អានតួអត្ថបទ
ថៃ

គម្រោង​កំណែ​ទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​មិន​អាច​បញ្ចុះបញ្ចូល​ក្រុម​ប្រឆាំង​បាន

លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់ ​បានប​ង្ហាញ​ផែនការ​ថ្មី​ នៅ​ថ្ងៃពុធ​នេះ បង្កើត​ក្រុមប្រឹក្សា​ឯករាជ្យ​មួយ​ ទទួល​បន្ទុក​ត្រួតពិនិត្យ​​កំណែទម្រង់។ ថ្វី​បើ​មាន​ទម្រង់​ប្រហាក់​ប្រហែល​នឹង​ “ក្រុមប្រឹក្សា​ប្រជាជន” ទាមទារ​ដោយ​ក្រុមប្រឆឆាំង​ក៏​ដោយ ក៏​ក្រុមនេះ​មិន​ព្រមទទួល​យក​សំណើ​របស់​រដ្ឋាភិបាល​ឡើយ។

លោកស្រី​ យីងឡាក់ បង្ហាញ​គម្រោង​បង្កើត​ក្រមប្រឹក្សា​ឯករាជ្យ​ធ្វើ​កំណែទម្រង់​នយោបាយ​ជាតិ
លោកស្រី​ យីងឡាក់ បង្ហាញ​គម្រោង​បង្កើត​ក្រមប្រឹក្សា​ឯករាជ្យ​ធ្វើ​កំណែទម្រង់​នយោបាយ​ជាតិ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​នេះ មិនមែន​ជា​ស្រមោល​ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល របស់​រដ្ឋាភិបាលឡើយ ! នេះ​ជា​ការ​អះអាង​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ តាម​កញ្ចក់​ទូរទស្សន៍​ ដើម្បី​បង្ហាញ​ពី​គម្រោង​បង្កើត​ ក្រុមប្រឹក្សា​ឯករាជ្យ​មួយ ទទួល​​បន្ទុក​ត្រួតពិនិត្យសិក្សា​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​ជាតិ។​​ មាន​សមាជិក​៤៩៩​នាក់ ជ្រើសរើស​ចេញ​ពី​ចំណោម​បណ្តា​ជន​ថៃ​២ពាន់​នាក់ ពី​គ្រប់​ស្រទាប់​វណ្ណៈ គម្រោង​នេះ​នឹង​ចេញ​ជា​រូបរាង​មាន​ដំណើរការ​ ក្រោយ​ការ​បោះឆ្នោត​ ហើយ​រដ្ឋាភិបាល​គ្មាន​តួនាទី​ចូល​លូក​លំ​ទេ។

 
ទម្រង់​នៃ​ក្រុមប្រឹក្សា​នេះ មាន​លក្ខណៈ​ដូច​គ្នា​​នឹង​ “ក្រុមប្រឹក្សា​ប្រជាជន” ទាមទារ​ដោយ​ប្រមុខ​​​បក្ស​ប្រឆាំង ដើម្បី​មក​ជំនួស​រដ្ឋាភិបាល​ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យ​ល្អិត​ល្អន់ ទើប​ឃើញ​មាន​ភាព​ខុសគ្នា​ គឺ​ក្នុង​គម្រោង​របស់​លោកស្រី​យីងឡាក់​ ក្រុមប្រឹក្សា​​ឯករាជ្យ​នេះ ត្រូវ​មាន​ដំណើរ​ការ​ទន្ទឹម​​នឹង​រដ្ឋាភិបាល។

ការ​ប្រកាស​បង្កើត​ក្រុមប្រឹក្សា​ ក្រោយ​ពី​មាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អស់​ជា​ច្រើន​​​សប្តាហ៍​នេះ មិន​ត្រូវ​បាន ក្រុម​ប្រឆាំង​​​​ទទួល​យក​​ទេ ​ ដោយ​សំអាងថា​ លោក​ថាក់ស៊ីន​ អាច​នឹង​បុក​បញ្ចូល​កម្លាំង​របស់​ខ្លួន​ចូល​មក​ធ្វើ​ជា​សមាជិក​​ ហើយ​ក្រុមប្រឹក្សា​ឯករាជ្យ​នេះ នឹង​បំរើ​ប្រយោជន៍​ត្រកូល​ថាក់​ស៊ីន មិន​មែន​ប្រយោជន៍​ប្រជាជន​ថៃ​ទូទៅ។

លោកថាក់ស៊ីន ជា​បង​ប្រុស​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន កំពុង​រស់​នៅ​និរទេស​ខ្លួន ក្នុង​ក្រុង​ឌូបៃ ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ជា​អ្នកនៅ​ពី​ក្រោយ​ខ្នង​​លោកស្រីយីងឡាក់ ចាំ​ញាក់​ការ​ដឹកនាំ​ប្រទេស។ ក្រុមប្រឆាំង​នេះ​បានសុខចិត្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ លោកស្រី​យីងឡាក់​បាន​ពីរ​ឆ្នាំ​ មុន​នឹង​ងើប​ប្រឆាំង​ឡើយ​វិញ នៅ​ពេល​ឃើញរដ្ឋាភិបាល​ចង់​អនុម័ត​​​ច្បាប់​លើកលែង​ទោស។

មុននឹង​ឈានដល់​ការ​ប្រកាស​បង្កើត​ក្រុមប្រឹក្សា​ឯករាជ្យ លោកស្រី​យីងឡាក់ បាន​សម្រេច​រៀប​ចំ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ ដើម្បី​​ពន្លត់​កំហឹង​តាម​ផ្លូវ ប៉ុន្តែ​ចលនា​បាតុកម្ម​ប្រឆាំង​នៅ​អូស​បន្លាយ​ និង​គ្រោង​ធ្វើ​ពហិការ​មិន​ចូលរួមបោះឆ្នោត​ នៅ​ថ្ងៃ​ទី​២​កុម្ភៈ​២០១៤ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ