អានតួអត្ថបទ
ថៃ

មេដឹកនាំ​ក្រុម​អាវក្រហម​ប្រកាស​ត្រៀម​ចេញ​ធ្វើ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​យីងឡាក់

នៅថ្ងៃ​ពុធ​នេះ មេដឹកនាំ​ក្រុម​អាវក្រហម ដែល​គាំទ្រ​លោក​ថាក់ស៊ីន បាន​ប្រកាស​ថា ពួកគេ​ត្រៀមខ្លួន​រូចជាស្រេច ក្នុងការ​ចេញ​ធ្វើ​បាតុកម្ម ដើម្បី​គាំទ្រ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់។ ការ​ព្រមាន​ធ្វើ​បាតុកម្ម​នេះ ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​ក្រុម​ប្រឆាំង​បាន​ទាមទារ​ឲ្យ​ចាប់ខ្លួន​លោកស្រី​យីងឡាក់ យក​ទៅកាត់ទោស​ពី​បទក្បត់ជាតិ។

បាតុកម្ម​របស់​ក្រុម​អាវក្រហម កាលពីពេល​កន្លងមក (រូបថតឯកសារ)
បាតុកម្ម​របស់​ក្រុម​អាវក្រហម កាលពីពេល​កន្លងមក (រូបថតឯកសារ) ©Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ចតុផន ព្រំផាន (Jatuporn Promphan)មេដឹកនាំ​ក្រុម​អាវក្រហម​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នៅថ្ងៃ​ពុធ​នេះ​ថា ពួកគេ​អាច​​នឹងប្រមូលផ្តុំគ្នា​ចេញ​ធ្វើ​បាតុកម្ម​​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល ហើយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​​មាន​ចំនួន​ច្រើន​ជាង​ក្រុម​អ្នក​ប្រឆាំង។

ការគំរាមចេញ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​អាវក្រហម​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​គ្រោះថ្នាក់ នៅ​ក្នុង​វិបត្តិ​នយោបាយ​ថៃ​បច្ចុប្បន្ន ដែល​អាច​ឈាន​ទៅ​ដល់​ការ​ប្រឈមមុខ​ដាក់​គ្នា ដោយ​អំពើ​ហិង្សា រវាង​ក្រុម​ប្រឆាំង និង​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី​យីងឡាក់។

មេដឹកនាំ​ក្រុម​អាវក្រហម​ព្រមាន​ដឹកនាំ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល នៅ​ក្រោយ​ពេល​ដែល​​មេដឹកនាំ​ក្រុម​ប្រឆាំង គឺ​លោក​ស៊ុថេប ធៀកសុបាន បាន​ប្រកាស​ទាមទារ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​លោកស្រី​យីងឡាក់ យក​មក​កាត់ទោស​ពីបទ​ក្បត់ជាតិ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃ​ចន្ទ លោកស្រី​យីងឡាក់ បាន​សុខចិត្ត​រំលាយ​សភា ហើយ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ។ បច្ចុប្បន្ន លោកស្រី​នៅ​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ចាំផ្ទះ ទម្រាំ​ដល់​ពេល​មាន​ការ​បោះឆ្នោត​ថ្មី នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ ក្រុម​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ ហើយ​ទាមទារ​ឲ្យ​ក្រុមគ្រួសារ​ស៊ីណាវ៉ាត់​ទាំងអស់​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ។

កាល​ពីថ្ងៃ​ចន្ទ លោក​ស៊ុថេប បាន​ប្រកាស​ទុកពេល​ ២៤ម៉ោង ឲ្យ​លោកស្រី​យីងឡាក់​លាឈប់ ក៏ប៉ុន្តែ ការទាមទារ​នេះ​ត្រូវ​បាន​លោក​ស្រី​យីងឡាក់​ច្រានចោល កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅថ្ងៃ​ពុធ​នេះ លោកស៊ុថេប​បាន​​​ប្រកាស​ស្នើ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​លោកស្រី​យីងឡាក់ ពីបទ​ក្បត់ជាតិ ក្នុងហេតុផល​ថា លោកស្រី​មិន​ស្តាប់​បញ្ជា​របស់​ប្រជាជន។

ក៏ប៉ុន្តែ មេដឹកនាំ​ក្រុម​អាវក្រហម​បាន​ព្រមាន​តប​ទៅ​លោក​ស៊ុថេប​​វិញ​ថា មុននឹង​និយាយ​អ្វី​មួយ លោក​ស៊ុថេប​គួរតែ​នឹកចាំ​ថា មាន​ប្រជាជន​ថៃ​រាប់​លាន​នាក់​ ដែល​ស្រឡាញ់​លោក​ថាក់ស៊ីន និង​គ្រួសារ​ស៊ីណាវ៉ាត់ ហើយ​ថា លោក​ស៊ុថេប មិនមាន​សិទ្ធិអំណាច​អ្វី ដែល​អាច​និយាយ​ក្នុងនាម​ប្រជាជន​ថៃ​ទូទៅបាន​នោះទេ។

គួររំឭកឡើងវិញ​ថា លោក​ស៊ុថេប ធៀកសុបាន គឺ​ជា​អតីត​ឧបនាយករដ្ឋមន្រ្តី និង​ជា​អតីត​​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង ដែល​មាន​ឈ្មោះ​ថា​ “គណបក្ស​ប្រជាធិបតេយ្យ” ក៏ប៉ុន្តែ បដិសេធ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ផ្ទុយទៅវិញ ទាមទារ​ឲ្យ​ផ្តល់​អំណាច​រដ្ឋ​ទៅ​ឲ្យ “ក្រុមប្រឹក្សា​ប្រជាជន” ដែល​​​​មិន​កើតចេញ​ពី​ការ​បោះឆ្នោត​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ