អានតួអត្ថបទ
អេហ្ស៊ីប

ប្រមុខ​យោធា​​អេហ្ស៊ីប​​ អាល់ស៊ីសស៊ី​ ជួប​ចរចា​ជាមួយ​មេ​ដឹកនាំ​អ៊ីស្លាម​​

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រមុខដឹកនាំ​យោធា​​​ អាប់ឌេល​ ហ្វាតា អាល់ស៊ីសស៊ី ដែល​ជា​បុរសដ៏​​ខ្លាំង​នៅ​ប្រទេស​អេហ្ស៊ីប​ បាន​ជួប​ចរចា​ជាមួយ​មេដឹកនាំ​អ៊ីស្លាម​នានា ដើម្បី​រក​ដំណោះ​ស្រាយ​​ស្រោចស្រង់​វិបត្តិ​នយោបាយ​ដែល​ប្រទេស​​នេះ​​បាន​ជួបប្រទះ​ ចាប់​ពី​ពេល​ដែល​ប្រធានាធិបតី​ម៉ូហាមេឌ មរស៊ី ​ត្រូវ​កងទ័ព​ទំលាក់​ពីតំណែង​មក។ ក្នុង​កិច្ច​ចរចា​នេះ គ្មាន​ការ​ចូលរួម​របស់​មេដឹកនាំ​គណបក្ស​ភាតរ​អ៊ីស្លាម​របស់​លោក​មរស៊ី​ នោះទេ ប៉ុន្តែ​មាន​វត្តមាន​របស់​មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​នានា ដែល​គាំទ្រ​សកម្មជន​លោក​មរស៊ី។

ប្រមុខ​ដឹកនាំ​យោធា​អេហ្ស៊ីប ឧត្តមសេនីយ​ Abdel Fattah al-Sissi
ប្រមុខ​ដឹកនាំ​យោធា​អេហ្ស៊ីប ឧត្តមសេនីយ​ Abdel Fattah al-Sissi EGYPT-PROTESTS/DOWNFALL REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ ដែល​​​​​យោធា​​​អេហ្ស៊ីប បាន​ប្រកាស​ជា​ផ្លូវការ​ នូវ​ជំនួប​របស់​ឧត្តម​សេនីយ​ អាល់ស៊ីសស៊ី និង​មេដឹកនាំ​អ៊ីស្លាម​​នានា។ យោងតាម​ប្រភព​ជិតដិត​នឹង​ព័ត៌មាន​ដែល​ទទួល​បាន​នេះ ​​ថ្វីដ្បិត​មេដឹកនាំ​នានា​នៃ​គណបក្ស​ភាតរ​អ៊ីស្លាម​របស់​លោក​មរស៊ី​ មិន​បាន​ចូលរួម​ក្នុង​កិច្ច​ចរចា​នេះក្តី​ ក៏​មាន​មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​ផ្សេងៗ​ទៀត ដែល​​​​គាំទ្រ​​សកម្ម​ជន​​របស់​លោក​មរស៊ី​នោះ​ ចូលរួម​ដែរ​។ ឧត្តមសេនីយ អាល់ស៊ីសស៊ី ដែល​ជា​មេដឹកនាំ​​ទំលាក់​លោក​មរស៊ី ពីតំណែង​ កាលពី​ថ្ងៃ​៣ កក្កដា កន្លង​មក​នោះ បាន​​ប្រាប់​ថា ឳកាស​​ស្វែង​រក​ដំណោះស្រាយ​សន្តិវិធី នៅ​តែ​មាន​នៅឡើយ ដរាប​ណា​គ្រប់​ភាគី​ទាំង​អស់បោះ​បង់ចោល​នូវ​អំពើ​ហិង្សា។

ភាព​តានតឹង​រវាង​គណបក្ស​ភាតរអ៊ីស្លាម​ និង​យោធា​​អេហ្ស៊ីប នៅ​​តែ​បន្ត​មាន។ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​អេហ្ស៊ីប បាន​​អំពា​វនាវ​អោយ​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​រាប់​ពាន់​នាក់ ដែល​មាន​វត្តមាន​ជាង​មួយ​ខែ​មក​នេះ នៅ​​​ទីលាន​វិហារ​​ រ៉ាបា អាល់អាដា វីយ៉ា​ និង អាល់ណាដា ក្នុង​ទីក្រុងគែរ​ អោយ​រំសាយ​បាតុកម្ម​របស់​ខ្លួន។ ហើយ​បាន​គំរាម​ថា នឹង​ប្រើ​កម្លាំង​បាយ ដើម្បី​​អោយ​ពួកគេ​ចេញពីទីនោះ។ សកម្ម​ជន​គាំទ្រ​លោក​​មរស៊ី នៅ​តែ​ចចេស​មិន​ព្រម​​បញ្ឈប់​បាតុកម្ម ដរាបណា​លោក មរស៊ី មិន​វិលត្រលប់​មក​កាន់តំណែង​វិញទេនោះ។ ទន្ទឹម​នេះ​ដែរ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​​ បន្ទាប់​ពី​បាន​ជួប​ជាមួយ​​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក William Burns មក គណបក្ស​សេរីភាព​និង​យុត្តិធម៌​អេហ្ស៊ីប ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​​មរស៊ី​ បាន​ទាត់ចោល​រាល់​ដំណោះស្រាយ​​​ដែលពឹង​​ផ្អែក​លើ​រដ្ឋប្រហារ​ជាចំបង និង​​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ។

ដោយឡែក តុលាការ​អេហ្ស៊ី​ប​បាន​កំណត់​យក​ថ្ងៃ​ ២៥​សីហា​ខាង​មុខ​នេះ ជា​ថ្ងៃ​សវនការ​កាត់​ក្តី​មេដឹកនាំ​បក្ស​ភាតរអ៊ីស្លាម​៦រូប ជាប់​ចោទ​ពីបទ​​ញុះញង់អោយ​​មាន​​មនុស្ស​ស្លាប់ ព្រោះថា កាលពី​ចុងខែ​មិថុនា មាន​បាតុករ​៨​នាក់​​បាន​បាត់បង់​ជីវិត នៅ​ពេល​ដែល​ពួកគេ​បាន​វាយលុក​​ទីតាំង​បក្ស​ភាតរ​អ៊ីស្លាម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ