អានតួអត្ថបទ
ចិន-ជប៉ុន

លោក​ស្ហ៊ីនហ្សូ អាបេ៖ ទីប្រជុំកោះ​សេនកាគូ​ជា​​ដែន​អធិបតេយ្យ​​របស់​ជប៉ុន​ដែល​មិនអាច​ចរចា​បាន

នៅ​ថ្ងៃចន្ទ ទី១៧ ធ្នូនេះ លោក​លោក ស្ហ៊ីនហ្សូ អាបេ ប្រធាន​គណបក្ស​អភិរក្សនិយម និង​ជា​អនាគត​នាយករដ្ឋមន្រ្តី​ជប៉ុន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ទីប្រជុំកោះ​សេនកាគូ គឺ​ជា​ដែន​អធិបតេយ្យ​​របស់​ជប៉ុន​ដែល​មិន​អាច​ចរចា​ជាមួយ​ប្រទេស​ចិន​បាន​ទេ។ គួរ​ជម្រាប​ជូន​ថា ទីប្រជុំកោះ សេនកាគូ ដែល​ចិន​ហៅ​ថា ទាវយូ​កំពុង​ក្លាយ​ជា​ជម្លោះ​ដណ្តើម​គ្នា​យ៉ាង​តានតឹង​រវាង​ជប៉ុន និង​ចិន។ ចិន ​ដែល​ខណៈ​នេះ និង​ក្រោយ​ពី​គណបក្ស​អភិរក្សនិយម​ទទួល​បាន​ជោគជ័យ​នា​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ម្សិលមិញ​មក កំពុង​ព្រួយបារម្ភ​ពី​ស្ថានការ​នយោបាយ​ប្រែប្រួល​នៅ​ក្នុង​ប្រទេស​ជប៉ុន ក្រោម​ការ​កាន់​កាប់​របស់​លោក​ស្ហ៊ីនហ្សូ អាបេ។

លោក​ ស្ហីនហ្សូ អាបេ (Shinzo Abe) ប្រធានគណបក្ស​អភិរក្ស​និយម​ជប៉ុន
លោក​ ស្ហីនហ្សូ អាបេ (Shinzo Abe) ប្រធានគណបក្ស​អភិរក្ស​និយម​ជប៉ុន RFI/Trong Nghia
ផ្សាយពាណិជ្ជកម្ម

 

គ្រាន់តែ​គណបក្ស​របស់​លោក​បាន​ឈ្នះឆ្នោត​ភ្លាម អនាគត​នាយករដ្ឋមន្រ្តី​ជប៉ុន បានបញ្ចេញ​សំឡេង​ ព្រមាន​ចិន​ភ្លាមៗ ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ។ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃ​ចន្ទ​នេះ លោក ស្ហ៊ីនហ្សូ អាបេ បាន​បញ្ជាក់​ច្បាស់ៗ​ថា ប្រជុំកោះ​សេនកាគូ គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ជប៉ុន។ ជប៉ុន​ជា​អ្នក​កាន់កាប់ និង​គ្រប់គ្រង​ប្រជុំកោះ​នេះ ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ។ ដូច្នេះ កម្មសិទ្ធិលើ​ប្រជុំកោះ​នេះ មិនមាន​អ្វី​ត្រូវ​ចរចា​ជាមួយ​អ្នកណា​នោះទេ។

ចិន​បាន​ឆ្លើយតប​មកវិញ​ភ្លាមៗ ដោយ​មិន​បង្អង់ តាមរយៈ​បណ្តាញ​ទូរទស្សន៍​រដ្ឋ ដោយ​បាន​ចាត់ទុក​ជីតា​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ថា​ជា​ឧក្រិដ្ឋជន​សង្រ្គាម​។

គួររំឭកឡើងវិញ​ថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ស្ហ៊ីនហ្សូ អាបេ បាន​សន្យា​ថា​នឹង​បង្កើន​ការចំណាយ​ ដើម្បី​​ពង្រឹង​វិស័យ​ការពារជាតិ ក្នុងនោះ ក៏រួមមាន​ការ​ពង្រឹង​កងកម្លាំង​ល្បាត​ដែន​សមុទ្រ​ផងដែរ។ ម្យ៉ាងទៀត លោក​អាបេ បាន​សន្យា​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ជប៉ុន​នឹង​​ប្រកាន់​ជំហរ​តឹងរ៉ឹង​បំផុត ទាក់ទង​នឹង​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ជិតខាង។

 កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ នៅ​ក្នុង​ពេល​ដែល​ប្រជាជន​ជប៉ុន​កំពុង​តែ​បោះឆ្នោត ហើយ​គេ​នៅ​មិនទាន់​ដឹង​លទ្ធផល ទីភ្នាក់ងារ​សារព័ត៌មានចិន ​ស៊ីនហួ ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋ​ បាន​ចុះផ្សាយ​បទវិចារណកថា​មួយ ដោយ​លើកឡើង​ថា អ្នកណា​ក៏ដោយ ដែល​ឈ្នះឆ្នោត​ឡើង​មក​កាន់​អំណាច​នៅ​ជប៉ុន គួរតែ​ដាក់ចេញ​នូវ​នយោបាយ​ការបរទេស​ដែល​​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ប្រទេស​ជិតខាង និង​ត្រូវ​គិតទៅដល់​ផលប្រយោជន៍​សម្រាប់​រយៈពេលវែង។

នៅថ្ងៃ​ចន្ទ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ ក្រៅពីបាន​ថ្លែង​ការពារ​កម្មសិទ្ធិ​លើ​ប្រជុំកោះ​ជាប់ជម្លោះ ក៏​បាន​លើកឡើង​ផងដែរ​ថា ជប៉ុន​មិនមាន​បំណង​ចង់​បង្ខូច​ទំនាក់ទំនង​ជាមួយ​ចិន​នោះទេ។ ក៏ប៉ុ​ន្តែ សេចក្តីថ្លែងការណ៍​របស់​លោក​អាបេ ​ជុំវិញ​ប្រជុំកោះ​សេនកាគូ​នេះ ទំនង​ជា​មិនមែន​ជា​សារ​វិជ្ជមាន​ទៅកាន់​ចិន ដើម្បី​​បន្ធូរបន្ថយ​ភាពតានតឹង​ជុំវិញ​ជម្លោះ​ដណ្តើម​កោះនេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ