អានតួអត្ថបទ
កម្ពុជា

អង្គការ​តម្លាភាព​កម្ពុជា​មាន​មូលនិធិ​សម្រាប់​ជួយ​អ្នក​កាសែត​ដែល​ចង់​ធ្វើ​អត្ថបទ​ស៊ើប​អង្កេត

ចាប់​ពី​ពេល​នេះ​តទៅ​ អ្នក​កាសែត​«ឯករាជ»​ដែល​កំពុង​បម្រើ​ការ​នៅ​កម្ពុជា​អាច​ទទួល​បាន​គម្រោង​គាំ​ទ្រ​ផ្នែក​ថវិកា​ពី​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ស៊ើប​អង្គេត​ និង​ស្រាវជ្រាវ​បញ្ហា​ក្តៅ​គគុក​នៅ​ក្នុង​សង្គម​ខ្មែរ។​ មូល​និធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​ការងារ​របស់​អ្នក​កាសែត​ដែល​ខ្វះ​លទ្ធភាព​ថវិកា​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​ណា​មួយ​ដែល​ត្រូវ​ប្រើ​រយៈ​ពេល​យូរ។

អង្គការតម្លាភាពជួបពិភាក្សាគ្នាកាលពីពេលកន្លងមក។
អង្គការតម្លាភាពជួបពិភាក្សាគ្នាកាលពីពេលកន្លងមក។ សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការ​តម្លាភាព​កម្ពុជា ​មាន​គម្រោង​ផ្តល់​ជំនួយ​គាំ​ទ្រ​ថវិកា​ ដល់​អ្នក​កាសែត​«ឯករាជ»​ដែល​កំពុង​ប្រកប​វិជ្ជា​ជីវៈ​នៅ​ប្រទេស​កម្ពុជា។ ​លោក​ ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​បញ្ជាក់​ថា​ អ្នក​កាសែត​អាច​ស្នើសុំ​គម្រោង​ថវិកា ​និង​ធនធាន​ដែល​ចំ​បាច់​សម្រាប់​ការ​ស្រាវ​ជ្រាវ​ ស៊ើប​អង្កេត​ និង​ធ្វើ​សេចក្តី​រាយការណ៍​បែប​វិជ្ជាជីវៈ​ ជុំវិញ​បញ្ហា​ពិត​របស់​កម្ពុជា ​និង​ រិះ​រក​ ផ្តល់​ដំណោះ​ស្រាយ​ដល់​សង្គម​ខ្មែរ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បន្ត​ថា​ អ្នក​សារព័ត៌មាន​ដែល​ចង់​បាន​ការ​គាំទ្រ​នេះ ​មាន​សេរីភាព​ជ្រើស​រើស​ប្រធាន​បទ​ស៊ើប​អង្គេត ​ស្រាវ​ជ្រាវ​ ដោយ​សេរី ​ឲ្យ​តែ​ទាក់​ទង​នឹង​បញ្ហា​សង្គម​កម្ពុជា។​ ប៉ុន្តែ ​អ្នក​ដែល​អាច​ទទួល​បាន​ថវិកា​គាំ​ទ្រ​ពី​គម្រោង​នេះ​ត្រូវ​តែ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​និង​ធ្វើ​ការ​ដោយ​វិជ្ជា​ជីវៈ។

កន្លង​មក​ មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ បាន​ស្នើ​សុំ​គម្រោង​ថវិកា​នេះ ​ហើយ​កំពុង​តែ​អនុវត្ត​គម្រោង។ លោក​ ព្រាប​ កុល​ បញ្ជាក់​ថា ​ចំពោះ​ព័ត៌មាន​និង​អត្ត​សញ្ញាណ​របស់​ អ្នក​កាសែត​ និង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​ស្នើសុំ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ស៊ើប​អង្កេត​នេះ ​ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ ដើម្បី​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ជូន​អ្នក​សារព័ត៌មាន​ទាំង​នោះ។

ទោះ​យ៉ាង​ណា ​អង្គការ​តម្លាភាព​កម្ពុជា​ មិន​បាន​កំណត់ ​ឬ​បញ្ជាក់​ពី​ចំនួន​ថវិកា​ និង​រយៈ​ពេល​នៃ​ការ​អនុវត្ត​គម្រោង​ស៊ើប​អង្កេត​នេះ​ទេ។ លោក​ ព្រាប កុល​ និយាយ​ថា ​ចំនួន​ប្រាក់​ឧបត្ថម្ភ​គាំ​ទ្រ​គម្រោង​នេះ ​គឺ​អាស្រ័យ​លើ​សំណុំ​រឿង​ ធំ​ឬ​តូច​ និង​អាស្រ័យ​លើ​រយៈ​ពេល​ ព្រម​ទាំង​ទី​កន្លែង​នៃ​ការ​អនុវត្ត​គម្រោង។

លោក ​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស ​សមាគម​អាដ​ហុក​ យល់​ថា ​ជា​ការ​ល្អ ​ដែល​មាន​គម្រោង​ជួយ​សម្រាប់​ក្រុម​អ្នក​កាសែត​ឯករាជ​ ដើម្បី​រាយ​ការណ៍​ពី​បញ្ហា​សង្គម។ ​ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ​លោក​ចង់​ឲ្យ​អ្នក​កាសែត​ទាំង​នោះ ​សរសេរ​របាយ​កាណ៍​ស៊ើប​អង្កេត ​ប្រកប​ដោយ​លក្ខណៈ ​បច្ចេក​ទេស ​វិជ្ជា​ជីវៈ​ ច្បាស់​លាស់។

គួរ​កត់​សម្គាល់​ថា​ សារព័ត៌​មាន​នៅ​កម្ពុជា​ជា​ពិសេស​សារព័ត៌មាន​ក្នុង​ស្រុក​មិន​សូវ​មាន​អត្ថបទ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ទេ។ ​បញ្ហា​ដោយ​សារ​តែ​ស្ថាប័ន​សារព័ត៌មាន​ខ្វះ​ធន​ធាន​មនុស្ស ​និង​ធន​ធាន​ថវិកា។​ មូល​និធិ​របស់​អង្គ​ការ​តម្លាភាព​កម្ពុជា​នា​ពេល​នេះ​ អាច​ជា​ដំណោះស្រាយ​មួយ​ដែរ​ ប៉ុន្តែ​ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​មូល​និធិ​ដែល​ម្ចាស់​គម្រោង​ទាម​ទារ​ឲ្យ​ថា​ត្រូវ​តែ​ជា​អ្នក​សារព័ត៌មាន​ឯករាជ​អព្យាក្រឹត​ និង​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ