អានតួអត្ថបទ
ថៃ

គណបក្ស​ភឿថៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ឯ​​ក្រុមប្រឆាំង​ប្រកាស​ធ្វើ​បាតុកម្ម​បិទ​ក្រុង​បាងកក

គណបក្សភឿថៃ​របស់​លោកស្រី​យីងឡាក់​ចាប់ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅថ្ងៃ​សៅរ៍​នេះ ក្នុងពេល​ដែល​ក្រុម​ប្រឆាំង​ប្រកាសត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​បិទ​ក្រុង​បាងកក​ទាំងមូល ចាប់ពីថ្ងៃ​ទី១៣​មករា​ខាងមុខ​នេះ​តទៅ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់ផ្តើម​ដោយ​គ្មាន​គណបក្ស​ប្រឆាំង ដែល​ប្រកាស​​ធ្វើ​ពហិការ​មិនចូលរួម​ក្នុងការ​បោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​ទី២ កុម្ភៈ​ខាងមុខនេះ។

រូបភាព​របស់​លោកស្រី​យីងឡាក់​ត្រូវ​បាន​បិទផ្សាយ​ នៅ​ក្រុង​បាងកក ក្នុង​ពេល​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត
រូបភាព​របស់​លោកស្រី​យីងឡាក់​ត្រូវ​បាន​បិទផ្សាយ​ នៅ​ក្រុង​បាងកក ក្នុង​ពេល​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់ ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​រៀបចំ​មិទ្ទិញធំៗ នៅ​​តាម​តំបន់​ជាយក្រុង​បាងកក និង​នៅ​​​បណ្តា​ខេត្ត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស ដែល​ជា​មូលដ្ឋាន​នៃ​អ្ន​កគាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ ថាក់ស៊ីន ស៊ីណាវ៉ាត់។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​បក្ស​ប្រឆាំង​ ហើយ​មិនដែល​ឈ្នះឆ្នោត​ម្តងសោះ នៅ​ក្នុងរយៈពេលពីរទសវត្សរ៍​​កន្លងទៅនេះ បាន​ប្រកាស​ធ្វើ​ពហិការ​មិនចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​​បានចូលរួម​​គាំទ្រ​បាតុកម្ម ដឹកនាំ​ដោយ​អតីត​ឧបនាយករដ្ឋមន្រ្តី និង​តំណាងរាស្រ្ត​ប្រឆាំង គឺ​លោក​ស៊ូថេប ធឿកស៊ូបាន។

ក្រុមប្រឆាំង​ថៃ​គ្រោង​នឹង​ធ្វើ​បាតុកម្ម និង​ការ​ដង្ហែ​ក្បួន​មួយចំនួន ចាប់ពីថ្ងៃ​អាទិត្យ​ស្អែក​នេះ​ទៅ ដើម្បី​ឈាន​ទៅ​ការ​ធ្វើ​បាតុកម្ម​​ទ្រង់ទ្រាយធំ ក្នុងគោលដៅ​​​កាន់កាប់​ក្រុង​បាងកក​ និង​បិទ​ដំណើរការ​របស់​រដ្ឋាភិបាល ចាប់ពីថ្ងៃ​ទី១៣ ខែមករា ខាងមុខ​នេះ​ទៅ។ ក្រុមបាតុករ​ប្រឆាំង​ថៃ​​​ក៏​បាន​ព្រមាន​ផងដែរ​ថា ពួកគេ​នឹង​អុកឡុក​រំខាន​ ដល់​ដំណើរការ​បោះឆ្នោត ដែល​គ្រោង​ធ្វើ នៅថ្ងៃទី២ កុម្ភៈ​ខាងមុខ​នេះ។ ក៏ប៉ុន្តែ គណៈកម្មការ​បោះឆ្នោត​ថៃ​បាន​ប្រកាស​ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការបោះឆ្នោត​នឹង​ត្រូវ​រៀបចំ​ធ្វើ​ទៅតាម​ការ​គ្រោង​ទុក។

នៅ​ពេលនេះ គេឃើញ​ថា ទីផ្សា​មូលបត្រ​ថៃ ព្រមទាំង​លុយ​បាត​របស់​ថៃ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដោយ​សារ​តែ​អ្នក​វិនិយោគ​កំពុង​តែ​មាន​ការ​បារម្ភ​ខ្លាច​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ប៉ះពាល់​ទៅដល់​វិស័យទេសចរណ៍ និង​ការ​វិនិយោគ​បរទេស។

គេ​នៅចាំបាន​ថា កាល​ពី​ឆ្នាំ​២០០៨ ព្រលាន​យន្តហោះ​អន្តរជាតិ​ថៃ​ទាំងពីរ នៅ​ក្រុង​បាងកក ត្រូវ​​ក្រុមអាវលឿង​​កាន់កាប់ នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន។

រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​នេះ គេឃើញ​មាន​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មួយចំនួន បាន​ចេញសេចក្តី​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចៀសវាង​កុំ​ឲ្យ​ទៅ​ជិតទីកន្លែង​ដែល​មាន​បាតុកម្ម ដោយ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​ផ្ទុះឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ