អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃ៖ រដ្ឋាភិបាល​ថ្មី​លោកស្រី​យីងឡាក់​ក្នុង​ស្ថានភាព​«ទឹក​លើ​ស្លឹក​ឈូក»

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភា​ថ្មី​ថៃ​ ដែល​បាន​កើត​ចេញ​ជា​រូបរាង​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា ​ចាប់​កំណើត​ផង​ដែរ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​មានន័យ​ថា​ សម័យ​កាល​អ្នក​នយោបាយ​ត្រកូល​ស៊ីណាវ៉ាត្រា​បាន​ចាប់​កំណើត​ឡើង​វិញ​ បន្ទាប់ពី​ត្រូវ​បាន​គេ​ផ្តួល​រំលំ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក។ ​ប៉ុន្តែ ​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​យីងឡាក់​​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ក្រោម​ក្រសែ​ភ្នែក​ដ៏​មាន​អំណាច​របស់​ក្រុម​យោធា។

លោកស្រី​យីងឡាក់ ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​សភា ថ្ងៃ​ទី២ សីហា ២០១១
លោកស្រី​យីងឡាក់ ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​សភា ថ្ងៃ​ទី២ សីហា ២០១១ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​ភឿ​ថៃ​បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ។​ រចនាសម្ព័ន្ធ​​រដ្ឋសភា​ថ្មី​ក្រោយ​ការ​បោះឆ្នោត​បាន​លេច​ចេញ​ជា​រូបរាង​ហើយ​។ ​ប្រធាន​សភា​មួយ​រូប​ និង​អនុប្រធាន​ពីរ​រូប​ត្រូវ​បាន​សភា​ពេញ​អង្គ​បោះឆ្នោត​គាំទ្រ​កាលពី​ថ្ងៃអង្គារ​។ ការ​ចាប់​កំណើត​នៃ​រដ្ឋសភា​ថ្មី​នេះ​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ក្រោយ​ការ​តែង​តាំង​ជា​ផ្លូវការ​ពី​ព្រះមហាក្សត្រ ​រដ្ឋសភា​ត្រូវ​គេ​រំពឹង​ថា​នឹង​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ និង​គណៈរដ្ឋមន្ត្រី​ថ្មី​ នៅ​ចុង​សប្តាហ៍​នេះ។ ​លោកស្រី ​យីងឡាក់ ​ស៊ីណាវ៉ាត្រា ​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដោយ​គ្មាន​ការ​សង្ស័យ​ ដើម្បី​ឡើង​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ស្ត្រី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ។ ​ក៏ប៉ុន្តែ ​«រាត្រីទឹកឃ្មុំ» ​របស់​លោកស្រី​យីងឡាក់​ប្រហែល​ជា​មាន​រយៈពេល​មិន​វែង​ឡើយ។ ​នេះ​បើ​តាម​ការ​ព្យាករ​របស់​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​អាស៊ី។ ​បញ្ហា​ធំៗ​ជាច្រើន​កំពុង​រង់ចាំ​លោកស្រី​នៅ​ពេល​ខាង​មុខ។

មក​ដល់​ចំណុច​នេះ​ គេ​គួរ​ក្រឡេក​ថយក្រោយ​បន្តិច​ទៅ​មើល​អ្វី​ដែល​ជា​បុព្វហេតុ​នាំ​ឲ្យ​គណបក្ស​ភឿថៃ​ឈ្នះឆ្នោត។ ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ស្ត្រី​រូប​នេះ​បាន​សន្យា​ជាច្រើន​ជាមួយ​ប្រជាពល​រដ្ឋ​ថៃ។ ​ការ​សន្យា​ដំឡើង​ប្រាក់​ខែ ការ​ដំឡើង​ថ្លៃ​កសិផល​ជូន​កសិករ​ (ជា​ពិសេស​គឺ​តម្លៃ​ស្រូវ)​ ការ​សន្យា​ផ្តល់​ម៉ាស៊ីន​កុំព្យូទ័រ​ជូន​ដល់​និស្សិត ​ការ​សន្យា​ទប់​មិន​ឲ្យ​តម្លៃ​ម្ហូបអាហារ និង​តម្លៃ​មធ្យោបាយ​ធ្វើដំណើរ​ឡើង​ថ្លៃ​ជាដើម។ តើ​លោកស្រី​យីងឡាក់​អាច​បំពេញ​តាម​ការ​សន្យា​ទាំង​នេះ​បាន​ដែរ​ឬ​ទេ? ​ធនាគារ​ថៃ​មួយ​បាន​ព្រមាន​ទុក​ជា​មុន​ថា ការ​ដំឡើង​ប្រាក់​ខែ ​ឬ​ប្រាក់​កម្រៃ​អប្បបរមា​អាច​ធ្វើ​ឲ្យ​មាន​អតិផរណា។

លើស​ពី​នេះ ​តើ​លោកស្រី​យីងឡាក់​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងណា ​ដើម្បី​បើក​ផ្លូវ​ឲ្យ​បង​ប្រុស​របស់​លោកស្រី​ គឺ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ?​នេះ​ជា​ចំណុច​រសើប​បំផុត​មួយ​ សម្រាប់​ជីវិត​នយោបាយ​របស់​លោកស្រី​ ពី​ព្រោះ​ចូរ​កុំ​ភ្លេច​ថា​ ក្រុម​យោធា​ជា​សត្រូវ​ដល់​ឆ្អឹង​របស់​លោក​ថាក់​ស៊ីន។ ​ដូច្នេះ ​ស្រួល​មិន​ស្រួល​ បញ្ហា​នេះ​អាច​ក្លាយ​ជា​លេស​មួយ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ​ដូច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​៥​ឆ្នាំ​មុន​ ចំពោះ​លោក​ថាក់ស៊ីន​ទៀត​ក៏​មិន​ដឹង។

ចំណុច​សំខាន់​មួយ​ទៀត​ដែល​ជា​បន្ទុក​ធ្ងន់ធ្ងរ​របស់​អ្នក​នយោបាយ​ត្រកូល​ស៊ីណាវ៉ាត្រា ​គឺ​សម្ពាធ​ពី​ក្រុម​អាវក្រហម ​ដែល​គ្មាន​ថ្ងៃ​បំភ្លេច​ឡើយ​នូវ​ការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សា​ ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​លោក​អាភីស៊ីត ​និង​ក្រុម​យោធា​ទៅ​លើ​ពួក​បាតុករ​អាវ​ក្រហម​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន។​ នេះ​ក៏​ជា​ចំណុច​រសើប​មួយ​ទៀត​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​រដ្ឋប្រហារ​យោធា​ដែរ​ ប្រសិន​បើ​មេដឹកនាំ​យោធា​ណា​ម្នាក់​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ។​ ទាំង​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ព្រះវិហារ​ជាមួយ​កម្ពុជា​ផង​ទេ។

រដ្ឋាភិបាល​លោក​អាភីស៊ីត​បាន​ទម្លាក់​បញ្ហា​នេះ​ឲ្យ​រដ្ឋាភិបាល​ភឿថៃ​ជា​អ្នក​ដោះស្រាយ ​នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បញ្ជា​ឲ្យ​ដកទ័ព​ចេញ​ពី​តំបន់​ព្រះវិហារ។ ​មក​ដល់​ចំណុច​នេះ​ គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា ​លោក​អាភីស៊ីត​ទំនង​ជា​នៅ​បន្ត​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​បន្ត​ទៀត​ក្នុង​ឋានៈ​ជា​បក្ស​ប្រឆាំង។ ​ដូច្នេះ​ ការ​សម្រប​សម្រួល​ណាមួយ​ អំពី​បញ្ហា​ព្រះវិហារ​ប្រាកដ​ជា​ត្រូវ​គណបក្ស​ប្រជាធិបតេយ្យ​រុកកួន​ជា​មិន​ខាន។ ​ម្យ៉ាង​ទៀត​ ក្រុម​យោធា​ក៏​មិន​ប្រាកដ​ថា​​គោរព​តាម​រដ្ឋាភិបាល​ថ្មី​ដែរ ​អំពី​រឿង​ព្រំដែន។ ​បញ្ហា​ចាក់​ស្រេះ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អនាគត​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​មិន​ខុស​អ្វី​ពី​ស្ថានភាព​ទឹក​លើ​ស្លឹក​ឈូក​ឡើយ។

សរុប​មក​វិញ ​មិន​ថា​តែ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ទេ​ ប៉ុន្តែ ​នយោបាយ​ប្រទេស​ថៃ​ទាំង​មូល​ពិត​ជា​ពិបាក​នឹង​កែប្រែ​ណាស់​ដរាបណា​ពួក​យោធា​នៅ​តែ​មាន​អំណាច​ខ្លាំង​ ហើយ​ដែល​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​បាន​នោះ។ ​ទោះបី​ជា​លោកស្រី​យីងឡាក់​ខិតខំ​បង្កើន​ភាព​រឹងមាំ​នៃ​រដ្ឋាភិបាល​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ចំនួន​៥​ក៏​ដោយ ក៏​អំណាច​ពិត​ប្រាកដ​នៃ​ប្រទេស​ថៃ ​គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ក្រុម​យោធា​តែ​ដដែល។ ​ស្ថានភាព​នេះ បូក​ផ្សំ​ជាមួយ​នឹង​បញ្ហា​ចាក់ស្រេះ​ដូច​បាន​រៀបរាប់​ខាង​លើ ​វា​ប្រាកដ​ណាស់​ថា​ រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ងាយ​ណាស់​នឹង​ទទួល​រងគ្រោះ​ជាថ្មី​ពី​អំណាច​យោធា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ