អានតួអត្ថបទ
កម្ពុជា

សហភាព​អឺរ៉ុប​៖ សង្គម​ស៊ីវិល​គឺ​ជា​ទ្រព្យ​អភិបាលកិច្ច​របស់​រដ្ឋាភិបាល​

សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​ ​បាន​​រៀបចំ​​សិក្ខាសាលា​​២​​ថ្ងៃ​​មួយ​​ស្តី​ពី​​សិទ្ធិ​មនុស្ស​និង​​លទ្ធិ​​ប្រជាធិបតេយ្យ។​​ សិក្ខា​សាលា​​ដែល​​គាំទ្រ​​ដោយ​​សហភាព​អឺរ៉ុប​​កំពុង​​ផ្តោត​​ទៅ​លើ​​ស្ថានភាព​​​នៃ​​ដំណើរ​ការ​​បោះឆ្នោត​ ការ​គោរព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​សេរីភាព​​នៃ​​ការ​​បញ្ចេញ​​មតិ​ និង​​សិទ្ធិ​​នៃ​​ការ​​ធ្វើ​​សកម្មភាព​​របស់​​អង្គការ​​សង្គម​​ស៊ីវិល។​ ប្រធាន​​ប្រតិភូ​​នៃ​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា​​លោក ​Jean-François CAUTAIN​ ថ្លែង​​ផ្តល់​​សារៈ​សំខាន់​​ដល់​​វត្តមាន​​របស់​​សង្គម​​ស៊ីវិល​​នៅ​​កម្ពុជា​ដែល​​ត្រូវ​​ចាត់​ទុក​ថា ជា​​ជើង​ម្ខាង​​របស់​​កម្ពុជា​​ដើម្បី​​ទប់​ខ្លួន​​កម្ពុជា​​អោយ​​នឹង។​

សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​ ​បាន​​រៀបចំ​​សិក្ខាសាលា​​២​​ថ្ងៃ​​មួយ​​ស្តី​ពី​​សិទ្ធិ​មនុស្ស​និង​​លទ្ធិ​​ប្រជាធិបតេយ្យ
សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​ ​បាន​​រៀបចំ​​សិក្ខាសាលា​​២​​ថ្ងៃ​​មួយ​​ស្តី​ពី​​សិទ្ធិ​មនុស្ស​និង​​លទ្ធិ​​ប្រជាធិបតេយ្យ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ធាតុ​ផ្សំ​ជា​ច្រើន​នៃ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​លោក Jean-François CAUTAIN បាន​ផ្តោត​អារម្មណ៍​ចំពោះ​ការ​ផ្តល់​តម្លៃ​ដល់​ការងារ​របស់​សង្គម​ស៊ីវិល។ ការ​កត់សម្គាល់​របស់​តំណាង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​២​ថ្ងៃ​ដែល​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ថ្ងៃ​ចន្ទ​នេះ។

សម្រាប់​លោក Jean-François CAUTAIN កម្ពុជា​ត្រូវ​ឈ​រលើ​មូលដ្ឋាន​​ពីរ​ដែល​ជា​ជើង​ដ៏រឹងមាំ​របស់​ខ្លួន ​នោះគឺ​ជើង​ម្ខាង​ជា​រដ្ឋាភិបាល និង​ជើង​ម្ខាងទៀត​ជា​សង្គម​ស៊ីវិល។ អាច​ជា​សារ​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា “ជា​ទស្សនៈ​របស់​យើង​ខ្ញុំ សង្គម​ស៊ីវិល​ប្រកប​ដោយ​ភាព​រស់​រវើកនៅ​កម្ពុជា គឺ​ជា​ទ្រព្យ​អភិបាល​កិច្ច​ដ៏​មាន​តម្លៃ​មួយ​របស់​កម្ពុជា ហើយ​កម្ពុជា​នឹង​ត្រូវ​បាន​កោត​សរសើរ​ចំពោះ​ការ​មាន​ទ្រព្យ​ដ៏​មាន​តម្លៃ​នេះ។

តំណាង​សហភាព​អឺរ៉ុប​កំពុង​ថ្លែង​អំពី​សារៈសំខាន់​នៃ​សង្គម​ស៊ីវិល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស។

អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​លោក​ទិត សុធា​បាន​អត្ថាធិប្បាយ សេចក្តីថ្លែងការណ៍​របស់​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​បើក​ចំហនិង​ផ្តល់​សិទ្ធិសេរីភាព​អោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​៣០០០​អង្គការ​​កំពុង​ធ្វើ​សកម្មភាព​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​រួច​ហើយ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​២​ខែ​ទៀត នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល។ លទ្ធផល​នៃ​សិក្ខាសាលា​២​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រមូល ហើយ​បង្ហាញ​អោយ​ភាគី​រដ្ឋាភិបាល​បាន​ឃើញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ