អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់សាក​មីស៊ីល​រយៈ​ចំងាយខ្លី​ ៣០ដើម​ ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​

អាជ្ញាធរ​​កូរ៉េខាងត្បូង​បានប្រាប់​ថា នៅព្រឹក​ថ្ងៃ​សៅរ៍នេះ កូរ៉េខាងជើង​បាន​បាញ់​សាក​មីស៊ីល​​រយៈចំងាយ​ខ្លី ចំនួន​៣០ដើម សំដៅទៅ​សមុទ្រ​។ ក្រុងព្យុងយ៉ាង​ទើបបាន​​បាញ់​សាក​មីស៊ីល​​​​២៥ដើម​ កាលពី​ថ្ងៃអាទិត្យ​១៦​មីនា​ កន្លងទៅ​ប៉ុណ្ណោះ។ ការសាកល្បងនេះ ធ្វើឡើង​ក្រោយមាន​ការប្រកាស​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​ជប៉ុន និង​ប្រធានាធិបតី​អាមេរិក ត្រូវ​ជួបគ្នា​នៅសប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

យោងតាម​អ្នកជំនាញ​ ​ក្រុងព្យុងយ៉ាង​​បាញ់សាក​ល្បង​មីស៊ីលដើម្បី​បង្ហាញ​ថា​ ខ្លួន​ក្តៅក្រហាយ​នឹង​កូរ៉េខាងត្បូង​ដែល​ធ្វើសមយុទ្ធ​យោធា​ជាមួយ​អាមេរិក។​​
យោងតាម​អ្នកជំនាញ​ ​ក្រុងព្យុងយ៉ាង​​បាញ់សាក​ល្បង​មីស៊ីលដើម្បី​បង្ហាញ​ថា​ ខ្លួន​ក្តៅក្រហាយ​នឹង​កូរ៉េខាងត្បូង​ដែល​ធ្វើសមយុទ្ធ​យោធា​ជាមួយ​អាមេរិក។​​ REUTERS/Lee Jong-kun/Yonhap
ផ្សាយពាណិជ្ជកម្ម

យោងតាម​អគ្គសេនាធិការ​ដ្ឋាន​កូរ៉េខាងត្បូង ​​​តាំងតែ​ពី​ម៉ោង​៤ទាប​ភ្លឺ ​ថ្ងៃ​សៅរ៍នេះ ក្រុង​ព្យុងយ៉ាង​​ ​​​បាន​បាញ់​សាក​មីស៊ីល​ចំនួន​៣០ដើម ជាមីស៊ីល​បាញ់​បាន​រយៈចំងាយ​ខ្លី បាញ់​ចេញ​ពីឆ្នេរ​ខាងកើត​កូរ៉េខាងជើង​ សំដៅ​ទៅ​សមុទ្រ​ជប៉ុន។ មីស៊ីល​ទាំងនេះ​ប្រហែល​ជា​ហោះ​បានចំងាយ​​៦០គីឡូម៉ែត្រ។ កូរ៉េខាងជើង​ទើបតែ​បាន​សាក​បាញ់​មីស៊ីល​​២៥ដើម​​ កាលពី​ថ្ងៃ​​អាទិត្យ​ទី​១៦មីនា ​សប្តាហ៍​មុន​ប៉ុណ្ណោះ។

យោងតាម​អ្នកជំនាញនានា​​ ទង្វើ​របស់​ក្រុងព្យុងយ៉ាង​ប្រហែល​ជា​​​​​គ្មាន​ទិសដៅ​បង្ក​ភាព​តានតឹង​​នៅ​ឧបទ្វីប​កូរ៉េ​នោះទេ តែ​គឺ​ដើម្បីបង្ហាញ​ពី​ភាព​ក្រេវក្រោធ​របស់​ខ្លួន​ចំពោះ​សមយុទ្ធ​យោធា ដែល​កូរ៉េខាងត្បូង​កំពុង​ធ្វើ​​ជាមួយ​អាមេរិក​​នៅពេលនេះ។ សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នេះ បានចាប់​ធ្វើ​តាំងពី​ថ្ងៃ​២៥កុម្ភៈ​ម្ល៉េះ ហើយ​ត្រូវបន្តធ្វើ​រហូត​ដល់​ថ្ងៃ​៧មេសា​ខាងមុខ។ កូរ៉េខាងជើង​តែង​រិះគន់​សមយុទ្ធ​យោធារួម​រវាង​​អាមេរិក​និង​កូរ៉េខាងត្បូង​ ថា​​​​ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​​វាយលុក​ទឹកដី​កូរ៉េខាងជើង។

កាលពី​ថ្ងៃ​ចន្ទ ​​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​​ទាមទារ​​​អោយ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​​​​ដែល​អាច​បង្ក​អោយ​មានភាព​តានតឹង​​ផ្នែកយោធា​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន និង​បន្ថែម​ថា សកម្មភាព​ផ្គើន​របស់​ក្រុងព្យុងយ៉ាង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កប៉ាល់​រឺក៏​យន្តហោះ​នានា​ ​ដែល​ធ្វើដំណើរ​ក្នុង​តំបន់។ ​គួរបញ្ជាក់​​ដែរថា កាលពី​ដើមខែ​មីនា​នេះ ចិន​បានសំដែង​​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ទង្វើ​របស់​កូរ៉េខាងជើង​ដែល​បាន​បាញ់​មីស៊ីល​១ដើម​ ទៅ​ក្នុង​ច្រកដែន​អាកាស​របស់​យន្តហោះ​ចិន​មួយគ្រឿង។

ការបាញ់​សាកមីស៊ីល​៣០ដើម​របស់​ក្រុងព្យុងយ៉ាង នៅ​ថ្ងៃ​សៅរ៍នេះ ធ្វើឡើង​ក្រោយ​មាន​ការ​ប្រកាស​ថា នៅ​សប្តាហ៍​ក្រោយនេះ​ ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់គុនហឺ នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនសូ អាបេ និង​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ត្រូវ​ជួបពិភាក្សា​គ្នា​​ពី​​កម្មវិធី​នុយក្លេអ៊ែរ​​របស់កូរ៉េខាងជើង និង​បញ្ហា​ទាក់ទង​នឹង​ការ​មិន​រីក​សាយភាយ​​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ