អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អាមេរិក

រុស្ស៊ី​បដិសេធ​​ថា​មិនបាន​រំលោភ​ដែន​អាកាស​អ៊ុយក្រែន​ទេ​

ប្រឈមនឹង​ការ​ចោទ​ប្រកាន់​របស់​មន្ទីរ​ប៉ង់តាហ្កូន​ ថា​យន្តហោះរុស្ស៊ី​ច្រើនគ្រឿង​បានចូល​លុករំលោភក្នុង​ដែន​អាកាស​អ៊ុយក្រែន​ នៅថ្ងៃ​សៅរ៍នេះ រុស្ស៊ីបាន​បដិសេធ​ថា មិនបាន​រំលោភដែន​អាកាស​អ៊ុយក្រែន​ទេ។ ​រុស្ស៊ី​បាន​សុំ​អោយ​មានការដោះលែង​អ្នក​សង្កេតការណ៍​អង្គការ​​​សន្តិសុខ​និង ​​សហប្រតិបត្តិការ​អឺរ៉ុប OSCE ១៣រូប ដែល​សកម្មជន​ផ្តាច់ទឹកដី​និយម​នៅ​ក្រុងស្លាវីយ៉ង់​ចាប់​ខ្លួន កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។ ​ក្រុម​អ្នកចរចា​អង្គការ​​ OSCE បាន​ធ្វើដំណើរ​​ទៅ​ក្រុងស្លាវីយ៉ង់ដើម្បី​​​​​​​សម្រេច​អោយ​មាន​ ការដោះលែងអ្នកសង្កេតការណ៍​ខ្លួន​នេះ។

សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​ ក្រុង​ Slaviansk
សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​ ក្រុង​ Slaviansk REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍នេះ ​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឆ្លើយតប​ទៅ​នឹងមន្ទីរប៉ង់តាហ្កូន​ថា រុស្ស៊ី មិនបាន​​រំលោភ​ចូលដែនអាកាស​អ៊ុយក្រែន ដូច​ដែល​អាមេរិក​បាន​ចោទប្រកាន់​នោះទេ។ យោងតាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី​​ ផ្នែកត្រួតពិនិត្យ​រុស្ស៊ី​មិនបាន​ពិនិត្យ​ឃើញ​មាន​ការរំលោភដែនអាកាស​ក្នុងប្រទេស​ជិតខាង​រុស្ស៊ី​នោះទេ។ មន្ទីរប៉ង់តាហ្កូន​​បានប្រាប់​កាលពីថ្ងៃ​សុក្រ​ថា យន្តហោះ​រុស្ស៊ី​ជាច្រើនគ្រឿង​បានលុកចូលក្នុង​ដែនអាកាស​អ៊ុយក្រែន ជាច្រើន​ដង​ ក្នុង​រយៈពេល​២៤ម៉ោង​ចុងក្រោយ​នេះ។ ប៉ុន្តែ មិនបានប្រាប់ថា តើ​យន្តហោះ​ទាំងនោះ​ចូលទៅ​ទីណា រឺពេលណា​ពិតប្រាកដ​នោះទេ។ នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក​អាតសេនី ឡាតសេនីញុក ក៏បានចោទថា​ យន្តហោះយោធា​រុស្ស៊ី​បាន​រំលោភ​ដែនអាកាស​អ៊ុយក្រែន​ផងដែរ។

អាមេរិក​ សហភាពអឺរ៉ុប ​និងរុស្ស៊ី​តែង​ចោទគ្នាទៅវិញទៅមក​ ថា​បង្កអោយ​មាន​​ភាពតានតឹង​នៅអ៊ុយក្រែន។ នៅថ្ងៃ​ចន្ទ​​​២៨មេសា​នេះ ប្រទេស​សហភាព​អឺរ៉ុប​ទាំង​២៨​នឹង​ពិភាក្សា​គ្នា នៅក្រុងព្រុចសែល​ ពី​ទណ្ឌកម្ម​ថ្មីៗ​ដែល​ត្រូវដាក់​ប្រឆាំង​រុស្ស៊ី ចំពោះ​ទង្វើ​រុស្ស៊ី​នៅអ៊ុយក្រែន។

នៅ​ថ្ងៃ​សៅរ៍នេះ រុស្ស៊ី​បាន​សុំអោយ​​មានការ​ដោះលែង​​អ្នកសង្កេតការណ៍​​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​១៣រូប ដែល​សកម្មជន​​​ផ្តាច់ទឹកដី​និយម​នៅ​ក្រុងស្លាវីយ៉ង់ ភាគ​ខាងកើត​​ បានចាប់ទៅ​កាលពីថ្ងៃ​សុក្រ។ ក្នុងចំណោម​អ្នកសង្កេតការណ៍ទាំងនេះ​​ ​មាន​ជនជាតិ​អាល្លឺម៉ង់​ ស៊ុយអែត ប៉ូឡូញ​ ​ណាណឺម៉ាក ​និងឆែក​​ រួមទាំងជនជាតិ​​អ៊ុយក្រែន​ផងដែរ។ សកម្មជន​ផ្តាច់​ទឹកដី​​និយម​បានចោទពួកគេ​ថា ជា​​ចារកិច្ច​របស់​​អង្គការ​អូតង់។ ដើម្បី​ដោះលែង​​ពួកគេ សកម្មជន​ផ្តាច់ទឹកដី​និយម​ទាមទារ​អោយ​មានការដោះលែង​សកម្មជន​​ខ្លួន ដែល​អាជ្ញាធរ​ក្រុងគៀវ​ចាប់ដាក់​ពន្ធនាគារ​ផងដែរ។ ​

​នៅតំបន់​ដូណេត​ភាគខាងកើត​អ៊ុយក្រែន​វិញ​ ​មេដឹកនាំ​​តំបន់​ គឺលោក​ ដឺនី ពូឈីលីន បាន​ប្រាប់ថា ​ការបោះឆ្នោត​ប្រជាមតិ​​​ស្តីពី​ការ​ប្រកាស​ឯករាជ្យភាព​​តំបន់​ដូណេត នឹង​​​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​១១ឧសភា​ខាងមុខ​នេះហើយ។ ក្រោយ​ប្រជាមតិ​នេះ នឹងមាន​ការបោះឆ្នោត​​ដើម្បី​សម្រេច​ថា តើ​អ្នកណា​ត្រូវគ្រប់គ្រង​​តំបន់​ដូណេត នៅពេល​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ