អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហ្វីលីពីន​អាងអ្វី បាន​ជា​ហ៊ាន​តទល់​នឹង​មហា​អំណាច​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​ហ្វីលីពីន​រាប់រយនាក់​បាន​តវ៉ា​ប្រឆាំង នៅថ្ងៃ​សុក្រ​ទី ១១​ឧសភានេះ នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ម៉ានីល ដើម្បី​បរិហារ​ពីការធ្វើទុក្ខបុកម្នេញ​របស់​ចិន​មក​លើ​ហ្វីលីពីន។ ប្រជាជន​ហ្វីលីពីន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​ឈប់​ប្រើអំណាច​ដើម្បី​រំលោភ​មកលើ​បូរណភាព​ទឹកដី​ហ្វីលីពីន​តទៅទៀត។ តើមាន​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​ចិន និង​ហ្វីលីពីន​កាន់តែ​ប្រឈមមុខ​ដាក់គ្នា?

ប្រជាជន​ហ្វីលីពីន​ធ្វើ​ការតវ៉ា​នៅមុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ម៉ានីល នៅថ្ងៃ​សុក្រ​ទី ១១​ឧសភា ២០១២
ប្រជាជន​ហ្វីលីពីន​ធ្វើ​ការតវ៉ា​នៅមុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ម៉ានីល នៅថ្ងៃ​សុក្រ​ទី ១១​ឧសភា ២០១២ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ចិន និង​ហ្វីលីពីន​បាន​ដំឡើង​សំឡេង​ដាក់គ្នា​ខ្លាំង ជាង​ពេលណា​ទាំងអស់។ ដើមហេតុ​ជម្លោះ គឺ​កើតមាន​តាំងពី​ដើម​ខែមេសា​កន្លងទៅ នៅពេល​នាវា​ចម្បាំង​ហ្វីលីពីន​បាន​ស្ទាក់​ទូកនេសាទ​ចិន ដែល​ចូល​ទៅ​នេសាទ នៅ​ជិត​កោះ Scraborough។ ប៉ុន្តែ ភ្លាមៗ នាវាល្បាត​ចិន​ពីរគ្រឿង​បាន​មក​ពាំង និង​រំដោះ​ទូកនេសាទ​ចិន​ចេញ​ទៅវិញ ដោយ​មិន​ឲ្យ​ទាហាន​ហ្វីលីពីន​ចាប់​ឃាត់ខ្លួន​បាន។ បន្ទាប់មក ភាគី​ជម្លោះ បាន​បញ្ជូន​នាវា​ល្បាត​ខ្លួន ឲ្យ​ទៅ​យាមប្រចាំ រៀងខ្លួន នៅ ប្រជុំកោះ​Scraborough។ ភាពតានតឹង​កាន់​តែ​មាន ដោយ​ហ្វីលីពីន​នៅ​បន្ត​បរិហារ​ចិន​ដែល​រំលោភ មក​លើ​ដែនទឹក​របស់ខ្លួន ចំណែក​ចិន​វិញ​ទើប​បាន​ព្រមាន​ប្រើ​កម្លាំងយោធា នៅក្នុង​ករណី​កើតមាន​ប្រទូស្តរាយ ដែល​ចិន​វាយតម្លៃថា អាច​កើតឡើង ដោយសារ​តែ​សកម្មភាព​បែប​ញុះញង់​របស់​ហ្វីលីពីន។

រហូតមក ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​ជា​ម្ចាស់​នៃ​សមុទ្រចិន​ភាគខាងត្បូង ទាំងមូល រហូត​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ភាគីជម្លោះ​ជាមួយ​ប្រទេស​នៅអាស៊ី​ដទៃទៀត ដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប៊្រុយណេ ជាដើម​ដែល​ទាមទារ​ធ្វើ​ជា​ម្ចាស់​មួយផ្នែក​របស់​ប្រជុំកោះ Paracels និង​Spratleys ដែល​ស្ថិតនៅក្នុង​សមុទ្រ​ចិន។ ក្នុង​ករណី​កោះ Scraborough ទីក្រុង​ប៉េកាំង បាន​បញ្ជាក់ថា ខ្លួន​ជា​ម្ចាស់​វា​ដោយ​ប្រាកដ​ណាស់ ព្រោះ​ចិន​បាន​ផ្អែក​ទៅលើ​ខ្សែ​ផែនទី​ដែនទឹក​ដែល​ធ្វើឡើង​នៅឆ្នាំ ១២៧៩ ក្នុង​សម័យ​រាជវង្ស​យ័ន (រាជវង្ស​ម៉ុងហ្គោល​ដែល​សោយរាជ្យ​គ្រប់គ្រង​ប្រទេស​ចិន​បាន​មួយរយៈពេលខ្លី)។

ចិន និង​ហ្វីលីពីន​មើលមុខ​កាន់តែមិនចំ។ ចាប់​តាំង​ពី​សប្តាហ៍មុន ប្រព័ន្ធ​ឃោសនា​ផ្លូវ​រដ្ឋ​ចិន ​មិន​បាន​បន្ធូរដៃ វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ហ្វីលីពីន។ តាមកាសែត​ចិន រដ្ឋាភិបាល​ហ្វីលីពីន​បាន​ធ្វើ​សកម្មភាព​មិន​ប្រមាណ​ខ្លួន ដោយ​ហ៊ាន​រំលោភ​ដែនទឹក​របស់​ចិន។ លើស​ពីនោះ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​នៅបាន​បំភាន់​ភ្នែក​អន្តរជាតិ និង​បាន​ជំរុញ​ឲ្យ​មាន​សកម្មភាព​ជាតិនិយម រហូតដល់​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ចិន​នៅថ្ងៃ​សុក្រនេះទៀត។ តាមកាសែត របស់​ក្រសួង​ការពារ​ជាតិ​ចិនវិញ កងទ័ពចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​រំលោភ​យក​ដែនទឹក​របស់​កោះ Scraborough​សូម្បី​មួយ​សង់ទីម៉ែត្រ។

ចិន និង​ហ្វីលីពីន​នៅបន្ត​ចោទដាក់គ្នា​ទៅវិញ ទៅមក និង​គ្មាន​ភាគី​ណាមួយ​ព្រម​ចុះចាញ់ និងយល់ព្រម​​ដក​កប៉ាល់​ល្បាត​របស់ខ្លួន​ចេញពី​ដែនទឹក​ជិត​កោះ Scraborough ទេ។ បើតាម​អាជ្ញាធរ​ហ្វីលីពីន សព្វថ្ងៃនេះ នៅជិត​កោះ Scraborough គេ​ឃើញ​មាន​នាវាល្បាត​របស់​ចិន​កើនឡើង​ដល់​៤គ្រឿង ដើម្បី​ចាំយាម​កប៉ាល់​នេសាទ​ចិន ដែល​ត្រលប់​មក​នេសាទ​នៅជិត​កោះ Scraborough ដែល​ហ្វីលីពីន​ទាមទារ​ជា​របស់ខ្លួន។

ហ្វីលីពីន​បាន​ទាមទារ​យក​ Scraborough​ថា ជា​របស់ខ្លួន​ដោយ​ពឹងផ្អែក​ទៅលើ​ច្បាប់​ដែនទឹក​អន្តរជាតិ​ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ។ តាមច្បាប់នោះ ប្រទេស​នីមួយៗ​អាច​ទាមទារ​ជាម្ចាស់​ដែនទឹក​ដែលស្ថិតនៅ​ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេ​របស់ខ្លួន។ ក្នុង​ជម្លោះលើកនេះ ហ្វីលីពីន​អះអាង​ថា កោះ Scraboroughជា​របស់ខ្លួន ព្រោះ​កោះនេះ​ស្ថិតនៅ​ប្រមាណ​តែ ២៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ដែនគោក​របស់ខ្លួន។ ចំណែក​ចិន​វិញ ស្ថិតនៅ​ឆ្ងាយណាស់​ពីកោះ Scraborough គឺ​ដល់​ទៅ​១២០០​គីឡូម៉ែត្រ​ឯណោះ។

កាលពី​សប្តាហ៍មុន អ្នកនាំពាក្យ​របស់​លោក​អាគីណូ ប្រធានាធិបតី ហ្វីលីពីន​បាន​និយាយ​ថា ហ្វីលីពីន​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន នៅតុលាការ​អន្តរជាតិ ស្តីពី​ដែនសមុទ្រ។ យ៉ាងណាក៏ដោយ វិបត្តិ​លើកនេះ​នឹង​មិនអាច​រក​​ច្រក​ចេញ​តាម​តុលាការ​អន្តរជាតិ​បានទេ ព្រោះថា ទីមួយ តុលាការ​នេះ​គ្មាន​សមត្ថិកិច្ច ដាក់​ពិន័យ​លើ​ភាគីណា ដែល​នឹង​មិនគោរព សាលក្រម​របស់​តុលាការ​ទេ។ ម្យ៉ាងទៀត គេ​ដឹងហើយថា ចិន​មិន​ដែល​ចង់​ដោះស្រាយ​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង តាម​ផ្លូវ​អន្តរជាតិ​ដែរ។ ចិន​ចង់​ដោះស្រាយ​ជម្លោះ តែ​ត្រឹម​ទ្វេភាគី គឺ​មិន​ឲ្យ​​ប្រទេសអន្តរជាតិ​ណាមួយ មកចូល​លូកដៃ។

ប្រទេស​អន្តរជាតិនេះ ដែល​ចិន​និយាយ​សំដៅ គ្មាន​ប្រទេស​ណាក្រៅតែ​ពី​អាមេរិក ដែល​ចិន​បាន​សង្កេត​ឃើញ​កំពុង​ពង្រីក​យុទ្ធសាស្រ្ត​របស់​ខ្លួន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ចិន​មិន​ពេញចិត្ត​ទេ ដែល​ឃើញ​អាមេរិក​ធ្វើ​សមយុទ្ធ កាលពី​ខែមុន ជាមួយ​ហ្វីលីពីន នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង គឺ​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​មាន​ជម្លោះ​ជាមួយ​ហ្វីលីពីន។

កាល​ពីថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ អនុរដ្ឋមន្រ្តី ការបរទេស​ចិន​ធ្លាប់​បាន​ព្រមាន​ទីក្រុង​ម៉ានីល ថា កំពុង​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ និង​ថា ចិន​បាន​រៀបចំ​រួចហើយ យុទ្ធសាស្រ្ត​យោធា ដើម្បី​ទប់ទល់​នឹង​ឧប្បតិ្តហេតុ ណាមួយ ដែល​បង្ក​ចេញ​មកពី​ហ្វីលីពីន។ កន្លងមក ហ្វីលីពីន​​ដែល​ជា​ប្រទេស​តូច គ្មាន​អំណាច​យោធា បើប្រៀបធៀប​នឹង​មហាអំណាច​ចិន បាន​ត្រឹម​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត ក្នុង​ជម្លោះដែនទឹក​ជាមួយ​ចិន​ម្តង។ ប៉ុន្តែ អំណើះ​តទៅ ហ្វីលីពីន​ដែល​បាន​ជំនួយ​គាំទ្រ​យោធា​(៥០០​លាន​ដុល្លារ​តាំងពី​ឆ្នាំ ២០០២) លែង​រួញខ្លួន នៅចំពោះ​មុខ​ចិន​ទៀតហើយ។ ការប្រឈមមុខ​ដាក់គ្នា ខាងផ្នែក​អាវុធ​រវាង​ហ្វីលីពីន និង​ចិន នឹង​អាច​កើតឡើង ប៉ុន្តែ គេ​នៅរង់ចាំ​មើល​ថា តើ​ប្រទេស​ទាំងពីរ​នៅ​មាន​ឆន្ទៈ​ដោះស្រាយ​វិបត្តិ​តាម​ការទូត បាន​ដល់​កម្រិត​ណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ