អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​លុបចោល​ភាពអាសន្ន​នៅ​បាងកក​ក្រោយពី​បាតុកម្ម​ប្រឆាំង​មាន​ការ​ថមថយ

រដ្ឋាភិបាល​​ថៃ​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​លុបចេញវិញ​ភាព​អាសន្ន​ ដែល​ត្រូវបាន​ដាក់​នៅ​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជុំវិញ​បាងកក ចាប់ពីថ្ងៃ​ពុធ​ស្អែក​នេះទៅ។ ច្បាប់​ប្រកាសអាសន្ន ដែល​ត្រូវ​បាន​ដាក់​តាំង​ពី​ជិតពីរខែ​មុន ដើម្បី​ទប់ទល់​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី​ថៃ (រូបថតឯកសារ)
លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី​ថៃ (រូបថតឯកសារ) REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​អាសន្ន នៅ​ក្នុង​ និង​ជុំវិញ​ទីក្រុង​បាងកក នឹង​ត្រូវ​ជំនួស​មកវិញ ដោយ​ច្បាប់​ពិសេស​មួយ ដែល​មាន​ឈ្មោះថា “ច្បាប់​សន្តិសុខ​ផ្ទៃក្នុង” ដែល​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃ​ពុធ រហូត​ដល់​ថ្ងៃ​ទី៣០ ខែមេសា។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ការិយាល័យ​លោកស្រី​នាយករដ្ឋមន្រ្តី​​យីងឡាក់ នៅថ្ងៃ​អង្គារ​នេះ។

លោកស្រី​យីងឡាក់​ផ្ទាល់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការដក​ច្បាប់​ប្រកាស​អាសន្ន​នេះ គឺ​ធ្វើឡើង ដើម្បី​ស្តា​ទំនុកចិត្ត​ក្នុងវិស័យ​សេដ្ឋកិច្ច និង​ជាពិសេស វិស័យ​ទេសចរណ៍។

គួររំឭកឡើងវិញ​ថា ច្បាប់​ប្រកាស​អាសន្ន​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ប្រកាស​ដាក់ នៅ​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជាយក្រុង​បាងកក កាលពីថ្ងៃ​ទី២២ មករា ក្រោយ​ពី​ក្រុមប្រឆាំង​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម ក្នុងគោលដៅ​រំខាន​ដល់​ការបោះឆ្នោត​ជាតិ កាលពីថ្ងៃ​ទី២ កុម្ភៈ។

ក៏ប៉ុន្តែ បើទោះជា​មាន​ច្បាប់​ប្រកាស​អាសន្ន​នេះ​ក៏​ដោយ ក៏​ក្រុម​បាតុករ​ប្រឆាំង​ នៅតែ​អាច​រំខាន​ដល់​ដំណើរការ​បោះឆ្នោត រហូត​ធ្វើ​ឲ្យ​ការិយាល័យ​បោះឆ្នោត​ជាច្រើន​មិន​អាច​បើក​ទ្វារ​ដំណើរការ​បាន។ ផ្ទុយ​ទៅវិញ ច្បាប់​ប្រកាស​អាសន្ន​នេះ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​វិស័យ​ទេសចរណ៍​របស់​ថៃ ព្រមទាំង​បង្ក​ឲ្យ​មាន​​ក្តីព្រួយបារម្ភ​ អំពី​ការ​ធ្លាក់ចុះ​នៃ​វិនិយោគ​បរទេស ក្នុង​ប្រទេស​ថៃ។

ដោយ​ហេតុ​នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ដកច្បាប់​នេះ​ចេញ​វិញ នៅពេលនេះ។ ម្យ៉ាងទៀត គេសង្កេតឃើញ​ថា ចំនួន​បាតុករ​ប្រឆាំង​ក៏​​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដែរ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​នាំគ្នា​ប្រមូលផ្តុំ​​ច្រើន​​នៅ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ គឺ​នៅ​ក្នុង​សួនមួយ នៅ​កណ្តាល​ក្រុង​បាងកក។

កាលពីសប្តាហ៍​មុន ធនាគារ​កណ្តាល​ថៃ​បាន​សម្រេច​កាត់បន្ថយ​អត្រា​ការប្រាក់​របស់​ខ្លួន​មកនៅ​ត្រឹមតែ ២% ប៉ុណ្ណោះ ដែល​ជា​អត្រា​មួយ​ទាប​បំផុត​មិន​ធ្លាប់មាន ក្នុងរយៈពេល​ ៣ឆ្នាំ​កន្លងទៅនេះ។ នេះ​គឺ​ដោយសារតែ​ធនាគារ​កណ្តាល​ថៃមាន​ការបារម្ភ​ថា វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ​​អាច​នឹង​បង្ក​ផលប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ