អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី ៖ ដំណើរ​ឆ្ពោះ​ទៅ​កាន់របប​​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​នេះ ​បណ្តា​ជន​តួកគី​ប្រមាណ ៥៣​លាន​នាក់ ត្រូវ​បោះឆ្នោត​ជ្រើស​រើសដោយ​ផ្ទាល់​ ​ប្រធានាធិបតី​​ មក​ដឹកនាំ​ប្រទេស។ គឺ​ជា​ការ​បោះឆ្នោត​ ជាសកល​ ​លើក​ទី​ដំបូង​ ក្នុង​ប្រវត្តិ​នយោបាយ​តួកគីមែន ប៉ុន្តែ​​​ជា​ការ​បោះឆ្នោត​ដែលគេ​បាន​ដឹង​លទ្ធផល​ជា​មុន​ស្រេច​ទៅ​ហើយ។ លោក នាយក​រដ្ឋមន្ត្រីផុត​អាណត្តិ លោក រ៉េសេប តាយីប អែរដូហ្កេន (Recep Tayyip Erdogan) ទំនង​ជា​នឹង​ត្រូវ​ជាប់​ឆ្នោត​​នៅ​ជុំ​ទី​មួយ​តែ​ម្តង ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល។

ផ្ទាំង​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី​ Recep Tayip Erdogan បេក្ខជន​ប្រធានាធីបតី​ឆ្នាំ​២០១៤
ផ្ទាំង​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី​ Recep Tayip Erdogan បេក្ខជន​ប្រធានាធីបតី​ឆ្នាំ​២០១៤ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​តួកគី​ តាំង​ពី​ជាង​១០​ឆ្នាំ​មុន លោក រ៉េសេប​តាយីបអែរដូហ្កេន ជាមនុស្ស​ដែល​ស៊ូ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ! រាប់​គ្រប់​ការ​ស្ទង់​មតិ តែ​ង​តែ​ឱ្យ​លោក​ឈ្នះ ជា​និច្ច​ និង​ឈ្នះ​ ដាច់​នៅជុំ​ទី​មួយ។ លោក​ រ៉េសេប​តាយីបអែរដូហ្កេន គឺ​ជា​តំណាង​សរសរទ្រូង​នយោបាយ​របស់​តួកគី​ ដែល​ដឹកនាំ​ដោយ​បក្ស​អ៊ីស្លាម​អភិរក្ស AKP។ លោក​អាច​បង្វិល​គូប្រជែង​របស់​ខ្លួន​បាន បង្ក្រាប​ផ្នែក​យោធា​ឡើង​ដល់​ដី និង​បោស​សម្អាត​ កម្ទេច​ហ្មត់​ផង់​ ក្រុមប្រឆាំង​និង​ពុក​រលួយ​ក្នុង​ជួរបក្ស​។

 

បន្ទាប់​ពី​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត ដែល​មាន​ការ​ត្រួត​ពិនិត្យ​​ខ្លាំង​មក លោក រ៉េសេប​តាយីបអែរដូហ្កេន ត្រូវ​តែ​នាំ​មុខ​គូ​ប្រជែង​ ហើយ​អាច​នឹង​បន្ត​ដឹកនាំប្រទេស​យូរអង្វែង​ទៅ​មុខ​ទៀត យ៉ាង​ហោច​ណាស់​ក៏ពីរ​អាណត្តិដែរ​ (មួយ​អាណត្តិ​៥ឆ្នាំ) ពោល​គឺ​អាច​បន្ត​ស្ថិត​នៅ​ជា​ប្រមុខ​ដឹកនាំ​ប្រទេសតួកគី​រហូត​ដល់​ឆ្នាំ២០២៣ ធ្វើ​ជា​មនុស្ស​ខ្លាំង​របស់​តួកគី​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​​ដូច​លោក មូស្តាហ្វា គេម៉ាល បិតា​ជាតិ​តួកគី​សម័យ​ទំនើប​ កាលពី​មួយ​សតវត្សមុន។

​គូ​ប្រជែងនៅ​ទន់​ខ្សោយ​ខ្លាំង

លោក អែកមេឡេតដាំង អ៊ីហ្សាណូហ្លូ ក៏​ប្រសូត​ចេញ​​បក្ស​អ៊ីស្លាម​អភិរក្ស​ ដូច​លោក​នាយក​រដ្ឋមន្ត្រី​ដែរ តែ​ទើប​បំបែក​ខ្លួន​ ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​បក្ស កាលពី​ឆ្នាំ​ទៅ នៅ​ពេល​មាន​វិបត្តិ​អេហ្ស៊ីប​ផ្ទុះឡើង។ លោកគឺ​ជា​តំណាង​​ក្រុម​បំបែក​ខ្លួន​ដែល​ជា​បន្សំ​នៃ​ក្រុម​អ្នកជាតិ​និយម​ផង ក្រុម​អ្នក​មហាជាតិ​និយមផង និង​ក្រុម​អ្នក​សាធារណរដ្ឋ​ ដែល​ជា​កេរ្ត៍​មរតក​បន្សល់​ទុក​​ដោយ​បិតា​ជាតិ​និយមតួកគី​​សម័យ​ទំនើប​ ម៉ូស្តាហ្វា គេម៉ាលផង។

បេក្ខជន​ម្នាក់​ទៀត ដែល​ពិត​ជា​​គូ​ប្រជែង​ខ្លាំង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​នេះ គឺ​ជា​អ្នក​ឆ្វេង​និយម​ គាំទ្រ​ដោយ​គណបក្ស​តូចៗ​ទាំង​ឡាយ ជា​បេក្ខជន​​មាន​ដើម​កំណើត​គៀរឌីស្តង់ ឈ្មោះ សេឡាហាតាំង ដេមៀតាស។ មិន​ត្រឹមតែ​មានវ័យ​ក្មេង រូបស្អាត ស៊ីរូបថតទេ តែ​បេក្ខជន​រូប​នេះ​​មាន​នយោបាយ​ការពារ​​គោលការណ៍​ស្មើភាព​​ក្នុង​សង្គម ស្ត្រី​និង​បុរស ពិសេស​សមភាព​ពូជសាសន៍​ រវាង​ពូជគៀរឌីស្តង់ និងពូជ​តួកគី។ ​បេក្ខជន​រូប​នេះ​ បាន​លេច​មុខ​លេច​មាត់​ ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​បណ្តា​ជន​តួកគី​ និ​ងសន្ទុះ​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​ពុក​រលួយ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ ក្រុម​អ្នក​​ឆ្វេង​និយម​នេះ សង្ឃឹម​ថា​នឹង​ទាក់​ទាញ​សំឡេង​​គាំទ្រ​បាន​លើស​ពី ​៦​ទៅ ៦,៥​%​ លើស​ពី​ទម្លាប់​របស់​ក្រុម​គៀរឌីស្តង់ក្នុង​ការ​បោះឆ្នោត​មុន។  បេក្ខជន​​ ​នេះ​អាច​ប្តូរ​ផ្លាស់​មុខ​មាត់ អ្នក​ឆ្វេង​និយម ប៉ុន្តែ​ត្រូវ​ការពេលវេលា​បន្តិច​សិន។

ប្រព័ន្ធ​ដឹកនាំ​ប្រទេស​តាម​របប​ប្រធានាធិបតី
 
ប្រសិន​បើ​ លោក​ រ៉េសេប​តាយីបអែរដូហ្កេន ត្រូវ​ជាប់​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ឬ​យ៉ាង​យូរ​នៅ​ពីរ​សប្តាហ៍​​ទៀត ប្រសិន​បើ​មាន​ភាព​ចៃដន្យ​អាក្រក់​ណា​មួយ​កើត​ឡើង​ នោះ​ លោក​ រ៉េសេប​តាយីបអែរដូហ្កេន នឹង​ក្លាយ​ជា​ប្រធានាធិបតី​ ដែល​មិន​អព្យាក្រិត្យ​ទេ។ គ្មាន​ហេតុ​ផល​អ្វី​ដែល​លោក​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ជីវិត​នយោបាយ​ ដូច​ប្រមុខ​រដ្ឋ​តួកគី​មុនៗ​ឡើយ ! លោក​ក៏​នឹង​មិន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល ជា​អ្នក​ធានា​រ៉ាប់រង់​ការ​បែង​ចែង​អំណាច​និង​សមភាព​ស្ថាប័ន ដូច​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​តួកគី​ដែរ។

ផ្ទុយ​ទៅ​វិញ​ លោក​ រ៉េសេប​តាយីបអែរដូហ្កេននឹង​ធ្វើ​ជា​ប្រធានាធិបតី​សកម្ម ជា​ប្រធានាធិបតី​ដែល​មាន​អំណាច​ប្រតិបត្តិ និង​មាន​​រដ្ឋាភិបាល​នៅ​ក្រោម​បង្គាប់ ! ធ្លាប់​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​រយៈ​ពេល​១២​ឆ្នាំ ឥលូវ​មក​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី ពិត​ជា​មិន​មែន​ដើម្បី​គ្រាន់​តែ​​ទទួល​យក​តំណែង​កិត្តិយស ដើរ​កាត់​ខ្សែ​បូ​សម្ពោធ​កន្លែង​អ្វីមួយ​ឡើយ។ មហិច្ឆតា​ដ៏​ធំ​ ដែល​កំពុង​រង់​ចាំ​ប្រធានាធិបតី ថ្មី​ នោះ​ការ​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ ទៅ​ជា​របប​ប្រធានាធិបតី។ ប្រព័ន្ធ​ដឹកនាំ​ប្រទេស​តាម​របប​ប្រធានាធិបតី ដូច​នៅ​សហរដ្ឋ​អាមេរិក ឬ​ពាក់ក​ណ្តាល​ប្រធានាធិបតី​ ដូច​នៅ​ប្រទេស​បារាំង ! លោក​ រ៉េសេប​តាយីបអែរដូហ្កេន ចង់​សម្រេច​ធ្វើ​កំណែទម្រង់ ប្តូរ​​ប្រព័ន្ធ​ដឹកនាំ​អាស្រ័យ​សភា ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន​នៅ​តួកគី ទៅ​ជា​របប​ប្រធានាធិបតី ឱ្យ​​បាន​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតីនេះ។

ជាមួយ​នឹង​ការ​ជាប់​ឆ្នោត​ តាម​រយៈ​ការ​បោះឆ្នោត​ជា​សកល​និង​ដោយ​ផ្ទាល់ ជ្រើសរើស​ប្រធានាធិបតី អ្នក​ឈ្នះ​ពិត​ជា​មាន​សិទ្ធិ​សម្រេច​កាន់​តែ​ខ្លាំង !

ត្រួស​ត្រាយ​ផ្លូវ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ

ការ​ប្តូរ​ផ្លាស់​របប​ដឹកនាំ​ប្រទេស ឱ្យ​ទៅ​ជា​របប​ប្រធានាធិបតី តាម​ក្បួន​គឺ​ ត្រូវ​ការ​តែ​ការ​តាក់តែង​សរសេរ​ឡើង​វិញ​ច្បាប់​រដ្ឋធម្មនុញ្ញឆ្នាំ​១៩៨២ ច្បាប់​ចាស់​បង្កើត​ឡើង​ដោយ​របប​សឹក។ តាំង​ពី ឆ្នាំ​២០០៧​មក​ បក្ស​AKP របស់​ លោក​ រ៉េសេប​តាយីបអែរដូហ្កេន មាន​​កម្មវិធី​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ស៊ីវិល ប៉ុន្តែមិន​សម្រេច​សោះ។ ក្រោយការ​បោះឆ្នោត​​ឆ្នាំ​២០១១ គណៈកម្មការ​សភា​ បាន​បង្កើត​ឡើង​ដើម្បី​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ស៊ីវិល តែ​មិន​អាច​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់​នេះ​បាន​ទៀត។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន កំរិត​តួនាទី​ប្រធានាធិបតី​ឱ្យ​ត្រឹមមាន​​តំណែង​កិត្តិយស និង​គ្មាន​ប្រកាន់​បក្ស​នយោបាយ។

ដូច្នេះ​នេះ​ជាឱកាស​នៃ​ការធ្វើ​កំណែទម្រង់ ! មុន​ការ​បោះឆ្នោត​សភា​ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០១៥ អាច​មាន​រនាំង​ខ្លះ ប៉ុន្តែ​ប្រសិន​បើ​គណបក្​ស​AKP  ឈ្នះ​ឆ្នោត​សភា ដោយ​បាន​ទទួល​អាសនៈ​ពី​ភាគី នោះ​ លោក​ រ៉េសេប​តាយីបអែរដូហ្កេន ពិត​ជា​អាច​ដឹកនាំ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​បាន​ដោយ​ស្រួល​ហើយ។

យ៉ាង​ណា​ក៏​ដោយ ក៏​ពេល​នេះ​គ្មាន​អ្នក​ប្រឆាំង​នឹង​របបកាន់​អំណាច​ណា​ម្នាក់​ខ្លាំង​អាច​មក​ប៉ែង​ជើង​ផ្តួល​ លោក​ រ៉េសេប​តាយីបអែរដូហ្កេនបាន​ទេ។ យោធាក៏​លែង​សូវ​មាន​អាទិភាព ប្រព័ន្ធ​តុលាការ របប​ការិយាល័យធិបតេយ្យ ប្រព័ន្ធឃោសនា​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​បក្ស​កាន់​អំណាច​អស់​ទៅ​ហើយ។ នៅ​សល់​តែ​តុលាការ​ធម្មនុញ្ញ​មួយ​ប៉ុណ្ណោះ​ ដែល​ជា​ស្ថាប័ន​កំពូល​​អាច​សម្រេច​ប្រឆាំង​នឹង​​រដ្ឋាភិបាលបាន។ ប៉ុន្តែ​វា​ពិត​ជា​ការ​កម្រ​​​ណាស់​ដែល​ស្ថាប័ន​នេះ​ត្រូវ​ប្រឈម​មុខ​ប្រឆាំង​ចំៗ​នឹង​ប្រធានាធិបតី​។ ម្យ៉ាងទៀត​ស្ថាប័នមួយ​នេះ​​ធ្លាប់​បាន​ជួយ​ស្រោច​ស្រង់​ លោក​ រ៉េសេប​តាយីបអែរដូហ្កេន ​ ​កាលពី​ឆ្នាំ​២០០៨ ឱ្យ​គណបក្ស​AKP​បាន​រួច​ផុត​ការ​រំលាយ​ខ្លួនផង។​

ប្រសិន​ជោគជ័យ​ត្រូវ​ប្រកាស​ប្រគល់​មក​ឱ្យ​លោកមែន​នៅ​ល្ងាច​នេះ នោះ​តួកគី​នឹង​មាន​ដំណើរ​ការ​នយោបាយ​តាម​ប្រព័ន្ធ​​ប្រធានាធិបតី ! ការ​បោះឆ្នោត​មាន​តម្លៃ​ត្រឹម​វាស់​ស្មាន​ថា​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ប៉ែង​អំណាច​អាច​រស់​បាន​ប៉ុណ្ណាប៉ុណ្ណោះ។ បុរ​សខ្លាំង​របស់​តួកគី​​មើល​ឃើញ​ជា​ស្រេច​អនាគត​របស់​លោក​នៅ​ឆ្នាំ​២០២៣ និង​ចង់​ប្រែក្លាយ តួកគី ​ទៅ​ជា​ប្រទេស​មហា​អំណា​ចសេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​១០​ដំបូង​គេ នៅ​ក្នុង​ឆ្នាំ​ទី​​១០០​ ​នៃ​ការ​បង្កើត​សាធារណរដ្ឋតួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ