អានតួអត្ថបទ
វិបត្តិនយោបាយ​ថៃ

ក្រុមអាវ​ក្រហម​ព្រមាន​ថា ​នឹង​មាន​សង្រ្គាមស៊ីវិល​បើសិន​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​ផ្តួល​រំលំ

ដូចការសន្យា ក្រុមអាវក្រហម ក្រុមគាំទ្រ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម នៅទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍ ទី ១០​ឧសភា។ មេដឹកនាំ​អាវក្រហម បាន​ព្រមាន​ដល់​ក្រុម​ប្រឆាំង​ថា ព្រះរាជាណាចក្រ​ថៃ នឹង​អាច​ធ្លាក់ចុះ ទៅក្នុង​សង្រ្គាម​ស៊ីវិល ប្រសិនបើ​រដ្ឋាភិបាល​ចាំផ្ទះ​របស់​បក្ស​ភឿថៃ​ត្រូវដួល​រំលំ​ទៀតនោះ។ 

ក្រុមអាវក្រហម​ចេញមុខ​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ បន្ទាប់ពី​លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ដកចេញ​ពីតំណែងនាយករដ្ឋមន្រ្តី​កាលពីថ្ងៃ​ពុធ
ក្រុមអាវក្រហម​ចេញមុខ​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ បន្ទាប់ពី​លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ដកចេញ​ពីតំណែងនាយករដ្ឋមន្រ្តី​កាលពីថ្ងៃ​ពុធ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត និង​រដ្ឋមន្រ្តី​៩រូប​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដកចេញ​ពីតំណែង កាលពី​ថ្ងៃ​ពុធ ក្រុមអាវក្រហម​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម ដើម្បី​ការពារ​រដ្ឋាភិបាល​ដែល​រងរបួស​របស់ខ្លួន នៅក្រោម​ការការពារ​សន្តិសុខ​ពី​ប៉ូលិស​ជាង​៣ពាន់​នាក់។

 
សម្រាប់​ក្រុមអាវក្រហម គេ​មិនអាច​ទទួល​យកបានទេ រាល់​ការបង្កើត​រដ្ឋាភិបាល និង​ការតែងតាំង​នាយករដ្ឋមន្រ្តី​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំ​ក្រុមអាវក្រហម លោក​ចាទុផន ព្រំផាន បាន​លើកឡើង​ដូច្នេះ បន្ទាប់ពី​ក្រុមប្រឆាំង​រដ្ឋាភិបាល គឺ​ក្រុមអាវលឿង​បាន​ប្រកាស ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដាច់​ដោយឡែក​មួយ​របស់ខ្លួន។ កន្លង​មក ក្រុមបាតុករ​អាវលឿង​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ក្នុង​ ការបង្កើត​ក្រុមប្រឹក្សាប្រជាជន មួយ​ដោយ​គ្មាន​ការបោះឆ្នោត​សម្រាប់​ ដឹកនំា​ប្រទេស​ថៃ។

ក្រុមអាវលឿង​នៅ​តែ​ប្រឆាំង​មិន​ចង់​ឲ្យ​មាន​ការបោះឆ្នោត ដែល​ពួកគេ​វាយតម្លៃថា ត្រូវ​បាន​ក្រុមបក្សពួក​របស់​លោក​ថាក់ស៊ីន​ធ្វើ​ឲ្យ​ពុករលួយ លែង​ដំណើរការ​ប្រកប​ដោយ​យុត្តិធម៌ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទៀតហើយ។ ទោះបី​ជាពួកគេ​បាន​សម្រេច​ក្នុង​ទាមទារ​ឲ្យ​ទម្លាក់​លោកស្រី​យីងឡាក់ ចេញពី​តំណែង​នាយករដ្ឋមន្រ្តី ក្រុមប្រឆាំង​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម ក្នុង​បំណង​ពន្យារ​ពេល មិន​ឲ្យ​មាន​ការបោះឆ្នោត ដែល​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី ២០​កក្កដា​ខាងមុខ។

តាមអ្នកវិភាគ ក្រុមអាវលឿង មិនចង់​ឲ្យ​មាន​ការបោះឆ្នោត ព្រោះពួកគេ​ដឹងថា ពួកគេ​នឹង​ចាញ់​ជា​ប្រាកដ នៅក្នុង​ការបោះឆ្នោត។ បក្សភឿថៃ​របស់​លោក​ថាក់ស៊ីន​នៅតែ​ទទួល​បាន​ការគំាទ្រ​ច្រើន​ពី​ប្រជាជន​នៅ​ជនបទ។ ក្រុមអាវ​លឿង​មាន​ការគាំទ្រ​ច្រើន​ពី​ក្រុម​បញ្ញាវន្ត ទាហាន និង​មន្រ្តីតុលាការ ជាពិសេស គ្រួសារ​រាជវង្ស ដែល​ពេលនេះ​កំពុង​បារម្ភ​ពី​ការបាត់បង់​អំណាច ទល់​នឹង​ការពង្រីក​ឥទ្ធិពល និង​អំណាច​របស់​គ្រួសារ​ថាក់ស៊ីន និង​បក្សពួក​នយោបាយ។
ដោយ​គាំទ្រ​ក្រុមបាតុករ​អាវលឿង​ឲ្យ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង ប្រឆាំង​រដ្ឋាភិបាល រាជវង្ស​ថៃ​ចង់​ឆ្លៀត​យក​ឱកាស​អស្ថិរភាព​នយោបាយ​លើកនេះ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល និង​លុប​បំបាត់​បក្សពួក ថាក់ស៊ីន​និយម​ចេញ​ពី​ឆាក​នយោបាយ​ថៃទាំង​ស្រុង។ ប៉ុន្តែ និន្នាការ​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​ថៃ រិះគន់។ នៅ​សប្តាហ៍នេះ ទីក្រុង​វ៉ាស៊ីនតោន​ដែល​មាន​ការព្រួយបារម្ភ ដោយសារ​វិបត្តិនយោបាយ​នៅ​ថៃ បាន​ជំរុញ​ជាថ្មី​ទៀត ឲ្យ​ប្រទេស​ថៃ ដែល​មានអំណាច​ព្រះមហាក្សត្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ រៀបចំ​ជា​ដាច់ខាត​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា។

គួររំលឹកថា ចាប់តាំង​ពី​វិបត្តិ​នយោបាយ​ដ៏រ៉ាំរ៉ៃ​អស់ជាច្រើន​ខែ រដ្ឋាភិបាល​ថៃ ដើរអូសជើង របស់ក្រុម​លោក​ថាក់ស៊ីន បាន​ដំណើរការ​ដោយគ្មាន​សភា ដែល​ត្រូវ​លោកស្រី​យីងឡាក់ ប្រកាស​រំលាយ​ចោល ដើម្បី​សម្រាល​វិបត្តិនយោបាយ​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ