អានតួអត្ថបទ
កម្ពុជា

ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង​គឺជាកត្តា​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា​

គណ​កម្មាធិការ​​​ជាតិ​​​សុវត្ថិ​​ភាព​​​ចរាចរណ៍​​​ផ្លូវ​​គោក ​​រួមជា​មួយ​​អង្គការ​​សុខ​​ភាព​​ពិភព​លោក ​បើក​យុទ្ធនា​ការ​​​ផ្សព្វ​ផ្សាយ​​​ស្ព​ត​​​បី​​ប្រភេទ ​ជា​រូបភាព ជា​​សម្លេង និ​ង​​ជា​​ឃ្លី​ប​​វី​ដេអូ ដល់​​​មហាជន​ខណៈ​​​ដែល​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ប្រទេស​​កម្ពុជា​​នៅតែ​​ជាការ​​ព្រួយ​បារម្ភ​។​ ស្ព​ត​​​​ដែល​​មាន​​លក្ខណៈ​​អប់រំ​​ខ្ពស់​​ដល់​​អ្នកបើក​​បរ​ដែ​ល​​​ក្រេប​​​គ្រឿង​​ស្រវឹង​​​នោះ​​​នឹង​​ត្រូវ​​បាន​​ដំណើរ​ការ​ព្រមៗ​​គ្នា​​​ចាប់ពី​ពេល​នេះ​​​តទៅ​​រហូត​​ដល់​​ដំ​ណាច់​ខែ​​​វិច្ឆិកា​​​ឆ្នាំ​២០១៣។​

ស្ពតអប់រំពីការបើកបរ ទាក់ទងនឹងគ្រឿងស្រវឹង
ស្ពតអប់រំពីការបើកបរ ទាក់ទងនឹងគ្រឿងស្រវឹង រូបថតឯកសារ អង្គការ
ផ្សាយពាណិជ្ជកម្ម

ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែមាន​សភាព​មិន​ថម​ថយ​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​អង្គការ​​សុខភាព​​ពិភពលោក បាន​ប្រកាស​​​ជាថ្មី​​ម្តងទៀត​នូវ​យុទ្ធនាការ «បើ​ពិសា​រគ្រឿង​ស្រវឹង​កុំ​បើកបរ!» ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី១៨តុលា។ យុទ្ធនាការ​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​សកល​ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ Bloomberg Philantrophies គឺ​ក្នុង​គោល​បំណង​​បង្កើន​​ការយល់ដឹង​ដល់​សាធារណជន​អំពី​ផល​បច្ច័យ​អាក្រក់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការបើក​បរ​​ក្រោម​​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​​សាធារណការ​​និង​​ដឹកជញ្ជូន​បាន​ថ្លែង​​ទាក់ទង​​ទៅ​នឹង​យុទ្ធនាការ ដែលមាន​ការផលិត​ស្ព​ត​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​ថា​ចំណាត់​ការអប់រំ​ច្បាប់​ចរាចរណ៍​តាមរយៈ​ស្ព​ត មាន​សារៈសំខាន់​ណាស់​សម្រាប់​ពេលនេះ។
លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ចាត់វិធានការ​គ្រប់​រូបភាព ក្នុង​ការ​លើក​​កំពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាជន ក្នុងការ​កាត់​បន្ថយ​ចំនួន​អ្នកស្លាប់​គ្រោះថ្នាក់​ចរាចរ​ណ៍ និង​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​របស់​អង្គការ សហប្រជាជាតិ​ ​ស្តីពី​ទសវត្សរ៍​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១១-២០២០។

ស្ព​ត​ដែលមាន​ខ្លឹមសារខុសៗគ្នា ត្រូវបាន​ដាក់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ចាប់ពី​ថ្ងៃទី១៨តុលា​ត​ទៅ រហូតដល់​ដំណាច់ខែ​វិច្ឆិកា​​ខាងមុខ​រួមមាន ស្ព​ត​ជា​រូបភាព​និង​​ផ្ទាំង​ប៉ាណូ ស្ព​ត​ជា​ឃ្លី​ប​វីដេអូ​សម្រាប់​​ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​ស្ព​ត​ជា​សម្លេង​សម្រាប់​ផ្សាយ​តាម​វិទ្យុ ដែល​ស្ព​ត​ទាំងអស់​នោះ​ផ្តោត​សំខាន់​ទៅលើ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បណ្តាលមកពី​ជាតិ​ស្រវឹង ការ​ត្រួតពិនិត្យ​​ជាតិ​​អាល់កុល​របស់​ប៉ូលិស​​ចរាចរណ៍​ទៅលើ​អ្នកបើកបរ​នៅតាម​ដងផ្លូវ ​និង​ការ​បង្ហាញ​ពី​ទោសពៃរ៍ នៅពេល​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង។

លោក Pieter Van Maaren តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន
បានបញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​នឹង​ពញ្ញាក់​ស្មារតី​របស់​ប្រជាជន​ឲ្យ​យល់ដឹង
អំពី​​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ​និង​ពិតប្រាកដ​នៃ​ការ​ពិសារ​គ្រឿង​ស្រវឹង​ហើយ​បើកបរ បើ​ទោះណាជា​ការ​ក្រេប​គ្រឿង​ស្រវឹង​នោះ​តិចតួច​ក្តី។

យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រសួងមហាផ្ទៃ​សម្រាប់៩ខែ​ដើ​ឆ្នាំ២០១៣ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ២០១២ ពិតមែនតែ​បានបង្ហាញ​ពី​ការថយចុះ៣ភាគរយ ក៏ប៉ុន្តែ​​អ្នកស្លាប់​មាន​ចំនួន​​ស្មើគ្នា​គឺ ១៥១៩នាក់ ឯ​ចំនួន​អ្នករងរបួស​បាន​ថយចុះ៥ភាគរយ ក្នុងនោះ​​អ្នក​រងគ្រោះ​ដល់​ស្លាប់​ និង​អ្នករងរបួស​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហើយ​បើកបរ​ក្នុងពេលគ្រោះថ្នាក់​មាន​ចំនួន១៣ភាគរយ ក្នុងនោះ៦៣ភាគរយ​មាន​អាយុ​ពី ២០ទៅ៣៤ឆ្នាំ។

ការបាត់បង់​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ដោយសារ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​មាន​ប្រមាណ​​ជា​៤៣លាន​ដុល្លារ។ ទោះជា​យ៉ាងនេះ​​ក្តី​​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​បានជា​ប់​ចំណាត់ថ្នាក់​ទី២ បន្ទាប់ពី​ការបើកបរ​លើស​ល្បឿន​កំណត់។ សូមបញ្ជាក់ថា​កម្ពុជា​នៅតែ​មាន​​មនុស្ស​​ស្លាប់​​ជា​មធ្យម៥នាក់ និង១៦​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុង​មួយថ្ងៃ។ កាលពី​ឆ្នាំ២០១២ ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន១៥ ៦១៥នាក់ ក្នុងនោះ​ស្លាប់​១៩៦៦នាក់​និង​របួស ៥៣៤៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ