អានតួអត្ថបទ
កម្ពុជា

ការដង្ហែរក្បួន​ថ្ងៃ ១ ឧសភា​នៅ​តែ​មាន​ការ​ហាមឃាត់

ក្រុម​អ្នកសហជីព និង​អង្គការ​សង្គមស៊ីវិល​ដែល​មាន​និន្នាការ​សង្គម​ផ្ទុយ​ពី​រដ្ឋាភិបាល​នឹង​តាំងចិត្ត​ដើរក្បួន​នៅ​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើកទី​១២៧​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១ ឧសភា​ខាង​មុខ​។ ផ្ទុយ​ទៅ​វិញ សហជីព​កម្មករ​គាំទ្រ​រដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធី​នេះ​នៅ​នឹង​កន្លែង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី អាជ្ញាធរ​បាន​ទាត់​ចោល​ការ​សុំ​ដង្ហែរក្បួន​ដោយ​បារម្ភ​ពី​ការ​ទាក់ទង​នឹង​រឿង​នយោបាយ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា។
លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា។ ©channa/RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នកសហជីព និង​អង្គការ​សង្គមស៊ីវិល​បាន​អះអាង​ថា ពួក​គេ​នៅ​តែ​ព្យាយាម​រៀបចំ​ដង្ហែរ​ក្បួន​នៅ​តាម​ដងវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ​ចំ​ថ្ងៃទី​ ០១​ ឧសភា ​ដែល​ជា​ទិវាពលកម្ម​អន្តរជាតិ បើ​ទោះ​ណា​ជា​មាន​ការ​មិន​ឯកភាព​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ដោយ​។ លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​ថ្ងៃ ​១ ​ឧសភា គឺ​ជា​ប្រធានបទ​ពិភពលោក​ដែល​ចាំបាច់​ត្រូវ​តែ​មាន​ការ​គោរព​ និង​គាំទ្រ​ដល់​ទិវា​នេះ ​ដើម្បី​បង្ហាញ​ពី​សេរីភាព និង​សិទ្ធិការងារ​របស់​កម្មករ​និយោជិក​។

លោក​អាត់ ធន់​ឲ្យ​ដឹង​ថា​ ឆ្លៀត​ក្នុង​ការ​អបអរសាទរ​នៅ​ក្នុង​ពីធី​ពិភពលោក​នេះ ​លោក​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រាក់ឈ្នួល ​កិច្ចសន្យា​ការងារ​កំណត់​ខ្លី ក្នុង​ប្រភេទ​ការងារ​ជាប់លាប់ ​ការ​បិទ​សហគ្រាស​ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ ការ​រំលោភ​លើ​ការ​ប្រើប្រាស់​សិទ្ធិ​របស់ ​សមាគម ​និង​សហជីព​។ ដោយឡែក ទាក់ទង​ទៅ​ហ្នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ ១​ ឧសភា​នេះ​ដែរ ​ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ បាន​ជ្រើសរើស​យក​វិធី​ផ្សេង ​ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ការងារ​អន្តរជាតិ​ ដោយ​មាន​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​មាន​ការ​ចូលរួម​ពី​អ្នកសហជីព​ និង​កម្មករ និយោជក​ចំនួន​ជិត ​៤​ពាន់នាក់​ កាល​ពី​ព្រឹក​ថ្ងៃ ​ទី​២៧​ ខែ​មេសា ​ឆ្នាំ ​២០១៣​នេះ។

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​លោក​សោម អូន​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹង បន្ទាប់​ពី​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ថា ក្រៅ​ពី​កម្មវិធី​ថ្ងៃនេះ​ក្រុម​អ្នកសហជីព ​កម្មករ​ និយោជិក​របស់​លោក​នឹង​មាន​ពិធី​កម្សាន្ត​សប្បាយ​នៅ​តាម​បណ្តា​រោងចក្រ​នានា ​ដូច​ជា​កម្មវិធី​ផ្សងសំណាង​ ការរាំ​កំសាន្ត​ជា​ដើម។ ជាមួយ​គ្នា​នេះ​ លោក​សោម អូន​បាន​ចាត់​ទុក​សកម្មភាព​របស់​អ្នកសហជីព​ កម្មករ និង​អង្គការសង្គមស៊ីវិល​ផ្សេងទៀត​ដែល​ត្រៀម​ដង្ហែរក្បួន​ថ្ងៃ ១ ឧសភា​នោះ​ថា ​ជា​ការ​ផ្តល់​ឱកាស​ដល់​ក្រុម​អ្នកនយោបាយប្រឆាំង ​ខណៈ​ដែល​ការ​បោះឆ្នោត​សកល​បាន​ឈាន​ជិតចូល​មក​ដល់​។ ក៏​ប៉ុន្តែ ក្រុម​អ្នកសហជីព​ និង​អង្គការ​សង្គមស៊ីវិល​ដែល​មាន​ជំហរ​ជំទាស់​នឹង​រដ្ឋាភិបាល​បដិសេធ ​និង​ពន្យល់​ថា​ ការ​ដង្ហែរក្បួន​ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​លើកស្ទួយ​សិទ្ធិ​ និង​សេរីភាព ​របស់ ​កម្មករ ​និយោជិក​ នៅ​ក្នុង​ឱកាស​បុណ្យ​ការងារ​ពិភពលោក។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ការអនុញ្ញាត​ណា​មួយ​នៅ​ឡើយ​ ចំពោះ​ការ​ស្នើ​សុំ​ហែរក្បួន​តាម​ដងផ្លូវ​របស់​កម្មករ ​និយោជិក​ និង​អង្គការ​សង្គមស៊ីវិល ​បើ​ទោះ​ជា​កម្មវិធី​នេះ​នឹង​មាន​ការ​កាត់បន្ថយ​អ្នកចូលរួម​មួយចំនួន​ក៏ដោយ​។ យោង​តាម​ជំរឿន​សហគ្រាស​ឆ្នាំ​ ២០១១​ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុនតូច ​និង​មធ្យម​ប្រមាណ​ជាង​កន្លះលាន​សហគ្រាស​ដែល​ផ្តល់​ការងារ​សរុប​ដល់​មនុស្ស​ជាង ​១​លាន ​៦​សែន​នាក់​ ក្នុងនោះ ​នារី​ ១​លាន​ ៣​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ