អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណ​ប្រយោជន៍​នៃ​សំណើច

ចុះផ្សាយ​នៅ​ថ្ងៃ៖

សើច​ច្រើន​ចម្រើន​អាយុ ! នេះ​មិនមែន​ជា​ពាក្យ​កំប្លែងទេ តែ​ពាក្យ​ពិត ហើយ​ពេល​នេះ​គេ​បាន​រក​ឃើញ​​​គុណ​ប្រយោជន៍​ជា​ច្រើន​​នៃ​សំណើច​ចំពោះ​ សុខភាព។ គុណ​ប្រយោជន៍​នេះ ​ត្រូវ​បាន​​ទទួល​ស្គាល់​​ដោយ​វិទ្យាសាស្ត្រ​ទៀត​ផង។ សំណើច​ មិន​ត្រឹម​តែ​មាន​តួនាទី​សំខាន់​មួយ​សម្រាប់​រស់​នៅ​សង្គម​នោះ​ទេ។ សំណើច ការ​កំផ្លុក​កំប្លែង​ រីករាយ ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ខ្លួន​ប្រាណ និង​ជា​ពិសេស​ដល់​ខួរ​ក្បាល​ផង។ សូម​ស្តាប់​​ការ​ពន្យល់​របស់​អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពីវេជ្ជបណ្ឌិត​Daniel Sibony គ្រូពេទ្យ​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ Les sens du rire អត្ថន័យ​នៃ​សំណើច។

ក្រប​សៀវភៅ​ "Les sens  du rire"
ក្រប​សៀវភៅ​ "Les sens du rire"
ផ្សាយពាណិជ្ជកម្ម

សំណើច​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ជា​អនេក ចំពោះ​សុខភាព។ បើ​ចុះ​ធ្វើ​ជា​បញ្ជី​ឈ្មោះ​នោះ​វា​នឹង​វែង​អន្លាយ​តែ​ម្តង។

 
សំណើច​ ភាព​កំប្លែង​រីករាយ​ អាច​កាត់​បន្ថយ​​អារម្មណ៍​នៃ​ការ​ឈឺចុក​ចាប់ ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ថាមពល​ សម្រួលតួនាទី​របស់​វិញ្ញាណ​ឲ្យ​ឆាប់​ចេះ​ឆាប់​ដឹង។ សំណើច​អាច ការពារ​គ្រោះ​កើត​ជំងឺ​សសែឈាម​ និង​នាំឲ្យ​មាន​អារម្មណ៍​ភ្លឺ​ថា បណ្តេញ​ភាព​ស្មុគស្មាញ Stress កាត់​បន្ថយ​​អារម្មណ៍​មួរហ្មង និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ល។ និង​។ល។ ដោយ​មិន​ភ្លេច​ទេ​តួនាទី​នៃ​ការ​សើច​នៅ​ក្នុង​សង្គម។  អារម្មណ៍​និង​ភាព​រីករាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​​នៅ ជាមួយ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​រស់​នៅ។

អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​​ដែល​បាន​ផ្តោត​ការ​​សិក្សា​សំណើច​ទៅ​លើ​ការ​​ព្យាបាល​ជំងឺ​ បាន​ប្រកាស​ថា​​ ប្រសិន​បើ​គេចេះ​​ប្រើ​សំណើច ការ​សើច​អាច​ជា​ជំនួយ​ដ៏​ប្រសិទ្ធ​មួយ​ក្នុង​ការ​ព្យាបាល​ ពី​ព្រោះ​ម្យ៉ាង​សំណើច​អាច​បន្ធូរ​អារម្មណ៍​ ដែល​នេះ ជា​វិធី​សាស្ត្រ​មួយ​ប្រហាក់​ប្រហែល​នឹង​ការ​ធ្វើ​លំហាត់​ផ្លូវ​ដង្ហើម នៃ​ការ​ធ្វើYoga។ ម្យ៉ាង​មួយ​ទៀត សំណើច​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រក្សា​លំនឹង​របស់​អារម្មណ៍។ សូម​ចង​ចាំ​ថា​ ខួរ​ក្បាល​មនុស្ស​ត្រូវ​ការ​សំណើច​ជា​រឿយៗ ....
 

សំណើច​មាន​ប្រយោជន៍​សម្រាប់​សុខភាពរាងកាយ​និង​ផ្លូវចិត្ត

ជាការពិត​ណាស់ ដែល​ថា​សំណើច​ នាំ​មក​នូវ​សុខភាព​ល្អ។ ក្រុម​អ្នក​ឯកទេស​ផ្នែក​សំណើច​កំប្លែង បាន​ធ្វើ​ការ​ពិសោធន៍​ដោយ​ផ្ទាល់ នៅ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​កំប្លែង​សើច​សប្បាយ​ ឃើញ​ថា​សំណើច​​ ធ្វើ​ឲ្យ អ័រមូន​ និង អង់ដ័កហ្វីន មនុស្ស​មាន​លក្ខណៈប្រសើរ។ ការ​គិត​សុញ មិន​ចេះ​សើច​រីករាយ ហើយ​ចេះ​តែ​សើច​សប្បាយ​តែ​សំបក​ក្រៅ ​ មិន​ផុស​ចេញ​ពី​ទឹក​ពិត​ ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់។

ប៉ុន្តែ​សួរ​ថា សំណើច ដូច​គ្នា​ដែរ​ឬទេ ?

សំណើច​ប្រែ​ប្រួល​ទៅ​តាម​វប្បធ៌ម សង្គម​ និង​​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ប៉ុន្តែការ​ញញឹម​ និង​ការ​សើច​ជា​កាយ​វិការ​របស់​មនុស្ស​ទូទៅ មិន​ថា​ជាតិ​ណា​សាសន៍​ណា ក្រ​ឬ​មាន​នោះ​ទេ។ ជា​ញ្ញាណ​​សាកល​ ! ទោះ​បី​ជា​គេ​មិន​និយាយ​ភាសា​ដូចគ្នា​ក៏​ដោយ ​ក៏​គេ​អាច​យល់​គ្នា​បាន​តាម​រយៈ​សំណើច​ដែរ។
សំណើច​ជា​កាយ​វិការ ជា​សកម្ម​ភាព​មនុស្ស ដែល​ផុះ​ចេញ​ដោយ​ឯងៗ និង​មាន​​ទំនាក់​ទំនង​ជាមួយ​នឹង​អារម្មណ៍​ពីរ។ ជា​ការ​បញ្ចេញ​អារម្មណ៍។ ជា​ការ​គេច​ចេញ​ពី​អារម្មណ៍​ ​ធុន​ ថប់​​ បារម្ភ​ ការ​ប៉ះ​ទង្គិច ។ល។

សើច ក៏​ជា​ការ​ចំអក​ឲ្យ​ខ្លួន​ឯង។ ការ​ចំអក​ឲ្យ​ខ្លួន​ឯង​នេះ​វា​រឹត​តែ​ងាយ​ធ្វើ​ទៅ​ទៀត​ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​នៅ​ចំពោះ​មុខ​យើង ពី​ព្រោះ​នេះ​ជា​ការ​ចំអក​ឲ្យ​ខ្លួន​​ឯង​តាម​រយៈ​ការ​​ចំអក​ឲ្យ​មនុស្ស​ម្នាក់​ទៀត។ ទាំង​នេះ​គឺ​ដើម្បី​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​ថា​ ការ​សើច​គឺ​ជា​ចំណង​​នៃ​ភាព​រីករាយ​ ​ភាព​​សុខសាន្ត​របស់​មនុស្ស។ ប្រសិន​បើ​កំពុង​មាន​ទុក្ខព្រួយ​​ នឹង​ផ្តើម​បាន​ប្រសើរ​ឡើង​ នៅ​ពេល​គេ​បាន​ផ្ទុះ​សំណើច​នេះ​ឯង។

អ្នក​ឯកទេស​ខាង​សំណើច បាន​អះអាង​ថា សំណើច​ជា​ចំណង​ដែល​មិន​អាច​ផ្តាច់​បាន​ពី​សុខភាព។ សំណើច​ជា​អ្នក​រក្សា​លំនឹង​របស់​មនុស្ស​ទូទៅ។ ប៉ុន្តែ​និន្នាការ​នៃ​សំណើច តែង​ថយ​ចុះ​ទៅ​តាម​វ័យ តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី ?! មនុស្ស​ចាស់​ទៅ​ភ្លេច​សើច​ឬ​យ៉ាង​ណា ?

ពិបាក​កំណត់​ណាស់​បញ្ហា​នេះ ព្រោះ​ថា​នៅ​ក្នុង​សង្គម​បារាំង ឬ​សង្គម​នៃ​ប្រទេស​ជឿន​លឿន មនុស្ស​ចាស់​ច្រើន​រស់​នៅ​ដាច់​ដោយ​ឡែក ឬ ឯកា។ ការ​សើច​សប្បាយ​ត្រូវ​ការ​មាន​មនុស្ស​​ច្រើន​នៅ​ជិត​ជុំ​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​មនុស្ស​ពីរ​នាក់​គ្រាន់​នឹង​ឆ្លើយ​ឆ្លង​គ្នា ទើប​អាច​មាន​ការ​ផ្ទុះ​សំណើច​ឡើង​បាន។
ម្យ៉ាង​វិញ​ទៀត អ្នក​​ខ្លះ​ គេ​មិន​ត្រូវ​ការ​លេង​សើច​អ្វី​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការងារ។ គេ​អាច​វាយ​តម្លែ​ថា​ជាមនុស្ស​មិន​សូវ​ម៉ឺងម៉ាត់ ។ល។ ជា​ពិសេស​នៅ​តាម​ទីក្រុង​ធំៗ នៅ​តាម​ប្រទេស​ដែល​មាន​ទីផ្សារ​ការងារ​ចង្អៀត ប្រទេស​ជឿន​លឿន។ ជាក់​ស្តែ​ង​នៅ​ប្រទេស​ជប៉ុន គេត្រូវ​បង្ខំចិត្ត​បង្កើត​មុខវិជ្ជា​សើច​ នៅ​ក្នុង​វិញ្ញាសារ​ប្រឡង​បាកឌុប។ ពួក​គេ​ត្រូវ​រៀន​សើច រៀន​ពី​ការ​របៀប​របប​នៃ​​សំណើច នៃ​ការ​សើច រៀន​ញញឹម​ឡើង​វិញ។ គួរ​ឲ្យ​ហួស​ចិត្ត​ទេ !!!

 

ថ្មីៗ​នេះ អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក​ទើប​បាន​ចេញ​ផ្សាយ​​លទ្ធផល​នៃ​ការ​សិក្សា​របស់​គាត់​ថា សំណើច មាន​ប្រសិទ្ធិភាព​ដូចជា​ប្រភេទ​គ្រឿង​ញៀន​ខ្លះ​។ លោក​ហ៊ាន​សន្និដ្ឋាន​បែប​នេះ ដោយ​សំអាង​លើ​​ការ​ថត​​ខួរ​ក្បាល​តាម​ប្រព័ន្ធ​ម៉ាញ៉េទិក IRM បាន​បង្ហាញ​ថា​បើ​មនុស្ស​សើច​ ឬ​ជួ​ប​នឹង​ភាព​កំប្លុក​កំប្លែង នោះ​ខួរក្បាល​ផ្នែក​ខាង​ឆ្វេង ដែល​ប្រព័ន្ធ​ប្រសាទ​នៃ​អារម្មណ៍​រីករាយ​នឹង​មាន​សកម្មភាព​ភ្លាម។ ប្រព័ន្ធ​ប្រសាទ​ផ្នែក​​​ខាង​ឆ្វេង​នេះ មាន​សកម្មភាព គឺ​មាន​ន័យ​ថា​វា​ជា​ការ​បើក​ផ្លូវ​​ដល់​សារធាតុ​ម្យ៉ាង​នៃ​ប្រព័ន្ធ​ប្រសាទ ទៅ​ជួយ​សម្រួល​​សម្ពាធ​ឈាម។ ពេល​នេះ​ អ្នក​ស្រាវ​ជ្រាវ​​វេជ្ជសាស្ត្រទំនង​ជាកំពុង​គិត​ពី​របក​គំហើញ​​ថ្មី​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។
 

នៅ​ប្រទេស​ជឿន​លឿន មាន​ជា​អាទិ៍​ប្រទេស​បារាំង ការ​សើច​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬខូច​ទឹក​ចិត្ត។ ការ​កំប្លុក​កំប្លែង គឺ​ជា​ជំនួយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​​​ព្យាបាល​ជំងឺ​ ជាពិសេស​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ចំពោះ​មុខ​កុមារ​កំពុង​យំ ព្រោះ​ខ្លាច​ម្ជុល បើ​មាន​អ្នក​កំប្លែង​ម្នាក់​ធ្វើ​ថ្លុក​ នៅ​ពី​មុខកុមារ​នោះ​នឹង​ភ្លេច​ឈឺ​ជា​មិន​ខាន។ ដូច្នេះ​ សូម​ចង​ចាំ​ថា បើ​មាន​ឱកាស​គួរ​តែ​សើច​សប្បាយ​រីក​រាយ​ ឲ្យ​ថ្លា​បេះដូង​ កុំ​រង់​ចាំ​ទាល់​តែ​មាន​រោគា​ព្យាធិ​ហើយ បាន​ប្រឹង​សើច​ជា​ក្រោយ​អី ឲ្យ​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ