អានតួអត្ថបទ
តួកគី

ក្រុមប្រឆាំង​តួកគី​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​

នៅថ្ងៃ​សៅរ៍នេះ ក្រុម​ប្រឆាំង​តួកគី បាន​ណាត់គ្នា នៅ​តាម​កន្លែង​មួយចំនួន នៅ​ក្រុង​អ៊ីស្តង់ប៊ូល និង​ក្រុង​ធំៗ​ផ្សេងទៀត ដើម្បី​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​សកម្មភាព​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។ តួកគី​បាន​ដាក់ពង្រាយ​ប៉ូលិស​សន្ធឹកសន្ធាប់ ​​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​​ជាយថា​ហេតុ​ណាមួយ។

ប៉ូលិស​តួកគី​កំពុង​ប្រឈម​ជាមួយ​សកម្មជន​​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីលាន​តាក់ស៊ីម ថ្ងៃ​១៧ឧសភា កន្លងមក។
ប៉ូលិស​តួកគី​កំពុង​ប្រឈម​ជាមួយ​សកម្មជន​​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីលាន​តាក់ស៊ីម ថ្ងៃ​១៧ឧសភា កន្លងមក។ REUTERS/Yagiz Karahan
ផ្សាយពាណិជ្ជកម្ម

តាំង​តែ​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ​ ប៉ូលិស​តួកគី​រាប់ពាន់​នាក់​ ក្នុង​តឺនុយ​ស៊ីវិល និង​តឺនុយ​ប្រឆាំង​កុប្បកម្ម ​បាន​ចូល​ទៅ​​ទីលាន​តាក់ស៊ីម ក្រុង​អ៊ីស្តង់ប៊ូល ​ជា​ទីលាន​ចលនា​បះបោរ​កាលពី​១ឆ្នាំ​មុន​នេះ ដើម្បីចៀសវាង​មិន​អោយ​​មាន​ការជួបជុំគ្នា។ ​ រដ្ឋាភិបាល​តួកគី​ហាម​ជាផ្លូវការ​ មិនអោយ​មាន​ការជួបជុំគ្នា ​នៅ​ជុំវិញ​ទីលាន​តាក់ស៊ីម​នេះទេ។ តួកគីពង្រាយ​កងកម្លាំង​ជាង​២ម៉ឺន​៥ពាន់​នាក់ និង​​កាណុង​បាញ់ទឹក​ជាង​៥០ សម្រាប់​ត្រៀម​ការពារ​ ក្នុង​ថ្ងៃ​ខួប​បះបោរ​នេះ។

នៅ​ថ្ងៃ​សៅរ៍​៣១ឧសភា​នេះ ក្រុម​ប្រឆាំង​រដ្ឋាភិបាល​បាន​ណាត់គ្នា ​នៅ​តាម​ក្រុង​ធំៗ ​ រំលឹក​ខួប១ឆ្នាំ នៃ​ចលនា​បះបោរ​​ប្រឆាំង​រដ្ឋាភិបាល​អភិរក្ស​និយម​អ៊ីស្លាម​។ ​កាលពី​ថ្ងៃ​៣១ឧសភា​ ឆ្នាំ​មុន ប៉ូលិស​បាន​​បណ្តេញ​​​សកម្មជន​បរិស្ថាន ​​រាប់រយ​នាក់ ចេញ​ពី​​ទីលាន​តាក់ស៊ីម។ សកម្មជន​បរិស្ថាន​បាន​តវ៉ា ប្រឆាំង​នឹង​ការកំទេច​បំបាត់​សួនច្បារហ្សិកស៊ី Gezi​​​ ​នៅ​ទីលាន​តាក់ស៊ីម​ ​ក្រុង​អ៊ីស្តង់ប៊ូលនេះ។ ​ចលនា​តវ៉ា​បាន​ក្លាយ​ជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​អ៊ែរដូហ្កាន​តែម្តង។ ចលនា​បង្ក្រាប​របស់​ប៉ូលិស​បាន​​ធ្វើអោយ​មនុស្សស្លាប់​៨នាក់ របួស​ជាង​៨រយនាក់ ហើយ​មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន។

ក្រោយ​មកទៀត រដ្ឋាភិបាល រួម​ទាំងនាយករដ្ឋមន្ត្រី​អ៊ែរដូហ្កាន​ផ្ទាល់ ​​បាន​រងការវាយប្រហារ​ដោយ​​រឿង​អាស្រូវពុករលួយ​ ធ្វើអោយ​មានការរុះរើ​គណៈ​រដ្ឋមន្ត្រី​ ធ្វើអោយ​ប្រជាជន​ចុះ​បាតុកម្ម​​ប្រឆាំង​​បន្តទៀត។ ទោះ​យ៉ាងនេះ​ក្តី លោក​អ៊េរដូហ្កាន បានទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត​​​ឃុំ-សង្កាត់ ហើយ​​កំពុង​ត្រៀម​​ប្រកាស​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​​ខែ​សីហា​ខាងមុខ​ទៀត​ផង។ ក្រោយ​​​មាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​មក លោក​អ៊ែរដូហ្កាន បាន​​ចេញច្បាប់​មួយចំនួន​ មាន​ទិសដៅ​​ពង្រឹង​​​អំណាច​លោក​ក្នុង​តុលាការ ក្នុង​បណ្តាញ​សង្គម​ផ្សេងៗ រួម​ទាំងបង្កើន​អំណច​ដល់​​អ្នកបំរើការ​ផ្នែក​ចារកិច្ច​ដែល​ស្មោះត្រង់​នឹង​​រូប​លោក​ផងដែរ។

ប្រឈម​នឹង​អំណាច​របស់​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល សហជីព និង​​សង្គមស៊ីវិល​ សង្ឃឹម​ថា ថ្ងៃ​សៅរ៍ ថ្ងៃ​​រំលឹក​ខួប​មួយឆ្នាំ​នៃ​ចលនា​បះបោរ​​ប្រឆាំង​រដ្ឋាភិបាល គឺ​ជា​ឱកាស​អោយព្រលឹង​ចលនា​តវ៉ា​​នៅ​​​​សួន​ហ្សិកស៊ី ​​បាន​រស់​រវើក​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ