អានតួអត្ថបទ
រុស្ស៊ី-អូឡាំពិក

ទៅទល់ពេល​បើក​ការប្រកួត​កីឡា​អូឡាំពិក នៅ​ក្រុង​រុស្ស៊ី Sochi សល់​១​ឆ្នាំ​គត់

ទាក់ទង​នឹង​កាលបរិច្ឆេទ​នេះ នៅក្រុង Sochi ផ្ទាល់ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​លោក​ប្រធាន “គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ” Jacques Rogge បាន​រួមគ្នា​យក​ម្រាម​ដៃ ចុច”ប៊ូតុង​ជា​និមិត្តរូប” ដាក់​ឲ្យ​ដើរ ម៉ោង​ដែល​រត់​បន្ថយ​១​វិនាទី​ម្តងៗ ពេល​ដែល​នៅ​សល់ ទៅ​ទល់​ថ្ងៃ​សម្ពោធ “ល្បែង​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​លើក​ទី​២២” នៅ​រុស្ស៊ី គឺ​ថ្ងៃ​៧​កុម្ភៈ​ឆ្នាំ​២០១៤។

ពិធី​សម្ពោធ​ដាក់​នាឡិកា​រាប់​ថ្ងៃ​បើក​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​លើក​ទី​២២​នៅ​រុស្ស៊ី
ពិធី​សម្ពោធ​ដាក់​នាឡិកា​រាប់​ថ្ងៃ​បើក​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​លើក​ទី​២២​នៅ​រុស្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងពិធីដាក់ឲ្យដើរ​យ៉ាង​ឧឡារឹក នាឡិកា​ដែល​ចង្អុល​ម៉ោង​នោះ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី សង្កត់​ធ្ងន់​ថា ប្រទេស​រុស្ស៊ី​នឹង​ធ្វើ​សព្វ​បែប​យ៉ាង ឲ្យ​បាន​សម​នឹង​ការសម្រេច​របស់ “គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ” កាលពី​ខែ​កក្កដា​ឆ្នាំ​២០០៧ ដែល​បាន​ប្រគល់​ទំនុក​ទុកចិត្ត មក​លើ​រុស្ស៊ី ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល “ល្បែង​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​លើក​ទី​២២” ហើយ​រុស្ស៊ី នឹង​លើក​កីឡា​ពិភពលោក​នេះ ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី មាន​គុណភាព​កាន់តែ​ខ្ពស់។

លោក Jacques Rogge ប្រធាន​”គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ” ​ពី​ចំណែក​ខ្លួន សំដែង​នូវ​ជំនឿ​ជឿ​ជាក់​ថា ការរៀបចំ​ដោយ​រុស្ស៊ី ដើម្បី​ទទួល​ព្រឹត្តិការណ៍​ដែល​មាន​ន័យ​ពិភពលោក​នេះ នឹង​ចប់​បាន​ទាន់​ពេល​វេលា យ៉ាង​ជោគជ័យ។

ពេញមួយថ្ងៃ​៧​កុម្ភៈ​ម្សិលមិញ ការដាក់​ឲ្យ​ដើរ​នាឡិកា​បែប​នេះ បាន​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ នៅ​តាម​ក្រុង​រុស្ស៊ី​ធំៗ ចំនួន​៨​ទៀត តាំង​ពី​ចុង​បូព៌ា រហូត​ដល់​ប៉ែក​ខាង​លិច​នៃ​ប្រទេស ក្នុង​នោះ ប្រាកដណាស់ មាន​រដ្ឋធានី​ម៉ូស្គូ ជាដើម ជាទី​ដែល​វា​ត្រូវ​បាន​ដំឡើង នៅ​ចំ​កណ្តាល​ក្រុង​តែ​ម្តង លើ​ទីលាន នៅ​ខាង​ឆ្វេង​ពី​កំពែង​វិមាន​ក្រេមឡាំង។ នាឡិកា ដែល​ដាក់​ឲ្យ​រាប់​ពេល​នៅ​សល់ ទៅ​ទល់​ថ្ងៃ​បើក​កីឡា​អូឡាំពិក​នោះ គឺ​សុទ្ធ​តែ​ជា​ម៉ាក Omega ដ៏​ល្បីល្បាញ វា​មាន​កំពស់​៦​ម៉ែត្រ បណ្តោយ​៤​ម៉ែត្រ​៤​តឹក ទទឹង ២​ម៉ែត្រ​២​តឹក ទម្ងន់ ៧​តោន​និង​៨០០​គីឡូក្រាម។ វាអាច​ដើរ​ទោះ ក្នុង​ធាតុ​អាកាស​ត្រជាក់ ចុះ​ដល់​៤០​អង្សា ក្រោម​សូន្យ​ក៏​ដោយ។

ការប្រកួតកីឡា​អូឡាំពិក​រដូវ​ត្រជាក់​លើក​ទី​២២ នឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃ​ទី​៧​ដល់​ទី​២៣​ខែ​កុម្ភៈ ឆ្នាំ ២០១៤ នៅក្រុងSochi ឯមាត់​សមុទ្រ​ខ្មៅ ជា​តំបន់​ខាងជើង​ភ្នំ​កូកាស ជាទី ដែល​មាន​សង់​បាន​យ៉ាង​ច្រើន​ទៅ​ហើយ កន្លែង​សម្រាប់​ប្រណាំង​គ្នា ខាង​លោតSki ខាង​រំអិល​ចុះ​តាម​ជម្រាល​ខ្នង​ភ្នំ និង ខាង​ប្រកួត​កីឡា​រដូវ​ត្រជាក់ ច្រើន​មុខ​ទៀត។ ក្រុង Sochi ស្ថិត​នៅ​ចម្ងាយ ១.៦៨០គ.ម. ខាង​ត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ។

ដើម្បី​សាងសង់​ឡើង ជាកីឡាដ្ឋាន​ចម្បង​សម្រាប់​ល្បែង​នេះ ជា​ទី​ប្រកួត​ចំនួន​១៣​កន្លែង​ក្នុង​ភ្នំ ជា​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ​រថភ្លើង ស្ពាន រូង​ឧម្មង្គ​ឆ្លង​កាត់​ក្រោម​ភ្នំ ស្ថានីយ​អគ្គិសនី​បន្ថែម បណ្តាញ​សណ្ឋាគារ ពង្រីក​អាកាសយានដ្ឋាន​នៅ​ទីនោះ រដ្ឋ​រុស្ស៊ី​ចំណាយ​សរុប​ទៅ​អស់ ៥០.០០០​លាន ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ប៉ុន្មាន​ដង​ឯណោះ នៃ​ទំហំ “ផលិតផល​សរុប​ក្នុង​ប្រទេស” ហៅ​កាត់ថា GDP របស់​កម្ពុជា។

នឹង​ចូលរួម​ប្រកួត​ខាង​មុខ​កីឡា​រដូវ​ត្រជាក់ នៅ​ក្រុង​រុស្ស៊ី Sochi ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ គឺ កីឡាករ កីឡាការិនី ប្រមាណ ៦.០០០នាក់ មកពី ៨០ប្រទេស។

តាំងពីម្សិលមិញ​ទៅហើយ រុស្ស៊ី ចាប់លក់​សំបុត្រ សម្រាប់​ចូល​មើល​ការប្រកួត​នោះ ដែល​តម្លៃ​វា គឺ ពី​១៧​ដុល្លារ រហូត​ដល់ ១.៧០០ដុល្លារ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ