ​រវាង​ ប្រមុខ​​ដឹក​នាំ​ប៉ាឡេស្ទីន ​និង​ អ៊ីស្រាអែល​

សម្តេច​សង្ឃ​កាតូលិក​ ហ្រ្វង់ស័រ​ បាន ​បំពេញ​នូវ​អាកប្បកិរិយា​ជា​ប្រវត្តិសាស្រ្ត​មួយ ដោយ​បាន​កោះ​អញ្ជើញ​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ លោក​ ម៉ាហមូដ អាបាស ​និង​លោក​ប្រធានា​ធិបតី​អ៊ីស្រាអែល​ លោក ​ស៊ីម៉ុន ប៉េរ៉េស៍​ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​បុរីវ៉ាទីកង់ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ធ្វើ​ការ​បន់ស្រន់​ បួងសួង​សុំ​សន្តិភាព។

សម្តេចប៉ាប​ ហ្រ្វង់ស័រ
សម្តេចប៉ាប​ ហ្រ្វង់ស័រ REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​ប្រជាប្រិយភាព​ដែល​កាន់​តែកើន​ឡើង​របស់ព្រះ​អង្គ​ សម្តេច​ប៉ាប​​ ហ្រ្វង់ស័រ​ បាន​បង្កើន​ការ​ភ្ញាក់​ផ្អើល​ និង​ក្តី​កោត​សរសើរ​យ៉ាងខ្លាំង​ពី​សាធារណមតិ​​ទូទៅ ​ចំពោះ​ទង្វើ​ដែល​​ព្រះ​អង្គ​ធ្វើ​នា​ពេល​នេះ។​  ដោយ​យល់​យ៉ាង​ច្បាស់​អំពីស្ថានភាព​វិបត្តិ​រវាង​​ អ៊ីស្រាអែល​ និង​ ប៉ាឡេស្ទីន​ ព្រះអង្គ​គ្មាន​គោល​បំណង​ណាមួយ​​ មកធ្វើ​ជា​អាជ្ញា​កណ្តាល​ឲ្យ​ភាគី​ទាំង​ពីរនោះ​ទេ។ បុរី​វ៉ាទីកង់​ បាន​អះអាង​​​ថា​ ​ពិធី​នេះ​ ​គ្រាន់​តែ​ជា​ពិធី​បន់ស្រន់​​ដើម្បី​​សុំ​សន្តិភាព​​ មិន​មែន​ជា​ពិធី​​បួងសួង​រវាង​សាសនា​ទាំង​បី​នោះ​ទេ។ ​មន្ត្រី​សង្ឃ​កាតូលិក​មួយ​អង្គ​បាន​និយាយ​ថា​ នេះ​មិន​មែន​ជា​ការ​បន់ស្រន់​រួម​គ្នា​នោះ​ទេ​ តែ​គ្រប់​គ្នា​គ្រាន់​តែ​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែមួយ​​ ដើម្បី​ធ្វើ​ការ​បួងសួង។​

 
ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ប្រទេស​​នឹង​ ត្រូវ​បាន​ទទួល​ជួប​ដោយ​សម្តេច​ប៉ាប​ ជា​លក្ខណៈ​ឯកជន​រៀងៗ​ខ្លួន​ជា​មុន​សិន​ មុន​នឹង​ឈាន​ទៅ​ដល់​កម្ម​វិធី​បន់ស្រន់។ ​បើ​តាម​ការ​គ្រោង​ទុក​ តំណាង​​ថ្នាក់​ដឹក​នាំ​ និង​សាសនា​ទាំង​បី​ ត្រូវ​ធ្វើ​ការ​បន់​ស្រន់​ម្នាក់​ម្តង​ ពោល​គឺ​ដំបូង​ សាសនា​ជ្វីហ្វ ​បន្ទាប់​មក​សាសនា​កាតូលិក​ និង​ចុង​ក្រោយ​បង្អស់​គឺ​សាសនា​អ៊ីស្លាម។​ តាម​ការ​ផ្តល់​ពត៌មាន​ កម្ម​វិធី​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយ​ប្រយ័ត្ត​ប្រយែង​បំផុត​ ដើម្បី​ធានា​នូវអព្យា​ក្រិត្យភាព​ រវាង​គ្រប់​ភាគី​ចូលរួម​ទាំងអស់។​ ទាំង​ទីកន្លែង​ ទាំង​របៀបវារៈ​នៃ​កម្មវិធី​ត្រូវ​បាន​គេ​ ជ្រើសរើស​យ៉ាង​ម៉ត់ចត់​បំផុត​ ចៀសវាង​ការ​ប៉ះ​ទង្គិច​ដោយ​ប្រការ​ណា​មួយ​ទៅ​លើ​សាសនា​របស់​ភាគី​ចូលរួម​ម្នាក់ៗ។ 

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ថ្នាក់​ដឹក​នាំ​អ៊ីស្រាអែល​ និង ​ប៉ាឡេស្ទីន ​បាន​មក​ជួប​គ្នា​លើ​ទឹក​ដី​បុរី​វ៉ាទីកង់។ ​គួរ​រំលឹក​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០០០ ​ក៏​មាន​ពិធី​ប្រហាក់​ប្រហែល​គ្នា​នេះ​មួយ​ដែរ​ ​ប៉ុន្តែ​កាល​នោះ​ ក្រុម​សាសនា​អ៊ីស្លាម​ និង​ ជ្វីហ្វ​ធ្វើ​ការបន់ស្រន់​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា។​ នៅ​ក្នុង​ទំព័រ Tweeter ​របស់​ព្រះអង្គ​ សម្តេច​ប៉ាប​បាន​សរសេរ​ថា​​៖​ ការ​បន់​ស្រន់​មាន​ឥទ្ធិពល​លើ​គ្រប់​អ្វីៗ​ទាំង​អស់​ ដូច្នេះ​ យើង​គួរ​តែ​យក​ការ​បន់ស្រន់​នេះ ​បួង​សួង​សូម​ឲ្យ​មាន​សន្តិភាព​នៅ​គ្រប់​តំបន់​ទាំង​អស់​ ក្នុង​ពិភព​លោក​ទាំងមូល។

តំបន់​មជ្ឈិម​បូព៌ា​បាន​ត្រូវ​យាយី​ដោយ​សង្គ្រាម​ប្រកាន់​សាសនា​ជា​យួរ​ណាស់​មក​ហើយ​។​​ កន្លង​មក​ការ​ដោះស្រាយ​តាម​នយោបាយ​ការទូត​មិន​ដែល​ទទួល​បាន​ផល​វិជ្ជមាន​ជាប់​លាប់​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​  គ្មាន​នរណា​ម្នាក់​ជឿថា​ សន្តិភាព​ពិតប្រាកដ​នឹង​មាន​ភ្លាម​នៅ​ថ្ងៃ​ស្អៃក​នៅ​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ​  ប៉ុន្តែ​ការ​បន់ស្រន់​សុំ​សន្តិភាព​នេះ​ ជា​និមិត្តរូប​មួយ​ ដើម្បី​ឲ្យ​ភាគី​ទាំង​អស់ ​សម្តែង​នូវ​សមាណចិត្ត​របស់​ខ្លួន​ ដែល​ប្រាថ្នា​ចង់​បាន​សុខ​សន្តិភាព​តាម​បែប​ជំនឿ​សាសនា​រៀងៗ​ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ