អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាពតានតឹង​កើត​មាន​ជា​ថ្មី នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​កូរ៉េ​ទាំងពីរ​បាញ់​ផ្លោង​ដាក់គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កូរ៉េ​ទាំងពីរ​បាន​បាញ់​ផ្លោង​ដាក់​គ្នា នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី ៣១ មីនា។ ការបាញ់​ផ្លោង​ទៅក្នុង​ដែនទឹក​កូរ៉េខាងត្បូង ធ្វើឡើង នៅក្នុង​ពេល​អាមេរិក និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​ជាមួយ គ្នា រហូត​ដល់​ថ្ងៃទី ១៨​មេសា។ ការបាញ់​ផ្លោង​របស់​កូរ៉េខាងជើង​ទៅក្នុង​ដែន​ទឹក​របស់​កូរ៉េខាងត្បូង ធ្វើ​ឡើង​នៅមួយ​ថ្ងៃ​ក្រោយ ទីក្រុង​ព្យុងយ៉ាង​ប្រកាស កាលពី​ថ្ងៃ​អាទិត្យ ថា នឹង​មិន​បោះបង់​ចោល​នយោបាយ​បាញ់​គ្រាប់​មីស៊ីល និង​សន្យា​បាញ់​គ្រាប់​មីស៊ីល​ជាថ្មី នៅក្នុង​រូបភាពថ្មី។ 

សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក នៅ​លើ​កោះ Pohang ដែល​កូរ៉េខាងជើង​ព្រមាន​ថា នឹង​ធ្វើការ​ឆ្លើយតប​ខ្លាំងៗ
សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក នៅ​លើ​កោះ Pohang ដែល​កូរ៉េខាងជើង​ព្រមាន​ថា នឹង​ធ្វើការ​ឆ្លើយតប​ខ្លាំងៗ ©REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យុនហាប់ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​ពិត​ប្រមាណ ៥០០​គ្រាប់ ប៉ុន្តែ ជាង​មួយ​គ្រាប់​បាន​ធ្លាក់​ចូល​ក្នុង​ដែនទឹក​របស់​កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង​បាន​បាញ់​តប​វិញ។ ការបាញ់ផ្លោង​ដាក់​គ្នា​រយៈ​ពេល​បីម៉ោង មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្សទេ។

 
នៅមុន​សមយុទ្ធ​របស់​កូរ៉េខាងជើង កូរ៉េខាងត្បូង​បាន​បញ្ជា​ឲ្យ​ប្រជាជន​របស់ខ្លួន ដែល​រស់នៅ​លើ​កោះ​ក្បែរ​ព្រំដែនទឹក​​ជាមួយ​កូរ៉េខាងជើង ចូល​សម្ងំ​លាក់ខ្លួន នៅក្នុង​លេនដ្ឋាន ដើម្បី​ជៀស​ផុត​ពីគ្រាប់​ផ្លោង របស់​កូរ៉េខាងជើង។ កាលពី​ឆ្នាំ ២០១០ គ្រាប់ផ្លោង​របស់​កូរ៉េខាងជើង ដែល​ត្រូវ​ធ្វើ​នៅក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ ដែរនោះ ត្រូវ​បាន​បាញ់​ធ្លាក់​ទៅលើ​កោះ​របស់​កូរ៉េខាងត្បូង និង​បាន​សម្លាប់​ប្រជាជន​កូរ៉េខាងត្បូង​៤​នាក់។

តាមព័ត៌មាន​ពី​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង គ្រាប់ផ្លោង​បាញ់​ឆ្លងឆ្លើយ ដាក់គ្នា រវាង​ប្រទេស​​ទាំងពីរ មិន​បាន​សំដៅ​ទិសដៅ​ណាមួយ​ពិតប្រាកដទេ។ គ្រាប់​ទំាងប៉ុន្មាន​ធ្លាក់​ចូល​ទៅក្នុង​ទឹក របស់​ប្រទេស​ទាំងសងខាង។ កូរ៉េខាងជើង​បាញ់​គ្រាប់​ផ្លោង​ចូល​ទៅក្នុង​ដែនទឹក របស់​កូរ៉េខាងត្បូង គឺអាច​​ដើម្បី​ពញ្ញាក់​អារម្មណ៍ របស់​កូរ៉េខាងត្បូង ប៉ុន្តែ គ្មាន​គោលដៅ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ឬ​ការខូចខាត​ដូច​លើកមុនទេ។ ជាក់ស្តែង កូរ៉េខាងជើង​បាន​ជូនដំណឹង​ជា​មុន ទៅ​កូរ៉េខាងត្បូង ដែល​នេះ​ជា​រឿង​កម្រ​ណាស់។ នៅព្រឹកមិញ គឺ​នៅមុន សមយុទ្ធ​របស់​កូរ៉េខាងជើង ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​ទទួល​សារ តេលេក្រាម​មួយ ពី​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ព្រមាន​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​ដក​នាវា​របស់ខ្លួន ចេញ​ពី​ក្នុង​តំបន់​ទឹក​ចំនួន ៧ ដែល​ ស្ថិតនៅ​ក្បែរ​ព្រំដែន​ទឹក​រវាង​កូរ៉េ​ទាំងពីរ។

សម្រាប់​សេអ៊ូល វា​មិនមែន​ធម្មតា ដែល​កូរ៉េខាងជើង​ជូនដំណឹង ជាមុន ពី​សមយុទ្ធ​យោធា។ សេអ៊ូល​បាន​ចាត់ទុក ចេតនា​ផ្ញើសារ ជូនដំណឹង​ពីការបាញ់​ផ្លោង​របស់​កូរ៉េខាងជើង ថា ជា​ការគំរាមកំហែង និង​ចង់​ឲ្យ​ភាពតានតឹង​កើតមាន​កាន់តែ​ខ្លាំង នៅ​សមុទ្រ​លឿង និង​នៅ​ឧបទ្វីប​កូរ៉េ។

តាមអ្នកតាមដាន​នយោបាយ​​កូរ៉េ ការបាញ់​ផ្លោង​ដាក់គ្នា រវាង​កូរ៉េទាំងពីរ នឹង​បណ្តាល​ឲ្យ​មាន​ការប្រយុទ្ធ​គ្នា ខ្លាំង នៅ​ឧបទ្វីប​កូរ៉េ​ទេ។ ដូចនិយាយ​ខាងដើម កូរ៉េខាងជើង​គ្មាន​ចេតនា​បង្ក​គ្រោះថ្នាក់ ដល់​ជីវិត មនុស្ស ប៉ុន្តែ គ្រាន់តែ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​អាមេរិក ​ចាប់​អារម្មណ៍​នឹង​ខ្លួន។ កូរ៉េខាងជើង​ដែលកំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​ក្នុងស្រុក ធ្វើ​សកម្មភាព​គំរាម​កំហែង​គ្រប់យ៉ាង ដើម្បី​ទាក់ទាញ​ឲ្យ​អាមេរិក ដែល​មិនចង់​ចូលតុ​ចរចា ៦ភាគីស្តីពី​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយសារ​តែ​ការផ្គើន​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង។ ជាការប្តូរ​មកវិញ ព្យុងយ៉ាង​សង្ឃឹម​ចង់​បាន​ពី ការចរចារ​នូវ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​អាមេរិក និង​សហគមន៍​​អន្តរជាតិ។

ប៉ុន្តែ ឥរិយាបទ​ញុះញង់ របស់​កូរ៉េខាងជើង ច្រើន​តែ​ជ្រុល និង​ផ្ទុយ​ទៅវិញ បាន​ត្រឹម​តែ​ទទួល​ការរិះគន់ និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ។ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុន កូរ៉េខាងជើង​បាន​ផ្គើន​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​មធ្យម។ ប្រធាន​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​ប្រកាស​រួចហើយថា ក្រុម​ប្រឹក្សា​នឹង​ចាត់វិធានការ​រកទណ្ឌកម្ម​ថ្មី ទៀត ដើម្បី​ដាក់​ទៅ​លើ​កូរ៉េខាងជើង ដែល​ផ្គើន បាញ់​គ្រាប់​មីស៊ីល ដែល​អង្គការ​សហប្រជាជាតិ​បាន​ហាម។

តាមអ្នកជំនាញ​ខាង​នុយក្លេអ៊ែរ កូរ៉េខាងជើង នៅ​មិន​ទាន់មាន​សមត្ថភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ សម្រាប់​បំពាក់​នៅលើ​មីស៊ីល ដើម្បី​វាយប្រហារ​ទៅលើប្រទេស​ដទៃ ដូច​ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​គំរាម​កន្លងមកទេ។

កូរ៉េខាងជើង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​មធ្យម នៅថ្ងៃ​ពុធ​ទី ២៦​មីនា បើទោះមាន​ការហាម​ពី​អង្គការ​សហប្រជាជាតិ
កូរ៉េខាងជើង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​មធ្យម នៅថ្ងៃ​ពុធ​ទី ២៦​មីនា បើទោះមាន​ការហាម​ពី​អង្គការ​សហប្រជាជាតិ REUTERS/Yonhap

កូរ៉េខាងជើង​ឧស្សាហ៍​បាញ់​គំរាម​កូរ៉េខាងត្បូង ដើម្បី​ចង់​បាន​គ្រប់គ្រង​ដែនកោះ​ដែល​អាមេរិក​បាន​កាត់​ឲ្យ​ទៅ​កូរ៉េខាងត្បូង នៅ​ក្រោយ​ចប់សង្រ្គាម​កូរ៉េ

នៅក្រោយ​ចប់​សង្រ្គាម​កូរ៉េ នៅ​ទសវត្សរ៍ ឆ្នាំ ១៩៦០ ក្រោយ​កូរ៉េ​ទាំងពីរ​បាន​ចុះ​ព្រមព្រៀង លើ​បទ​ឈប់បាញ់ ប៉ុន្តែ មិន​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា កូរ៉េខាងជើង​ឧស្សាហ៍​បាញ់ផ្លោង​ចូល​ទៅក្នុង​ដែនដីគោក​របស់​កូរ៉េខាងត្បូង។ ប៉ុន្តែ រហូត​ដល់​ឆ្នាំ ១៩៩៩ ទើប​កូរ៉េខាងជើង​បែរ​យុទ្ធសាស្រ្ត​មក​រករឿង ញុះញង់​កូរ៉េខាងត្បូង នៅ​ផ្នែក​ព្រំដែន​ទឹក​វិញ។ កូរ៉េខាងជើង​នៅ​តែ​​បដិសេធ មិន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក ដែល​អង្គការ​សហប្រជាជាតិ និង​អាមេរិក​បាន​កំណត់​គូស​បែងចែក នៅ​ក្រោយ​ចប់​សង្រ្គាម​កូរ៉េ ឆ្នាំ ១៩៥៣។ កាលណោះ អាមេរិក ​បាន​គូសខ្សែបន្ទាត់​ព្រំដែន​ទឹក ដែល​បាន​សម្រេច​ឲ្យ​កូរ៉េខាងត្បូង​បាន​ទទួល​ដីកោះ​ចំនួន ៥ និង​បាន​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ដក​ទ័ព​របស់ខ្លួន ចេញ​ពី​ដែនទឹក កូរ៉េខាងត្បូង។ កូរ៉េខាងជើង និង​ចិន ដែល​ជា​សម្ព័ន្ធមិត្ត នៅ​សម័យនោះ នៅ​មិនទាន់​មាន​សព្វាវុធ កប៉ាល់ទឹក ទំនើប ត្រូវ​បង្ខំចិត្ត​ដក​ខ្លួនចេញ។

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ កូរ៉េខាងជើង​បាន​ធ្វើ​សមយុទ្ធ​ច្រើន ដោយ​រាប់តាំង​ពី​បាញ់​គ្រាប់មីស៊ីល ចម្ងាយឆ្ងាយ ឬ​ចម្ងាយជិត នៅ​ក្នុង​ដែនទឹក របស់ខ្លួន។ បំណង​ប្រហែល​ដើម្បី​កំញើញ ចង់​ទាមទារ​មកវិញ នូវ​ដីកោះ​ពី​កូរ៉េខាងត្បូង។ កូរ៉េខាងជើង ដែល​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្វះខាត សំលឹង​ចង់​បាន​ដីកោះ របស់​កូរ៉េខាងត្បូង ព្រោះ​នៅ​ជុំវិញ​ដីកោះ​ទាំងនោះ​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ដែល​សំខាន់​សម្រាប់​អ្នកនេសាទ​កូរ៉េខាងជើង។ សមយុទ្ធ​បាញ់​គ្រាប់ផ្លោង​របស់​កូរ៉េខាងជើង ចូល​ទៅក្នុង​ដែន​ទឹកកូរ៉េខាងត្បូង នៅ​រសៀលថ្ងៃ​ចន្ទ នេះ ក៏​កើតឡើង​ផងដែរ នៅក្រោយ​ពេល​ដែល​ឆ្មាំសមុទ្រ​កូរ៉េខាងត្បូង​បាន​ដេញ​កប៉ាល់​នេសាទ​កូរ៉េខាងជើង ឲ្យចាកចេញ​ពីដែនទឹក​ជុំវិញ​កោះ​របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អាទិត្យ​ទី ៣០ មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ