អានតួអត្ថបទ
អូទ្រីស-អ៊ីរ៉ង់-អាមេរិក

នុយក្លេអ៊ែរ​អ៊ីរ៉ង់៖អាមេរិក​ចង់​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ដូច​កាល​កំណត់

សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​អាមេរិក អ៊ីរ៉ង់ និង​សហភាពអឺរ៉ុប​លើក​យក​ទៅ​ជជែក​ជា​ថ្មី​ នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ នា​ថ្ងៃ​ពុធ ទី១៥ តុលា។ កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ម៉ូហាម៉ាត ហ្សាវ៉ា ហ្សារីស និង​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​កាទ្រីន អាស្តុន។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ភាគី​អាមេរិក និង​ក្នុង​គោលដៅ​ស្វែង​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថានពរ​មួយ​ដូច​កាលកំណត់ ពោល​មុន​ថ្ងៃទី២៤ វិច្ឆិកា។

លោក​ប្រមុខ​ការទូតអាមេរិក ចន ឃ៊ែរី
លោក​ប្រមុខ​ការទូតអាមេរិក ចន ឃ៊ែរី REUTERS/Carolyn Kaster/Pool
ផ្សាយពាណិជ្ជកម្ម

តាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ដល់​ថ្ងៃ​ទី ២៤ វិច្ឆិកា​ខាង​មុខ ក្រុម​ប្រទេស ៥បូក១ និង​ប្រទេស​អ៊ីរ៉ង់​ត្រូវ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​មួយ​ដែល​ធានា​ពី​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់ និង​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​ពិត​ជា​យក​នុយក្លេអ៊ែរ​ទៅ​ប្រើ​នៅ​ក្នុង​វិស័យ​ស៊ីវិល​មែន។ តាម​រយៈ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​នេះ សហគមន៍​អន្តរជាតិ​នឹង​ត្រូវ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទំាង​អស់​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​នេះ​ក៏​នឹង​បិទបញ្ចប់​ទំាងស្រុង​នូវ​ភាព​ចម្រូងចម្រាស​គ្នា​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​ដែល​បាន​បំពុល​តំាង​ពី ១២ឆ្នំា​មក​ហើយ​ដែរ។

 
តែ​នា​ពេល​ថ្មីៗ​នេះ ថ្នាក់ដឹកនំាជាន់ខ្ពស់​អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​នីមួយៗ​អាច​បន្ត​ជជែក​គ្នា​ក្នុង​គោលដៅ​កាត់បន្ថយ​ចំណុច​ខ្វែង​គំនិត​គ្នា​ដែល​នៅ​សេសសល់។ តែ​ថ្នាក់ដឹកនំាជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ថ្លែង​ថា អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន​នៅ​ពេល​នេះ​មិនមែន​កិច្ចព្រមព្រៀង​សុំ​ពន្យារពេល​ទេ តែ​កិច្ចព្រមព្រៀង​ផ្តាច់ព្រ័ត​មួយ​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​បាន​មុន​ថ្ងៃទី២៤ វិច្ឆិកា។ ប្រភព​អាមេរិកំាង​ដដែល​បាន​បញ្ជាក់​ថា ភាព​មិន​ចុះ​សម្រុង​គ្នា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន។ ក្រុម​អ្នកឯកទេស​បាន​លើក​ឡើង​ថា បើ​និយាយ​ជា​លក្ខណៈ​បច្ចេកទេស គឺ​គ្មាន​អ្វី​ចោទ​ទៀត​ទេ តែ​ចំណោត​ខ្លំាង​លើ​ការ​សម្រេចចិត្ត​នយោបាយ។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​បញ្ជាក់​មុន​នឹង​លោក​ចាក​ចេញ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​ថា កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​នឹង​រក​ឃើញ​ដូច​កាលកំណត់ និង​បដិសេធ​មិន​និយាយ​ពី​ការ​ពន្យារពេល​ទេ។ តែ​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ថា កិច្ចចរចា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​ទទួល​យក​បាន​ទំាង​អស់​គ្នា។ ចំណែក​លោក​ប្រមុខ​ការទូត​រស្ស៊ី​វិញ​បាន​អះអាង​ថា គេ​គួរ​តែ​ឈប់​និយាយ​ពី​ថ្ងៃទី២៤ វិច្ឆិកា ព្រោះ​វា​មិនមែន​ជា​ថ្ងៃ​សក្ការៈ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ