អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នៅ Sochi ប្រទេស​រុស្ស៊ី ៖ ល្បែង​ភ្នាល់ របស់​លោក​ ពូទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​ទី ៧ កុម្ភៈ​រហូត​ដល់​ថ្ងៃទី ២៣​កុម្ភៈ មាន​ប្រព្រឹត្ត​ទៅការ​ប្រកួត​កីឡា​អូពិក​រដូវ​ត្រជាក់​នៅ​ក្រុង​Sochi ប្រទេស​រុស្ស៊ី។ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​យក​ការ​ប្រកួត​កីឡា​នេះ មក​ធ្វើ​ជា​តំណាង​ដ៏​សំខាន់​នៃ​ការ​វិលត្រលប់​​របស់​រុស្ស៊ី​ នៅ​លើ​ឆាក​អន្តរជាតិ និង​ប្រតិបត្តិការ​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​រូបភាព​បុគ្គល​​​ផ្ទាល់ ប៉ុន្តែ​នេះ​ជា​ល្បែង​ភ្នាល់​ដ៏​គ្រោះថា្នក់​មួយ​សម្រាប់​លោក​ប្រធានាធិបតី​រុស្ស៊ី។

ស្លាក​សញ្ញា​កីឡា​អូឡាំពិក​រដូវ​ត្រជាក់នៅ​ Sochi ប្រទេស​រុស្ស៊ី ឆ្នាំ​២០១៤
ស្លាក​សញ្ញា​កីឡា​អូឡាំពិក​រដូវ​ត្រជាក់នៅ​ Sochi ប្រទេស​រុស្ស៊ី ឆ្នាំ​២០១៤ http://www.sochi2014.com
ផ្សាយពាណិជ្ជកម្ម

លោក វ្លាដេមៀ ពូទីន កាន់​អំណាច​នៅ​រុស្ស៊ី​តាំង​ពី ១៤​ឆ្នាំ​មក បាន​ប្រើ​គ្រប់​មធ្យោបាយ​ គ្រប់​ឥទ្ធិពល​និង​ប្រាជ្ញា​ស្មារតី កាលពី​ឆ្នាំ​២០០៧ ដើម្បី​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​កីឡា​អូឡាំពិក​នេះ។ កីឡា​ដែល​នឹង​ត្រូវ​ចាប់​បើក​កម្មវិធី​នៅ​ថ្ងៃសុក្រ​ទី ៧​កុម្ភៈ នៅ​ទីក្រុង​Sochi ក្រុង​មាត់​សមុទ្ទ​ខ្មៅនិង​នៅ​តំបន់​ភ្នំ Caucase ជាព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ របស់​រុស្ស៊ី គិត​ចាប់​តាំង​ពី​របប​សភាព​សូវៀត​រលំរលាយ​នៅ​ឆ្នាំ​១៩៩១។

គឺ​រូប​លោក​ប្រធានាធិបតី​ផ្ទាល់​តែ​ម្តង​ ជា​អ្នក​ជ្រើសរើស​ភាព​យន្ត​ មក​ចាក់​ផ្សាយ​ក្នុង​ឱកាស​បើក​កម្មវិធី។ បុរស​ខ្លាំង​រុស្ស៊ី​ម្នាក់​នេះ បាន​ថែម​ទាំង​សន្យា​ថា នឹង​ធ្វើ​ឱ្យ​ពិភពលោក​ឱ្យ​ភ្ញាក់​ផ្អើល​កោត​សរសើរ​អំពី​សមត្ថភាព​ និង​លទ្ធភាព​របស់​រុស្ស៊ី ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​កីឡា​ថា្នក់​ពិភពលោក ដោយ​បាន​ស្ថាបនា​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ដោយ​​ត្រូវ​ទទួល​ភ្ញៀវ​មក​គ្រប់​ជ្រុង​នៃ​ភព​ផែនដី។

លោកពូទីន បានយក​ព្រឹត្តិការណ៍​កីឡា​នេះ​មក​ធ្វើ​ជា​អាទិភាព​​​យុទ្ធសាស្ត្រ​មួយ ព្រោះ​បន្ទាប់​ពី​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​ហើយ ក្រុង​Sochi​ដដែល​នេះ​នឹង​ត្រូវ​ទទួល​រៀប​ចំ​ការ​ប្រកួត​កីឡា​ប្រណាំង​ឡាន​Formular Oneទៀត​នៅ​ចុង​ឆ្នាំ​ និង​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភពលោក​នៅ​ឆ្នាំ​២០១៨។​

ទទួល​រៀប​ចំកីឡា​អូឡាំពិក​នៅ​រុស្ស៊ី​នេះ ក៏​ត្រូវ​បាន​អ្នក​វិភាគ​​នយោបាយ​ស្និទ្ធ​នឹង​ក្រុង​ក្រេម​ឡាំង​​យល់​ថា​ជា​ គម្រោង​​បុគ្គល​ដែល​លោក​ពូទីន ចង់​ចារ​ឈ្មោះ​ឱ្យ​ជាប់​ក្នុង​ប្រវត្តិសាស្ត្ររុស្ស៊ី និង​មាន​​សរសេរពី​លោក​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ។

កាលពី​ឆ្នាំ​២០០៧ ប្រជាប្រិយភាព​លោកពូទីន បាន​ឡើង​ខ្ពស់​ដល់​ជិត ៨០% កំណើន​សេដ្ឋកិច្ច​ក៏​ស្ទុះ​លឿន​ថ្លេវ ក្នុង​កំរិត​ ៧-៨%​ ហើយ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​រុស្ស៊ី​ក៏​គ្មាន។ ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​ប្តូរ​ផ្លាស់ ...

ថ្ងៃ​នេះ គេពិបាក​ជឿ​ណាស់​ថា​រុស្ស៊ី​កំពុង​ដើរ​ក្នុង​ផ្លូវ​ល្អ​នោះ ?! ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​អូសជើង កើន​តែ​ប្រមាណ​១% តម្លៃ​រូបិយបណ្ណ ដាំក្បាលចុះ​បើ​ប្រៀប​នឹង​ប្រាក់​ដុល្លារ​ឬ​ប្រាក់​អឺរ៉ូ បង្ក្រាប​ឥត​ស្វាង​ចលនា​ប្រឆាំង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បរិហារ​ឥត​ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​​​។

កម្មវិធី​កីឡា​កាន់​ខិត​មក​ដល់ លោកពូទីន​កាន់​តែ​​រន្ថាន់​ ! ការរិះគន់​មាន​កាន់​តែ​ច្រើន​ឡើងៗ ​លើ​​​ចំណាយ​​ដ៏​មហិមា​​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​កីឡា​អូឡាំពិក និង​​អំពើ​រលួយ​ពុក​ក្នុង​ការ​ចាត់​ចែង​ប្រើ​ប្រាស់​កញ្ចប់​ថវិកា ប្រមាណ​​៥០ពាន់​លានដុល្លារ​ ដើម្បីកែប្រែ​តំបន់​ព្រៃ​ភ្នំ​កូកាស​ គ្មាន​ការ​អភិវឌ្ឍន៍ ចម្ងាយ​ប្រមាណ​តែ​ពីរ​បី​រយ​គីឡូម៉ែត្រ​ពី​សាធារណរដ្ឋ​កូកាស​​អស្ថិរភាព ទៅ​ជា​តំបន់​កីឡា​​​កំរិត​ពិភពលោក។

ទោះ​បី​ជា​មាន​វិធានការ​សុវត្ថិភាព​យ៉ាង​សម្បើម​ក្រៃ ក៏​ការ​គំរាម​កំហែង​ភេរវកម្ម​ពី​សំណាក់​ពួក​អ៊ីស្លាម​ជ្រុល​និយម​កូកាស ក្នុង​ពេល​កំពុង​ប្រកួត​កីឡា​នៅ​មាន​ គ្រប់​ប្រទេស​ដែល​មាន​កីឡាករ​ចូល​រួម​សុទ្ធ​តែ​មាន​ការព្រួយ​បារម្ភ​នឹង​បញ្ហា​សុវត្ថិភាព​​ទាំង​អស់។ លើស​ពី​នេះ​ទៅ​ទៀត​ ច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង។ ការ​រិះគន់ និង​​បាតុកម្ម​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ មាន​កាន់​តែ​ច្រើន នៅពេល​ការ​ប្រកួត​កីឡា​ជិត​ចាប់​ផ្តើម។

ដូច្នេះ សម្រាប់​ក្រសៃ​ភ្នែក​អ្នកវិភាគឯករាជ្យ កីឡា​អូឡាំពិក​នេះគឺ​ជា​វិញ្ញាសា​មួយ​ដែល​លោកពូទីន​ត្រូវ​ជម្នះ​ឱ្យ​បាន ហើយ​ពេល​នេះ​លោកពូទីន​ទំនង​ជា​កំពុងមាន​អារម្មណ៍​រន្ថាន់ ប្រៀប​​ដូចជា​​និស្សិត​ហៀប​​​ចូល​​បន្ទប់​ប្រលង។ ដូច្នោះ​បើ​ប្រសិន​បើ​មាន​អ្វីកើត​ឡើង​តែ​បន្តិច​ ពិត​ជា​ប្រលង​ធ្លាក់​មិន​ខាន។

កីឡាអូឡាំពិក​នឹង​បង្ហាញថា​រុស្ស៊ី ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ដែរ ប៉ុន្តែ​សំណាង​ជួប​បរាជ័យ​ដូច​ជា​មាន​ច្រើន​ជាង​ការ​ប្រមូល​ផល ព្រោះ​ស្ថានភាព​ជាក់​ស្តែង​ប្តូរ​ផ្លាស់ រុស្ស៊ី​ពេល​រៀបចំ​កីឡា ខុស​ពី​រុស្ស៊ី​កាលជា​ប្រទេស​បេក្ខជន ក្នុង​ឆ្នាំ​២០០៧។ ​រុស្ស៊ី និង​​លោកពូទីន​​ពេល​នោះ ខុស​ពី​ពេល​នេះ។ គ្មាន​នរណា​អនុគ្រោះ​ឱ្យ​បាន​ទៀត​ទេ គេ​រង់​ចាំ​តែ​ចាប់​កំហុស​ប៉ុណ្ណោះ ជាពិសេស​នៅ​ចំពោះ​មុន​ការ​រំលោភ​សិទ្ធិមនុស្ស​ អំពើ​ពុក​រលួយ​ និង​រលក​នៃ​ការ​ស្អប់​ខ្ពើម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។ល។ និង​។ល។

ក៏​ប៉ុន្តែ​កីឡា​នៅ​តែ​ជា​កីឡា ! កីឡាអូឡាំពិក Sochi ​នឹងមិន​​​ប្តូរ​រូបភាព​រុស្ស៊ី​ក្នុង​ពិភពលោក​ឡើយ ! ការ​តាមដាន​ការ​ប្រកួត​នៅ​តែ​សកម្ម ព្រោះ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​គួរ​ឱ្យ​ចង់​គយ​គន់ និង​ប្រកប​ដោយ​ជំនក់​ចិត្ត​សម្រាប់​អ្នក​សេ្នហា​កីឡា​ ដូច​កំពុង​មើល​សង្គ្រាមប្រយុទ្ធ​គ្នា​រវាង​ប្រទេស​និង​ប្រទេស ក្នុង​ស្តាត​ តែ​ជា​សង្គ្រាម​ដែល​គ្មាន​ប៉ះពាល់​ដល់​ព្រំដែនគំនិត និង​មិន​ប្តូរ​ដែនដី​នៃ​ការ​ចង​ចាំ។ ជាក់​ស្តែង កីឡាអូឡាំពិក​ កាល​នៅ​សារ៉ាយេវោ មិន​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិលក្នុង​ប្រទេស​នោះទេ ហើយនៅ​អាថែន ក៏​មិន​បាន​បញ្ចៀស​ក្រិក​ឱ្យ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ នៅ​ប៉េកាំង​ក៏​ដូចគ្នា គឺ​មិន​បាន​ធ្វើ​ឱ្យ​ទីបេ​បាន​សេរីភាព និង​គាស់​​វិបត្តិ​ធានអាន់មៀន​ឱ្យ​រស់​ឡើង​វិញ​ដែរ។ អ្វី​ដែល​គេ​អាច​សង្ឃឹម​បាន​ គឺ​ព្រឹត្តិការណ៍​ពិភពលោក​នេះ អាច​ចម្លង​ បញ្ជូន​ទៅ​ឱ្យ​របប​ដឹកនាំ​ផ្តាច់​ការ​នូវ​មេរោគ​ និង​រសជាតិ​​នៃ​ការ​ទទួល​ស្គាល់​​ពី​សំណាក់​អន្តរជាតិ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ