អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិនយោបាយថៃ ៖ តុលាការ​ធម្មនុញ្ញ​ព្រម​ឱ្យ​លើក​ពេល​បោះឆ្នោត​មុន​អាណត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ថៃ របស់​លោកស្រី យីងឡាក់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​បាតុកម្មប្រឆាំង​ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ជិត​បី​ខែ​​មក​ហើយ​នោះ កំពុង​រង​សម្ពាធ​មួយ​កំរិត​បន្ថែម​ទៀត ដោយ​​នៅ​ថ្ងៃ​សុក្រ​នេះ តុលាការ​ធម្មនុញ្ញ បាន​សម្រេច​ឱ្យមាន​ការ​​លើក​ពេល​បោះឆ្នោត​មុន​អាណត្តិ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២ កុម្ភៈ​វិញ​ ដោយ​ប្រគល់​ការ​ទទួល​ខុសត្រូវ​សម្រេច​កាល​បរិច្ឆេទ​ថ្មី​​ទៅ​ឱ្យ​ភាគី​រដ្ឋាភិបាល និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ជា​សម្រេច​រួម​គ្នា។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បិទ​ខ្ទប់​នាយកដ្ឋាន​សវនកម្ម ក្រុង​បាងកក ថ្ងៃ​ទី ២៤​មករា ២០១៣
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បិទ​ខ្ទប់​នាយកដ្ឋាន​សវនកម្ម ក្រុង​បាងកក ថ្ងៃ​ទី ២៤​មករា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​សេចក្តី​សម្រេច​​ដ៏​ធ្ងន់​ធ្ងរ​មួយ​សម្រាប់​​​រដ្ឋាភិបាល​លោកស្រី​យីងឡាក់។ រដ្ឋាភិបាល​ដែល​បាន​សម្រេច​រៀប​ចំ​បោះឆ្នោត​មុន​អាណត្តិ ក្នុង​ក្តី​សង្ឃឹម​ថា​ជា​ច្រក​​តែ​មួយ​គត់​នាំ​ប្រទេស​ឱ្យ​ចេញ​ផុត​ពី​វិបត្តិ។ ប្រឈម​មុន​នឹង​ចលនា​បាតុកម្ម​​​អូស​បន្លាយ​អស់​ជិត​បីខែ កណ្តាល​ក្រុង​ជា​រៀង​រាល់​ថ្ងៃ ទាមទារ​ឱ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែងផង គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ មិន​ព្រម​ ហើយ​ប្តឹង​តុលាការ​ទៀត។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្រឹង​អះអាង​ថា​ ការ​បោះឆ្នោត​ថ្ងៃ​ទី​២​កុម្ភៈ ត្រូវ​បាន​ប្រកាស​កំណត់​ដោយ​ក្រិត្យ​ច្បាប់ និង​ដោយ​មាន​ព្រះហស្ថលេខា​ព្រះ​មហាក្សត្រ​ ដែល​មិន​អាច​ប្តូរ​ផ្លាស់​បាន​ឡើយ ក៏​ដោយ។

 
​តុលាការ​ធម្មនុញ្ញ បានសម្រេច​​ឱ្យ​មាន​ការ​លើក​ពេល​បោះឆ្នោត​ និង​បាន​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត មាន​សិទ្ធិ​លើក​កាល​បរិច្ឆេទបោះឆ្នោត។ តុលាការ​បានថែម​ទាំង​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ថៃ និង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត ពិភាក្សា​គ្នា​​រក​កាល​បរិច្ឆេទ​ថ្មី​សម្រាប់​បោះឆ្នោត​ទៀត​ផង។ ព្រោះ​គណៈកម្មការ​ ដែល​ឡើង​ប្តឹង​ដល់​​តុលាការ​ធម្មនុញ្ញ ស្ថាន​ភាព​ផ្ទៃ​ក្នុង​ប្រទេស​ មាន​គ្រោះ​ងាយ​នឹង​ផ្ទុះ​អំពើ​ហិង្សា​ខ្លាំងណាស់។ គ្រោះ​ថ្នាក់​ដែល​មិន​គួរ​នឹង​ត្រូវ​រៀប​ចំ​បោះឆ្នោត​ជាតិ​បាន​ទេ។

 

នឹង​មាន​រដ្ឋប្រហារ​ថ្មី​ ?

ក្រុមបាតុករ​​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​មុន​អាណត្តិ​ តាំង​ពី​រដ្ឋាភិបាល​បាន​ស្នើ​ឡើង​ភ្លាម​មក​ម្ល៉េះ ដោយ​ទាមទារ​តែ​ម្យ៉ាង​គត់ ការ​ចុះ​ចេញ​ពី​តំណែងរបស់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ និង​ដាក់​ជំនួស​មក​វិញ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន ដែល​មិនឆ្លង​កាត់​ការ​បោះឆ្នោត។ វា​ជា​ការពិត​ណាស់​ដែល​ថា​ក្រុម​បាតុករ​ រីករាយ​អប​អរ​ ហើយ​អាច​នឹង​មាន​សេចក្តី​ក្លាហាន​កាន់​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ​

សេចក្តីសម្រេច​របស់​តុលាការធម្មនុញ្ញ ទោះ​ជា​យ៉ាង​ណា​ក្តី​ក៏​មិន​ប្រាកដ​ថា​នឹង​អាច​​បិទ​បញ្ចប់​វិបត្តិ​នាពេល​នេះ​បាន​ដែរ។ ​តុលាការ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធមនុស្ស​ Human Rights Watch ចោទ​ប្រកាន់​ថា​មាន​ជំហរ​ចម្រូង​ចម្រាស លាយ​លំ​នយោបាយ​។ បន្ថែម​ជា​មួយ​នឹង​សម្រេច​ដូច្នេះ តុលាការ​ធម្មនុញ្ញ​ពិត​ជា​នឹង​​ត្រូវទទួល​ការ​រិះគន់​ថា​មាន​លក្ខណៈ​លម្អៀង​។ តុលាការ​ធម្មនុញ្ញ​ធ្លាប់​បាន​ចាត់​ទុក​កាលពី​ខែ​វិច្ឆិកា ថា​ការ​ប៉ុន​ប៉ង​ធ្វើ​កំណែទម្រង់​​រដ្ឋធម្មនុញ្ញ​របស់​សមាជិក​សភា​បក្ស​ភឿថៃ ថា​មា​ន​លក្ខណៈ​ប្រឆាំង​នឹង​​រដ្ឋ​ធម្មនុញ្ញ។ តំណាង​រាស្ត្រ​ជាង​១០​រូប​ ត្រូវ​ប្រឈម​ការ​គំរាម​កំហែង​​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ផង។
សូម​រំលឹក​ថា​ គឺតុលាការ​ធម្មនុញ្ញ​ដដែលនេះ ដែល​បាន​​បណ្តេញអតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្និទ្ធ​នឹង​​ត្រកូល​ថាក់ស៊ីន ចេញ​ពី​តំណែង​ និង​២០០៨​ ឬ​រដ្ឋ​ប្រហារ​ នៅ​ឆ្នាំ​២០០៦។ រដ្ឋ​ប្រហារ​ ដែលអម​ដោយ​បាតុកម្ម​របស់​ក្រុម​បាតុករ​អាវ​លឿង អ្នក​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល ឬ​បក្ស​របស់​​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ រហូត​រុញ​ច្រាន​ប្រទេស​ថៃ ឱ្យធ្លាក់​ក្នុងវិបត្តិ​​ជា​បន្ត​បន្ទាប់​ និង​ភាព​ប្រេះ​ឆា​សង្គម។ យើង​រង់​ចាំ​មើល ថា​តើ​ប្រវត្តិ​ច្រំ​ដែល​នេះ​នឹង​ត្រលប់​មក​លង​រដ្ឋាភិបាល​លោកយីងឡាក់​ទៀត​ឬ​អត់។

ស្ថានភាព​ក្រុង​បាងកក

ក្រុម​អ្នក​ប្រឆាំង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព ប្រមូល​ផ្តុំ​​ធ្វើ​បាតុកម្ម​ពេញទីក្រុង​បាងកក​ដដែល។ នៅ​ថ្ងៃ​នេះ ក្រុមបាតុករ​ បាន​​​​​នាំគ្នា​រារាំង បិទ​ខ្ទប់​នាយក​ដ្ឋាន​សវនកម្ម មិន​ឱ្យ​​បុគ្គលិក​​រាជការ​ចូល​ធ្វើ​ការ​កើត​ឡើយ។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ក្រុង​បាងកក​ និង​ខេត្ត​ជុំ​វិញ​ក្នុង​ភាព​អាសន្ន តាំង​ពី​ថ្ងៃ​ពុធ​មក​ ដែល​អនុញ្ញាត​​ឱ្យ​ប៉ូលិស​អាច​ចាប់​ និង​ឃាត់​ខ្លួន ឬ​បំបែក​ហ្វូង​បាតុកម្ម ឬ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​លើស​ពី​៥​នាក់ ប៉ុន្តែ​ស្ថានការណ៍​ជាក់​ស្តែង​គឺ​មិន​ដូច្នោះ​ទេ។​
​រដ្ឋាភិបាល​ នៅ​តែ​ប្រើ​អំណាច​ទន់​ភ្លន់ ដោយ​​បាន​​ផ្សព្វផ្សាយ​អំពី​វិធានការ​ ហាម​ឃាត់​មិន​ឱ្យ​ប្រជាជន​ប្រមូល​ផ្តុំ​គ្នា​​លើស​ពី​៥​នាក់ និង​នៅ​តាម​កន្លែងហាម​ឃាត់​ លើក​លែង​តែ​ការ​ប្រមូល​ផ្តុំ​ទៅ​បោះឆ្នោត។ ហើយ​រាល់​សកម្មភាព​ដែល​មាន​លក្ខណៈញុះញង់ បង្ក​បញ្ហា​ដល់​សង្គម​ ត្រូវ​ហាមឃាត់​ដែរ។ ប៉ុន្តែ​អ្នក​ទទួល​ត្រូវ​ផ្នែក​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​នេះ មិន​កំណត់​ពេល​វេលា និង​រយៈពេល​ដែល​ត្រូវ​អនុវត្ត​នៅ​ឡើយ​ទេ ព្រោះ​សំអាង​ថា​​ខិត​ខំធ្វើ​គ្រប់​យ៉ាង​ដើម្បីកុំ​​​​ប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ យ៉ាង​តិច​តួច​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ