អានតួអត្ថបទ
កម្ពុជា

តុលាការកំពូល​របស់​សាលាក្តី​ខ្មែរក្រហម​សម្រេច​ដាក់​លោកស្រី អៀង ធីរិទ្ធ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ

អង្គជំនុំជម្រះ​តុលាការកំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម បាន​ចេញ​សេចក្តីសំរេច​ដាក់​ជនជាប់ចោទ លោកស្រី អៀង ធីរិទ្ធ ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន។​

អៀង ធីរិទ្ធិ​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
អៀង ធីរិទ្ធិ​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច ©Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ របស់​តុលាការ​ខ្មែរក្រហម​បង្ហាញ​ថា អង្គជំនុំជម្រះ​តុលាការកំពូល​ក៏​បាន​បង្គាប់​នូវ​របប​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ លើ​ជនជាប់ចោទ លោកស្រី អៀង ធីរិទ្ធ ដោយ​រួម​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​ជា​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង និង​ការ​ត្រួតពិនិត្យ​ប្រចាំខែ ដោយ​នគរបាល​យុត្តិធម៌ ដោយ​ស្រប​ទៅ​តាម​សេចក្តីសម្រេច​របស់​ខ្លួន ដែល​បាន​ចេញ នៅ​ថ្ងៃ​ទី​១៤ ធ្នូ​កន្លង​មក​។

លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ត្រូវ​បាន​រង​នូវ​ការ​ចោទប្រកាន់ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បទ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ ឆ្នាំ​១៩៤៩ និង​បទ​ប្រល័យ​ពូជសាសន៍​។ ក៏​ប៉ុន្តែ​ដោយ​ជនជាប់ចោទ លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​រក​ឃើញ​ថា ពុំ​មាន​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សវនាការ ដោយសារ​មាន​ជំងឺ​វង្វេងវង្វាន់ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ គឺ​លោកស្រី មិន​ត្រូវ​បាន​គេ​នាំ​មក​កាន់​ទោស ក្នុង​សំណុំរឿង​០០២ ដែល​មាន​លោក អៀង សារី លោក ខៀវ សំផន និង​លោក នួន ជា ឡើយ។

រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២ នេះ លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​គេ​ដោះលែង ចេញ​ពី​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ខ្មែរក្រហម តែ​ដាក់​ឲ្យ​លោកស្រី ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ