អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្លាប់យ៉ាងតិច ​៣១នាក់ ​ក្នុង​ភេរវកម្ម​ដ៏ធំ​មិនធ្លាប់មាន​នៅ​ស៊ីងជាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ការ​វាយប្រហារ​ភេរវកម្ម​​​ដ៏ធំ​មួយ​បាន​កើតមាន​ឡើង នៅ​ក្នុង​ទីផ្សារ​មួយ​កន្លែង ក្នុងទីក្រុង​អ៊ូរ៉ុមឈី ​តំបន់​ស៊ីងជាំង​ ប្រទេស​ចិន ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៣១នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង ៩០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ នេះ​គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិនធ្លាប់​មាន​ចាប់តាំង​ពី​ផ្ទុះ​អំពើ​បះបោរ​នៅ​ស៊ីងជាំង។

កង​ប៉ូលិស​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ពង្រាយ ដើម្បី​ទប់ទល់​នឹង​អំពើ​បះបោរ​នៅ​ស៊ីងជាំង (រូបថតឯកសារ)
កង​ប៉ូលិស​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ពង្រាយ ដើម្បី​ទប់ទល់​នឹង​អំពើ​បះបោរ​នៅ​ស៊ីងជាំង (រូបថតឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ភេរវកម្ម​បាន​កើតឡើង នៅ​វេលាម៉ោង ៧ និង​៥០នាទី​ព្រឹក ម៉ោង​ក្នុងស្រុក។ មន្រ្តី​អាជ្ញាធរ​តំបន់​ស៊ីងជាំង​បាន​ឲ្យដឹង​ថា រថយន្ត​ពីរ​គ្រឿង​បាន​បើក​សម្រុក​ចូល​ក្នុង​ទីផ្សារ​មួយ​កន្លែង ដោយ​បាន​បោះគ្រាប់បែក​ជាច្រើន​គ្រាប់​ចេញ​ពី​រថយន្ត​ទៅលើ​ហ្វូងមនុស្ស។ បន្ទាប់​មក​រថយន្ត​មួយ ក្នុង​ចំណោម​ទាំង​ពីរ​គ្រឿង​ក៏​ត្រូវ​ផ្ទុះខ្លួនឯង​ផងដែរ។ យោងតាម​សាក្សី​នៅ​កន្លែង​កើតហេតុ គេ​ឮសូរ​សំឡេង​ផ្ទុះ​ប្រមាណ​ជាង ១០គ្រាប់ នៅ​ក្នុង​ការ​វាយប្រហារ​នេះ។

រហូតមក​ទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​ក្រុមណា​ចេញ​មុខ​ប្រកាស​ទទួលខុសត្រូវ ក្នុងការ​វាយប្រហារ​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ជាទូទៅ​ថា នៅ​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ស៊ីងជាំង ក្នុងមួយ​រយៈ​កាល​ចុងក្រោយ​នេះ គឺ​ជា​ស្នាដៃ​របស់​ក្រុមបះបោរ​អ៊ុយហ្គួ។ ការវាយប្រហារ​ ដូចជា ការ​ចូលកាប់​សម្លាប់​អ្នក​ដំណើរ​ដោយ​ឥតរើសមុខ នៅ​ស្ថានីយ៍រថភ្លើង​នៅ​គុនមីង និង​ការ​បើក​ឡាន​បុក​អ្នក​ដំណើរ​ ហើយ​បន្ទាប់​មក​ធ្វើ​អត្តឃាត​ខ្លួនឯង នៅ​​ទីលាន​ធាន​អានមេន ក្នុង​ទីក្រុង​ប៉េកាំង ជាដើម ត្រូវ​បាន​អាជ្ញាធរ​ចិន​កំណត់​មុខ​សញ្ញា​ថា​ជា​ក្រុម​ភេរវជន​អ៊ុយហ្គួ។ ក៏ប៉ុន្តែ មាន​អង្គការ​ សមាគម​អ៊ុយហ្គួ​ខ្លះ ធ្លាប់​បាន​លើកឡើង​ថា ការ​វាយប្រហារ​អស់ទាំងនេះ​អាច​ជា​ស្នាដៃ​ក្រុម​អ៊ុយហ្គួ​ជ្រុល​និយម​មួយ​ក្រុម​តូច ក៏ប៉ុន្តែ មិនមែន​មានន័យថា ឲ្យ​តែ​ជនជាតិ​អ៊ុយហ្គួ ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សុទ្ធតែ​ជា​ភេរវជន​ទាំងអស់​ទេ។
 
នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ គេ​​សង្កេតឃើញថា អំពើ​ហិង្សា ដែល​ពីដំបូង​កើតចេញ​ពី​ការ​​បះបោរ​ នៅ​ស៊ីងជាំង បាន​កើតមាន​ឡើង​កាន់តែ​ញឹកញាប់ ហើយ​​កំពុងតែ​រាលដាល​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត។ ​ការ​វាយប្រហារ​​​ខ្លះ ស្ថិត​នៅ​ចម្ងាយ​​​រាប់ពាន់​គីឡូម៉ែត្រ​ពី​ស៊ីងជាំង ដូចជា ការ​វាយប្រហារ​នៅ​ទីលាន​ធានអានមេន នៅ​ប៉េកាំង និង​​នៅ​ស្ថានីយ៍​រថភ្លើង​គុនមីង ជាដើម។

►សូមអាន៖ ការ​វាយប្រហារ​នៅ​គុនមីង​ជា​សញ្ញា​បង្ហាញ​ពី​ការ​វិវឌ្ឍ​នៃ​អំពើហិង្សា​នៅ​ស៊ីងជាំង

ម្យ៉ាងទៀត ការ​វាយប្រហារ​នីមួយៗ​មាន​ទម្រង់​កាន់តែ​ធំឡើង ហើយ​​មាន​លក្ខណៈ​ជា​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត ដូចដែល​គេ​ធ្លាប់​ឃើញ​មាន នៅ​ក្នុង​សកម្មភាព​របស់​ក្រុម​ភេរវជន​អន្តរជាតិ ដូចជា អាល​កៃដា​ ជាដើម។

ជាក់ស្តែង គេ​ឃើញ​ថា ការ​វាយប្រហារ នៅទីក្រុង Urumqi ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ការ​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំបំផុត​ ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​​ ចាប់តាំង​ពី​ផ្ទុះ​អំពើ​បះបោរ​នៅ​ស៊ីងជាំង​មក។ ចំនួន​អ្នក​ស្លាប់ និង​របួស​ក៏​មាន​ច្រើន​មិន​ធ្លាប់​មាន។ ទម្រង់​នៃ​ការ​វាយប្រហារ​ក៏​មាន​ទ្រង់ទ្រាយធំ ហើយ​ការ​វាយប្រហារ​ដោយ​​​សំដៅ​ទៅលើ​ទីផ្សារ​ដែល​មាន​មនុស្ស​អ៊ូអរ មានន័យថា ភេរវជន​មាន​ចេតនា​ចង់​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស យ៉ាង​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន។

កន្លងមក គេឃើញ​ថា ការ​វាយប្រហារ​ភេរវកម្ម​បែបអត្តឃាត ដែល​សំដៅ​ទៅលើ​ទីផ្សារ​បែបនេះ ​តែងតែ​​កើតឡើង នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ឬ​ប៉ាគីស្ថាន​ ហើយ​វា​ជា​អំពើ​ភេរវកម្ម តាម​បែប​ពួកតាលីបង់ ឬ​ពួក​អាល់កៃដា។

ក៏ប៉ុន្តែ លក្ខណៈពិសេស​នៃ​អំពើ​ភេរវកម្ម​នៅ​ស៊ីងជាំង ហើយដែល​អាច​​​ជា​បញ្ហា​ឈឺក្បាល​សម្រាប់​អាជ្ញាធរ​ចិន គឺ​គេមិនសូវ​ជា​មាន​ព័ត៌មាន​ច្បាស់លាស់​ អំពី​មេដឹកនាំ ឬ​អង្គការ​ចាត់តាំង​របស់​ក្រុម​ភេរវជន​នៅ​ស៊ីងជាំង​នេះទេ។ រាល់​លើក នៅ​ពេល​ដែល​មាន​ការវាយប្រហារ​ភេរវកម្ម​ម្តងៗ គេតែងតែ​ឮ​អាជ្ញាធរ​ចិន​ចោទថា​ជា​ស្នាដៃ​របស់​ក្រុម​ភេរវជន​អ៊ុយហ្គួ​នៅ​ស៊ីងជាំង ក៏ប៉ុន្តែ សួរ​ថា​តើ​ក្រុម​ណា​ពិតប្រាកដ? ហើយ​អ្នកណា​ជា​មេដឹកនាំ? បើ​និយាយ​ពី​ជនជាតិ​អ៊ុយហ្គួ​នៅ​ស៊ីងជាំង គឺ​មាន​សរុប​ទាំងអស់​ជាង ១០លាន​នាក់។ តើ​​​ត្រូវ​ចាត់ទុក​ជនជាតិ​អ៊ុយហ្គួ​​ទាំង ១០លាននាក់​នេះជា​ជនសង្ស័យ​ភេរវជន​ទាំងអស់​ឬ​ក៏​យ៉ាងណា? នេះ​ហើយ​ជា​បញ្ហា​ចោទ​ដ៏ធំ របស់​អាជ្ញាធរ​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ស៊ីងជាំង។
 
►សូមអាន៖ មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​បះបោរ​របស់​ពួក​អ៊ុយហ្គួ​នៅ​ស៊ីងជាំង​ប្រទេស​ចិន

ជាទូទៅ គេ​ឃើញ​ថា ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ភេរវកម្ម ​អាជ្ញាធរក្រុងប៉េកាំង តែងតែ​ធ្វើការ​រឹតបន្តឹង​សន្តិសុខ​ និង​អនុវត្ត​នយោបាយ​តឹងរ៉ឹង​ទៅលើ​ពួក​អ៊ុយហ្គួ នៅ​ស៊ីងជាំង​ទាំងមូល។ ជាក់ស្តែង ភ្លាមៗ ក្រោយ​ពី​មាន​ការ​វាយប្រហារ​នៅ​អ៊ូរ៉ុមឈី នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​​​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​រឹតបន្តឹង​សន្តិសុខ និង​ព្រមាន​ថា​នឹង​ដាក់​ទោស​ធ្ងន់ធ្ងរ​ដល់​ក្រុមភេរវជន។
 
ក៏ប៉ុន្តែ បើ​មើល​ទៅលើ​អ្វី​ដែល​បាន​កើតឡើង មួយរយៈកាល​ចុងក្រោយ​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​​ថា ការ​រឹតបន្តឹង​សន្តិសុខ និង​ការ​ប្រើ​វិធានការ​ក្តៅ​បង្រ្កាប​ទៅលើ​ក្រុម​អ៊ុយហ្គួ​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​នោះទេ។ អាជ្ញាធរ​កាន់តែ​រឹតបន្តឹង​សន្តិសុខ កាន់តែ​បង្រ្កាប​ដាក់ទោស​លើ​ពួក​អ៊ុយហ្គួ អំពើ​ហិង្សា​កើតមាន​កាន់តែ​ច្រើន មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ ហើយ​រាលដាល​ចេញ​ពី​តំបន់​ស៊ីងជាំង​ថែមទៀត។

តាមពិត វិធានការ​តឹងរ៉ឹង​​ទៅលើ​ពួក​អ៊ុយហ្គួ​នេះ​ ក៏​អាច​ជា​មូលហេតុ​ចម្បង​មួយ​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​រីករាល​ដាល​នៃ​អំពើ​ហិង្សា​នៅ​ស៊ីងជាំង ពីព្រោះ​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើការ​បង្រ្កាប​កាន់តែ​ខ្លាំង ពួក​អ៊ុយហ្គួ​កាន់តែ​ច្រើន​នាំគ្នា​រត់គេច​ពី​ការ​បង្រ្កាប ហើយ​ភៀសខ្លួន​​នៅ​ប្រទេស​ជិតខាង។ ខ្លះ​បាន​រត់ភៀសខ្លួន​រហូត​ទៅដល់​ប៉ាគីស្ថាន ឬ​អាហ្វហ្កានីស្ថាន ដែល​សុទ្ធតែ​ជា​សម្បុក​របស់​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម។ នេះ​គឺ​ជា​ឱកាស​មួយ ដែល​អាច​ធ្វើ​ឲ្យ​ពួក​អ៊ុយហ្គួ​ខ្លះ​ត្រូវ​ធ្លាក់​ចូល​ក្នុង​គំនិត​ជ្រុលនិយម ហើយ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​ក្រុម​តាលីបង់ ឬ​អាលកៃដា រួចហើយ​ក៏​វិលត្រឡប់​ចូល​មក​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​ចិនវិញ។

ដូច្នេះ នៅ​ពេល​ដែល​អាជ្ញាធរ​ចិន​បង្រ្កាប​កាន់តែ​ខ្លាំង គឺ​ដូចជា​កាន់តែ​​រុញ​ពួក​អ៊ុយហ្គួឲ្យ​ធ្លាក់​ទៅ​ក្នុង​គន្លងផ្លូវ​ជ្រុល​និយម​កាន់តែ​ខ្លាំង ហើយ​ចេះ​វិធី​វាយប្រហារ​ភេរវកម្ម​កាន់តែ​ច្រើនជាងមុន​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ