អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី៖ ទំនប់​វារី​អគ្គិសនី អារ៉ែង មិន​មាន​ទេ ពី​ពេល​នេះ ដល់​ឆ្នាំ​២០១៨

លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ប្រកាស​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​២៤​កុម្ភៈ​ថា រហូត​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្តី​សំរេច​ណាមួយ​ទេ លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះ​កុង គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ ប៉ុន្តែ ទោះ​ជា​ការ​សិក្សា​ច្បាស់ ឬ​មិន​ច្បាស់​លាស់​ក៏​ដោយ តាម​លោក​នាយក​រដ្ឋ​មន្ត្រី ពី​ពេលនេះ ដល់​ឆ្នាំ​២០១៨ រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឲ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី អារ៉ែង ឡើយ។ រីឯ​ក្រុម​យុវជន បាន​ប្រកាស​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ នៅ​តំបន់​អារ៉ែង ទោះ​បីជា​ពេល​នេះ មិន​មាន​វត្ត​មាន អា​ឡិច។

តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​
តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​ @Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

ជា​សេចក្តី​ប្រកាស ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត នា​ព្រឹក​ថ្ងៃ​ទី​២៤​កុម្ភៈ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​គូស​បញ្ជាក់​ជាថ្មី​ថា គម្រោង​សាងសង់​ទំ​បន់​វារី​អគ្គិសនី អារ៉ែង ក្នុង​ខេត្ត​កោះកុង រហូត​ដល់​ពេល​នេះ មិនទាន់​មាន​សេចក្តី​សម្រេច​ណា​មួយ​ទេ គឺ​ត្រូវ​សិក្សា​ជាមុន​សិន។ ក្នុង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​បញ្ជាក់​ថា ទោះ​ជា​ការ​សិក្សា​ច្បាស់ ឬ​មិន​ច្បាស់​លាស់​ក៏ដោយ តែ​ចាប់ពី​ពេលនេះ ដល់​ឆ្នាំ​២០១៨ ក្នុង​អាណត្តិ​ទី៥នេះ រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឲ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី អារ៉ែង ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ចង់ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ជា​អ្នក​សម្រេច​លើ​គម្រោង​វារីអគ្គិសនី​នោះ ដូច​ករណី ទីតាញ៉ូម នៅ​ជីផាត ក្នុង​ខេត្តកោះកុង ដែល​លោក​អះអាងថា មានតម្លៃ​ជាង ២០​ពាន់​លាន​ដុល្លារ ប៉ុន្តែ​យក​ទីតាញ៉ូម​នោះ ត្រូវ​កាប់​ព្រៃ​ឈើ​ជាង ២ ម៉ឺន​ហិកតា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា “ហើយ​ខ្ញុំ​សូម​បញ្ជាក់ កុំ​និយាយ​ពីអារ៉ែ​ង​ត​ទទៀត។ សិក្សា​មើល ឲ្យ​វាច្បាស់មើល! ហើយ​ខ្ញុំ​មាន​គោល​គំនិត​ថា ទោះបី​ជា​សិក្សា​ច្បាស់ ឬ​មិន​ច្បាស់​យ៉ាងណា​ក៏ដោយ ពីនេះ​ដល់​ឆ្នាំ​២០១៨ អត់​មាន​ទេ។ អត់​មាន​ឲ្យ​ធើ​ទេ។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា យើង​បាន​គិតគូ ថ្លឹងថ្លែង​រវាង​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច ជាមួយ​នឹង​បញ្ហា​បរិស្ថាន។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​រិះគន់​មិន​ចេញ​ឈ្មោះ តែ​សំដៅលើ​អាឡិច ក្នុង​សកម្មភាព​របស់​ជនជាតិ​អេស្ប៉ាញ​រូបនេះ ដែល​ការពារ​តំបន់​អារ៉ែង​កន្លងមក និង​បាន​រារាំង​មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៅ​តំបន់​អារ៉ែង។ លោក​នាយក​រដ្ឋ​មន្ត្រី គូស​បញ្ជាក់​ថា គ្មាន​បរទេស​ណា ស្រលាញ់​ខ្មែរ ជាង​ខ្មែរ​នោះទេ។ នៅ​ពេល​នេះ នៅ​ពេល​អាឡិច ចាក​ចេញពី​កម្ពុជា គឺ​លោក​ហ៊ុនសែន ប្រកាស​ថា អារ៉ែង ត្រូវ​បាន​ប្រជាជន​កម្ពុជា ស្រលាញ់​មួយ​ប្រទេស​ឯណោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​កុម្ភៈ ក្រុម​យុវជន ក្នុង​នាម​បណ្តាញ​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ជួប​ប្រជុំ នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ប្រកាស​ថា ពួកគេ​នៅតែ​បន្ត​សកម្មភាព​ក្នុង​បេសកកម្ម​ការពារ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង បើ​ទោះ​បី​ជា​ពេលនេះ មិន​មាន​វត្តមាន​របស់​លោក អាឡិច ជនជាតិ​អេស្ប៉ាញ ក៏ដោយ។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង ខណៈដែល​នៅ​អារ៉ែង មាន​តំណាង​ក្រុមហ៊ុន​ចិន ស៊ីន​ណូ ហាយ​ដ្រូ ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់។

យុវជន ម៉េង ហេង អ្នក​សម្របសម្រួល​បណ្តាញ​អង្គការ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ក្រុម​យុវជន មិន​ហាម​ឃាត់ ឬ​ជំទាស់​ទៅ​នឹង​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចិន​នោះទេ តែ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អារ៉ែង ត្រូវ​មាន​តម្លាភាព ហើយ​ផ្សព្វ​ផ្សាយ​ពី​លទ្ធផល ដោយ​សហការ​ជាមួយ​សហគមន៍​នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ