អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សា​សន្តិសុខ​បើក​កិច្ចប្រជុំ​បន្ទាន់ បន្ទាប់ពី​អ៊ីស្រាអែល​ប្រកាស​សង់​លំនៅឋាន​នៅ​ជេរូសាឡឹម​ខាងកើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បើកកិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​ពុធ​ទី ២៩ តុលា នៅទីក្រុង​ញូវយ៉ក ដើម្បី​និយាយ​ពី​​គម្រោង​សាងសង់​លំនៅឋាន ថ្មី នៅក្នុង​អាណានិគមកិច្ច​​របស់​អ៊ីស្រាអែល​នៅ​ជេរូសាឡឹម ខាងកើត ទៅតាម​បណ្តឹង​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ប្រកាស​បង្កើន​សកម្មភាព​សាងសង់​លំនៅឋាន​ថ្មី​នៅ​ជេរូសាឡឹម​ខាងកើត ដែល​ប៉ាឡេស្ទីន​បាន​ទាមទារ​ជា​ទឹកដី​របស់ខ្លួន។ ការប្រកាស​វិធានការ​ថ្មី​របស់​អ៊ីស្រាអែល កើតឡើង នៅចំ​ពេល​ដែល អំពើ​ហិង្សា ការប្រឈមមុខ​ដាក់គ្នា​រវាង​ទាហាន​អ៊ីស្រាអែល និង​យុវជន​ប៉ាឡេស្ទីន កំពុងផ្ទុះ​កើតមាន នៅ​ជេរូសាឡឹម ខាងកើត។ 

កម្មករ​ការដ្ឋាន​សំណង់​ឈរ​មើល​សំណង់​លំនៅឋាន​រីកដូចផ្សិត​របស់​អ៊ីស្រាអែល​នៅ​ជេរូសាឡឹម​ខាងកើត
កម្មករ​ការដ្ឋាន​សំណង់​ឈរ​មើល​សំណង់​លំនៅឋាន​រីកដូចផ្សិត​របស់​អ៊ីស្រាអែល​នៅ​ជេរូសាឡឹម​ខាងកើត REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ហ្សកដានី​ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​គំាទ្រ​បុព្វហេតុ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន និង​បាន​នាំ​បណ្តឹង​របស់​ប៉ាឡេស្ទីន​ទៅ ក្រុមប្រឹក្សា​សន្តិសុខ។

 
នៅក្នុង​បណ្តឹង​របស់ខ្លួន អាជ្ញាធរ​ប៉ាឡេស្ទីន បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល បញ្ឈប់​​ជា​បន្ទាន់ គម្រោង​សាងសង់​លំនៅឋាន​ថ្មី​របស់ខ្លួន នៅក្នុង​ទីក្រុង​ជេរូសាឡឹម​ខាងកើត និង​សុំ​ឲ្យ​អ៊ីស្រាអែល​ត្រលប់មក​តុចរចា​ដែល​អ៊ីស្រាអែល​បាន​បោះបង់​ចោល កាលពី​ខែ​មេសា។

កាលពី​ថ្ងៃ​ចន្ទ អ៊ីស្រាអែល​បាន​ប្រកាស​បង្កើន​ល្បឿន​សាងសង់​លំនៅ​ឋាន​ថ្មី ជាង​១ពាន់​ខ្នង នៅ​សង្កាត់​ពីរ ក្នុង​ទីក្រុង​ជេរូសាឡឹម​ខាងកើត។ តាម​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន លោក​ម៉ាមូដ អាបាស តាមរយៈ​នយោបាយ​សាងសង់​លំនៅឋាន​ថ្មី នៅ​ក្នុង​ទឹកដី​កំពុង​មាន​ជម្លោះ អ៊ីស្រាអែល​កំពុង​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ផ្ទុះឡើង នៅ​ជេរូសាឡឹម​ខាងកើត។

ជេរូសាឡឹម​ខាងកើត​ដែល​អ៊ីស្រាអែល​ចូលកាន់កាប់ តាំងពី​ក្រោយ​សម័យ​សង្រ្គាម​៦​ថ្ងៃ​នៅ​ឆ្នាំ ១៩៦៧ ត្រូវ​ប៉ាឡេស្ទីន​ទាមទារ​យក​ទៅ​បង្កើត​ជា​រដ្ឋធានី​របស់ខ្លួន។ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ដើរ​នយោបាយ​ការទូត​យ៉ាងច្រើន នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​សម្រេច​មួយ ដើម្បី បិទ​បញ្ចប់​ ឲ្យ​បាន រាល់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន នៅ​ឆ្នាំ ២០១៦។

តាម​មន្រ្តីទូត​ម្នាក់​នៅ​អង្គការ​សហប្រជាជាតិ គេ​មិន​សូវ​ជឿទុកចិត្ត​ថា កិច្ចប្រជុំ​នៅក្រុម​ប្រឹក្សា​សន្តិសុខ​នៅថ្ងៃ​ពុធ នឹង​អាចចេញ​ជា​សេចក្តី​សម្រេច​ថ្កោលទោស​ទៅលើ​អ៊ីស្រាអែល​ទេ។ ប៉ុន្តែ ភាគី​ប៉ាឡេស្ទីន​សង្ឃឹមថា យ៉ាងហោច សកម្មភាព​រំលោភច្បាប់​របស់​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​លើកឡើង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​យ៉ាងហោច ដាក់​គំនាប​លើ​អ៊ីស្រាអែល។

សហភាព​អឺរ៉ុប និង​អាមេរិក​ធ្លាប់​បាន​ប្រកាស រិះគន់​ខ្លាំងៗ ផែនការ​សាងសង់​លំនៅឋាន​របស់​អ៊ីស្រាអែល នៅ​ជេរូសាឡឹម​ខាងកើត ដែល​អ៊ីស្រាអែល​បាន​ប្រកាស​តាំងពី​ដើម​ខែ​តុលា​ម្ល៉េះ។ ទាំង​សហភាព​អឺរ៉ុប និង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល បាន​ថ្កោលទោស និង​ចាត់ទុក​ការសាងសង់​លំនៅឋាន​របស់​អ៊ីស្រាអែល​ថា ជា​សកម្មភាព​ខុសច្បាប់ អន្តរជាតិ​មួយ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​វា​ធ្វើ​ឡើង នៅ​លើ​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​រំលោភ​ឈ្លានពាន​កាន់កាប់​ដោយ​ខុសច្បាប់។

អ៊ីស្រាអែលវិញ តាមរយៈ​នាយករដ្ឋមន្រ្តី បិនចាមីន នេតានីញ៉ាហ៊ូ បាន​និយាយ​ការពារ​គម្រោង​សាងសង់​លំនៅឋាន​ថ្មី និង​សន្យា​ធ្វើ​ឲ្យ​បាន​សម្រេច​ការសាងសង់​លំនៅឋាន​ថ្មី នៅ​ជេរូសាឡឹម​ខាងកើត។ ក្រោម​ហេតុផល​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ដូចជា​ប្រជាជន​ដទៃ ដើម្បី​សាងសង់​លំនៅឋាន​ក្នុង​ទឹកដី​របស់ខ្លួន នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​និយាយ​​យោងដល់​ប្រជាជន​បារំាង​ដែល​មាន​សិទ្ធិ​សាងសង់​លំនៅឋាន នៅ​ទីក្រុង​ប៉ារីស ប្រជាជន​អង់គ្លេស​អាច​សាងសង់​ផ្ទះ​របស់ខ្លួន​នៅ ទីក្រុង​ឡុងដ៍។ ជេរូសាឡឹម​ខាងកើត ជា​ទឹកដី​ដែល​អ៊ីស្រាអែល​កាន់កាប់ ដូច្នេះ វា​គ្មាន​រឿង​អ្វី​ចម្លែក ដែល​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​សាងសង់​លំនៅឋាន​នៅ​ជេរូសាឡឹម​ខាងកើត​នោះទេ។

អ៊ីស្រាអែល​ត្រូវ​បាន​ថ្កោលទោស​រាប់មិន​អស់ ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​នយោបាយ​ពង្រីកដែន​​អាណានិគមកិច្ច​របស់ខ្លួន នៅលើ​ទឹកដី​ប៉ាឡេស្ទីន។ ជាការពិត​ដែល​សេចក្តីសម្រេច​រាប់មិនអស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ ត្រូវ​បាន​បោះឆ្នោត​អនុម័ត ដើម្បី​ដាក់​គំនាប​ទៅលើ​អ៊ីស្រាអែល ឲ្យ​ឈប់​ឈ្លានពាន​ទៅលើ​ប៉ាឡេស្ទីន ប៉ុន្តែ សេចក្តី​សម្រេច​ទាំងនោះ មិន​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ញញើត និងឈប់​ធ្វើ​នយោបាយ​រំលោភបំពាន​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន​ទេ។ នោះ​ដោយសារ​តែ​អ៊ីស្រាអែល​ធ្លាប់​បាន​ទទួល​ការគំាទ្រ ទាំង​នយោបាយ​ការទូត និង​ថវិកា​ពីទីក្រុងវ៉ាស៊ីនតោន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ប៉ុន្តែ​នយោបាយ​ផ្គើន កាន់តែច្រើន របស់​អ៊ីស្រាអែល និងការរិះគន់​នយោបាយ​របស់​សេតវិមាន ពី​សំណាក់​អ៊ីស្រាអែល បានធ្វើ​ឲ្យ​អាមេរិក​មិន​ពេញចិត្ត និង​ដកការទុកចិត្ត​ពី​អ៊ីស្រាអែល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ប្រទេស​នៅ​អឺរ៉ុប​ខ្លះ​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​អ៊ីស្រាអែល​ចាប់ផ្តើម​ដកខ្លួន លែង​ទិញ​ផលិតផល​របស់ក្រុមហ៊ុន​អ៊ីស្រាអែល ដែល​បោះទីតាំង​នៅ​លើ​ទឹកដី​ជេរូសាឡឹម ខាងកើត ដែល​អឺរ៉ុប​ចាត់ទុក​ជា​ទឹកដី​បាន​មកពីការឈ្លានពាន​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។

អាមេរិក​ផ្ទាល់​ដែល​ជាសម្ព័ន្ធ​មិត្ត​ធំជាង​គេ​របស់​អ៊ីស្រាអែល ក៏​មិន​រារែក​នឹង​រិះគន់​នយោបាយ​ឯកតោ​ភាគី​របស់​អ៊ីស្រាអែលដែរ។ តាមទីក្រុង​វ៉ាស៊ីនតោន ជាមួយ​នឹង​នយោបាយ​ផ្គើន​សាងសង់​លំនៅឋាន​ថ្មី នៅក្នុង​តំបន់​អាណានិគមកិច្ច​របស់ខ្លួន អ៊ីស្រាអែល​កំពុង​ធ្វើ​ឲ្យ​ការប៉ុនប៉ង​រក​សន្តិភាព​នៅ​ដើម​បូព៌ា ពោល គឺ​នយោបាយ​ទទួល​ស្គាល់​រដ្ឋ​ពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នឹង​ត្រូវ​ធ្លាក់ទឹក។ នៅក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព នៅ​តំបន់​ដើម​បូព៌ា អាមេរិក​ដែល​ដើរតួ​ជាអាជ្ញាកណ្តាល បាក់​មុខមិនតិចទេ ព្រោះ​រហូតមកដល់​ពេលនេះ ដោយសារ​តែ​នយោបាយ​ចចេស​រឹងរូស និង​បែបញុះញង់​របស់​អ៊ីស្រាអែល ការចរចា​ស្វែង​រកសន្តិភាព ដឹកនាំ​ដោយ​អាមេរិក​បាន​បរាជ័យ ធ្លាក់ទឹក កាលពី​ខែ​មេសា​កន្លង។ អាមេរិក​ពេលនេះ កំពុង​តាមមើល​សកម្មភាព​របស់​សហភាព​អឺរ៉ុប ដែល​ពេលនេះ កំពុង​ធ្វើ​នយោបាយ​ដាក់​អ៊ីស្រាអែល​ឲ្យ​ឯកោ។ គេ​អាច​វាយតម្លៃថា ការប្រកាស​ចង់​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន ពី​សំណាក់​សភា អង់គ្លេស និង​រដ្ឋាភិបាល​ស៊ុយអែត កាលពី​ពេល​ថ្មីៗនេះ អាច​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល នៅ​ឯកោ នៅ​លើ​ឆាក​អន្តរជាតិ។

តាម​អ្នកនាំពាក្យ​របស់​សេតវិមាន បើទោះបី​ជាអាមេរិក​ត្រូវ​បន្តជួយ អ៊ីស្រាអែល​ដែល​ជាសម្ព័ន្ធ ដៃគូ​យុទ្ធសាស្រ្ត នៅ​ដើមបូព៌ា ក៏ ប៉ុន្តែ អាមេរិក​ក៏​នឹង​ត្រូវ​ថ្លឹងថ្លែង មើលដែរ ថា​អាមេរិក​នឹង​អាច​ជួយ​អ៊ីស្រាអែល​បាន​ដល់​ពេលណា ដល់​កម្រិតណា ជាពិសេស នៅពេល​ដែល​អ៊ីស្រាអែល នៅ​តែ​ផ្គើន ធ្វើមិនដឹង មិនលឺ នឹង​ការអំពាវនាវ​របស់​អាមេរិក​សោះនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ