ព្រះវិហារ៖ កម្ពុជាបញ្ចេញប្រតិកម្មទប់ទល់នឹងសង្គ្រាមចិត្តសាស្ត្ររបស់ថៃ
ក្រសួងការបរទេសកម្ពុជាបានបញ្ចេញប្រតិកម្មជាផ្លូវការមួយនៅចុងសប្តាហ៍នេះ តបទៅភាគីថៃដោយពន្យល់យ៉ាងច្បាស់លាស់អំពីជំហររបស់ខ្លួនចំពោះបញ្ហាព្រះវិហារ។ ប្រតិកម្មនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមចិត្តសាស្ត្រនៅក្នុងប្រទេសថៃដែលកំពុងបោកបក់តាមរយៈព័ត៌មានភូតកុហក និងមួលបង្កាច់កម្ពុជា។ ក្រសួងការបរទេសកម្ពុជាយល់ឃើញថា គេគួរទុកឲ្យតុលាការសម្រេចដោយស្ងប់ស្ងាត់ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៩
ក្រោយពីបានផ្ញើឯកសារបន្ថែមទៅឲ្យតុលាការក្រុងឡាអេរួចមក ក្រសួងការបរទេសកម្ពុជាក៏បានបញ្ចេញប្រតិកម្មធ្ងន់ៗទៅកាន់ភាគីថៃ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅចុងសប្តាហ៍នេះ ក្រសួងការបរទេសកម្ពុជាបានកត់សម្គាល់ថា មានអ្នកនយោបាយ និងសារព័ត៌មានថៃជាច្រើនបានធ្វើអត្ថាធិប្បាយភូតកុហក និងមួលបង្កាច់កម្ពុជាជាច្រើនចំណុចទាក់ទងទៅនឹងសវនាការបកស្រាយសាលក្រមឆ្នាំ ១៩៦២ របស់តុលាការក្រុងឡាអេស្តីពីបញ្ហាព្រះវិហារ។
ឆ្លើយតបទៅនឹងសេចក្តីអត្ថាធិប្បាយទាំងនោះ ក្រសួងការបរទេសកម្ពុជាបានពន្យល់មួយចំណុចម្តងៗដល់សាធារណជនថៃវិញ។ ការបកស្រាយបានផ្តើមឡើង ដោយនិយាយពីផែនទីឧបសម្ព័ន្ធ១ដែលជាផែនទីធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង សៀម គឺមិនមែនជាផែនទីឯកតោភាគីរបស់បារាំងដូចដែលអ្នកនយោបាយថៃលើកឡើងនោះឡើយ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានសម្រេចចេញសាលក្រមឆ្នាំ១៩៦២ ដោយផ្អែកលើផែនទីឧបសម្ព័ន្ធ១នេះ គឺមិនមែនផែនទីបែងចែងខ្សែទឹកដូចថៃទាមទារនោះទេ។ បន្ទាប់មកទៀត នៅក្នុងទសវត្សរ៍ ៦០ ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានកំណត់តំបន់ព្រំដែនប្រាសាទព្រះវិហារ កម្ពុជាបានតវ៉ាជាបន្តបន្ទាប់។
រីឯការដាក់ពាក្យបណ្តឹងសុំឲ្យតុលាការបកស្រាយសាលក្រមឆ្នាំ ១៩៦២ ឡើងវិញនៅពេលនេះ គឺមិនមែនជាការទាមទារយកដី ៤.៦ គ.ម ក្រឡា ឬជាការតវ៉ាបញ្ហាព្រំដែនដូចភាគីថៃអះអាងឡើយ តែជាការសុំឲ្យតុលាការបកស្រាយអង្គច្បាប់ដែលថា ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដី ក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយថៃត្រូវតែដកកម្លាំងប្រដាប់អាវុធ នគរបាល ឬឆ្មាំចេញពីប្រាសាទ និងតំបន់ជុំវិញ។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកម្ពុជាយល់ឃើញថា វាជាការល្អដែលគួរទុកឲ្យតុលាការសម្រេចដោយស្ងប់ស្ងាត់ ហើយចៀសវាងការផ្សព្វផ្សាយព័ត៌មានភូតកុហក និងមួលបង្កាច់ដើម្បីរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ នេះជាប្រតិកម្មជាលាយលក្ខណ៍អក្សរលើកដំបូងហើយដែលកម្ពុជាបានធ្វើ ចាប់តាំងពីក្រោយសវនាការផ្ទាល់មាត់នៅឯតុលាការក្រុងឡាអេកាលពីពាក់កណ្តាលខែមេសាមក។
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី២៤ និង២៥មេសា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃក៏បានឆ្លៀតជួបពិភាក្សាគ្នាហើយព្រមព្រៀងថា នឹងរក្សាស្ថិរភាពដដែលនៅតាមព្រំដែន។ យ៉ាងណាក៏ដោយ ភាគីថៃនៅតែបំប៉ោងសង្គ្រាមចិត្តសាស្ត្រយ៉ាងខ្លាំងអំពីបញ្ហាព្រះវិហារដែលទាមទារឲ្យកម្ពុជាបញ្ចេញប្រតិកម្មទប់ទល់វិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ