អានតួអត្ថបទ
គុយបា

ប្រធានាធិបតី​Raul Castro​ប្រកាស​ធ្វើ​កំណែ​ទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ស៊ីជម្រៅ

នៅក្នុង​ថ្ងៃ​សៅរ៍ ទី ១៦ មេសា ២០១១ នៅថ្ងៃ បើក​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​គុយបា ប្រធានាធិបតី​Raul Castro ប្អូនប្រុស​របស់​លោក​Fidel Castro បាន​ស្នើ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​គុយបា ក្នុង​រយៈពេល ជាង​៥​ទសវត្សរ៍នេះ។ លោក​ Raul Castro​ដែល​បាន​ទទួល​តំណែង​ប្រធានាធិបតី​បន្ត​ពី​លោក​Fidel Castro ជា​បងប្រុស បាន​លើកឡើង​ពី​ការកំណត់​អាណត្តិ​មេដឹកនាំ ត្រឹម​ពីរ​អាណត្តិ។

ប្រធានាធិបតី លោក​Raul Castroថ្លែង​សុន្ទរកថា ២ ម៉ោង​កន្លះ នៅក្នុង​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​គុយបា
ប្រធានាធិបតី លោក​Raul Castroថ្លែង​សុន្ទរកថា ២ ម៉ោង​កន្លះ នៅក្នុង​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​គុយបា ©Reuters
ផ្សាយពាណិជ្ជកម្ម

06:54

បទអន្តរាគមន៍​របស់​ឈាង បុប្ផា​

ឈាង បុប្ផា

ថ្លែង​ទៅកាន់​គណៈប្រតិភូ​ចូលរួម​ក្នុង​មហាសន្និបាត គណបក្ស​កុម្មុយនិស្ត​គុយបា ជាង ១០០០​នាក់ នៅថ្ងៃ​ម្សិលមិញ លោក​ Raul Castro​បាន​ទាញ​ចំណាប់​អារម្មណ៍​ថា វា​ដល់​ពេល​ហើយ​ដែល​ថ្នាក់ដឹកនាំ គុយបា​មាន​សិទ្ធិ​កាន់អំណាច​ត្រឹម​ពីរអាណត្តិ ហើយ មួយអាណត្តិៗ ​មាន​រយៈពេល តែ៥ឆ្នាំ ប៉ុណ្ណោះ។ បើតាម​លោក​ Raul Castro  វិធានការ​ថ្មី​នេះ ដែល​គណបក្ស​នឹង​​បោះឆ្នោត សម្រេច​នៅដើម​ខែ​មករា ឆ្នាំក្រោយ នឹង​ត្រូវ​អនុវត្ត​ផងដែរ ទៅលើ​អំណាច​ប្រធានាធិបតី​របស់​លោក។ Raul Castro បាន​ឡើង​កាន់តំណែង​ប្រធានាធិបតី នៅឆ្នាំ ២០០៦ ជំនួស​បងប្រុស​របស់​គាត់ គឺ​លោក​ Fidel Castro ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង។ ទាំង​ពីរនាក់​បងប្អូន​នេះ បាន​ដឹកនាំ​របប​សង្គម​និយម​គុយបា អស់រយៈពេល​សរុបជិត ៥២ ឆ្នាំ ដែល​ក្នុងនោះ លោក​ Fidel Castro​កាច់​ចង្កូត​គុយបា​តែ​ម្នាក់ឯង រយៈពេល ៤៧​ឆ្នាំ។

 
នៅក្នុង​ការថ្លែង​សុន្ទរកថា ជាង ពីរម៉ោង​កន្លះ លោក​ Raul Castro បញ្ជាក់ថា កំណែទម្រង់​នយោបាយ​លើកនេះ ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ជួរ​ថ្នាក់ដឹកនាំ​គុយបា​សំបូរ​ទៅ​ដោយ​មនុស្ស​ជំនាន់​ថ្មី ជាពិសេស​គឺ​ក្មេងៗ​គុយបា​ជំនាន់​ក្រោយ ព្រោះថា រហូត​មកដល់ពេលនេះ គុយបា​នៅតែ​ដឹកនាំ​ដោយ​មនុស្ស​ចាស់ភាគច្រើន។ លោក​ Raul Castro ខ្លួន​ឯង​មាន​អាយុ ៧៩​ឆ្នាំ ជិត​ឈាន​ចូល​ដល់​៨០​ឆ្នាំ នៅខែ​ឧសភាខាងមុខនេះ។

បងប្រុស​របស់គាត់ គឺ​លោក​ Fidel Castro​កាន់អំណាច​រហូត​ដល់​អាយុ ៨០​ឆ្នាំ។ នេះ​បើ​គាត់​មិន​ធ្លាក់​ខ្លួន​ឈឺទេ គាត់​នៅតែ​មាន​សិទ្ធិដឹកនាំ​គុយបា​បន្តទៅទៀត។ អាយុរបស់​មន្រ្តី​របស់​រដ្ឋាភិបាល និង​សមាជិក​មជ្ឈិមបក្ស​មាន​អាយុយ៉ាងតិច ៧០​ឆ្នាំ។ ពួកគេ​ទាំងនោះ​សុទ្ធតែ ជា​អ្នកដែល​បាន​ចូលរួម​តស៊ូ​បដិវត្ត​គុយបា​ជាមួយ​លោក​ Fidel Castro និង​បាន​បង្កើត​របប Castro​នៅគុយបា​នៅឆ្នាំ ១៩៥៩។
 

ព្យុហយាត្រា​របស់​ទាហាន​គុយបា ដើម្បី​ប្រារព្ធ​ខួប​៥០ឆ្នាំ​នៃ​​បរាជ័យ​របស់អាមេរិក​នៅ​ឆក​សមុទ្រ​Cochons​ នៅគុយបា
ព្យុហយាត្រា​របស់​ទាហាន​គុយបា ដើម្បី​ប្រារព្ធ​ខួប​៥០ឆ្នាំ​នៃ​​បរាជ័យ​របស់អាមេរិក​នៅ​ឆក​សមុទ្រ​Cochons​ នៅគុយបា ©reuters

លោក​ Raul Castro ឆ្លៀតឱកាស​យកមហាសន្និបាត​លើកនេះ​ដើម្បី​និយាយ​ពីនយោបាយ​លើកទឹកចិត្ត​ដល់​ក្មេងជំនាន់​ក្រោយ​ឲ្យ​ចូលកាន់​នាទីសំខាន់ៗ ក្នុង​ស្ថាប័នរដ្ឋ។ ហើយ​លោក​នៅបាន​បន្ថែមថា លទ្ធិ​សង្គមនិយម ដែល​គុយបា​យកមក​អនុវត្ត ក្នុង​រយៈពេល ៥​ទសវត្សរ៍​កន្លងមក គឺ​ជា​កំហុស​ឆ្គង​មួយ​យ៉ាងធំ ហើយ ​ដែល សមាជិកបក្ស ​ត្រូវចូលរួម​កែប្រែ​ក្នុង​មហាសន្និបាត​លើកនេះ។ ប៉ុន្តែ លោក​ Raul Castro និយាយ​បែបសោកស្តាយថា បើទោះបី​ជា​រដ្ឋាភិបាល​របស់​លោក​បាន​ខិតខំ​ជម្រុញ​ឲ្យ​មាន​យុវជន​ក្នុង​ជួរថ្នាក់ដឹកនាំ ប៉ុន្តែ រហូតមកដល់​ពេលនេះ គេ​នៅតែ​មិន​អាច​រកយុវជន​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្តតំណែង​ពីមនុស្ស​ចាស់បច្ចុប្បន្ន។

យុវជន​ដែលលោក​ Raul Castro​បាន​និយាយខាងលើ គឺ​ត្រូវ​បាន​ជ្រើសរើស​ចេញពីបក្ស។ និយាយ​ជារួម លោក​ Raul Castro ​បាន​និយាយ​ត្រឹម​តែ​ពីកំណែទម្រង់​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ មិន​បាន​និយាយ​ដល់​ការអនុញ្ញាត​ឲ្យ​មានគណបក្ស​ប្រឆាំង ឬ​ការរៀបចំ​ការបោះឆ្នោត​សេរី​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ គុយបា​នោះទេ។ មាន​មតិ​មួយ​ចំនួន​ដែល​ថា រដ្ឋាភិបាល​លោក​ Raul Castro លើក​ឡើង​ពីកំណែទម្រង់​នយោបាយ​មិន​ធ្លាប់​មាន លើកនេះ ដោយ​បាន​មើលឃើញ​បដិវត្តន៍​នៅប្រទេស​អារ៉ាប់។ ដូច្នេះ ការប្រកាស​កំណត់​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​តែ ២ ដង តែ​មិន​រហូត​មួយ​ជីវិត អាច​ធ្វើ​ឲ្យ​ប្រជាជនមើលឃើញ​ថា យ៉ាងហោច​រដ្ឋាភិបាល​កំពុង​ធ្វើការ​ដើម្បី​ឈាន​ទៅដល់​ការផ្លាស់ប្តូរប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន។

កំណែទម្រង់សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​គុយបា ជម្រុញ​ឲ្យ​សហករណ៍​ខ្នាតតូច​ផលិត​កាហ្វេ​បានច្រើន​ជាងមុន
កំណែទម្រង់សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​គុយបា ជម្រុញ​ឲ្យ​សហករណ៍​ខ្នាតតូច​ផលិត​កាហ្វេ​បានច្រើន​ជាងមុន ©reuters

លុបចោល​របបជំនួយ​រដ្ឋ Libreta
គុយបា​ក្រោមការដឹកនាំ​របស់​លោក​ Raul Castro បាន​ចាប់ផ្តើម​កំណែទម្រង់​សេដ្ឋកិច្ច​ចាប់​តាំងពី​ពាក់កណ្តាល​ឆ្នាំមុន​ម្ល៉េះ។ លោក​ Raul Castro ចង់​បើក​ចំហ​ទីផ្សារ ដោយ​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ ទៅជា សេដ្ឋកិច្ច​ទីផ្សារ។ គំរូសេដ្ឋកិច្ច​ថ្មី នឹង​ធ្វើ​ឲ្យ​រដ្ឋលែង​គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ​តែឯង។ លោក​ Raul Castro បាន​ផ្តល់​ឥណទាន និង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​បង្កើត​សហគ្រាស​ឯកជន និង​កុំ​ឲ្យ​សង្ឃឹម​លើ​ជំនួយ​រដ្ឋ​តទៅ​ទៀត។ លោក Fidel Castro ផ្ទាល់ ក៏​ធ្លាប់​បាន​ទទួល​​ស្គាល់​ថា ​របប​សេដ្ឋកិច្ច​គុយបា​ដើរ​តាម​របបសង្គមនិយម​សូវៀត លែង​ដំណើរ​ការទៀត​ហើយ។

នយោបាយ​ថ្មី​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​គុយបា​ដែល​ជាអ្នកជំនួញ សប្បាយចិត្ត ព្រោះយ៉ាងហោច​ពួកគេ​អាច​ធ្វើការ​រកស៊ី​ប្រកួតប្រជែង​ដោយ​សេរី។ ប៉ុន្តែ ទោះយ៉ាងណា ការដកថយ​ការទួលខុសត្រូវ​របស់រដ្ឋ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ប៉ះពាល់​ជាពិសេស​ដល់​ប្រជាជន ផ្សេងទៀត ជា​ពិសេស​បុគ្គលិករដ្ឋ។ រដ្ឋាភិបាល​គុយបា​បាន​ប្រកាស​កាត់បន្ថយ​បុគ្គលិក​រដ្ឋ​ជាង ៥​សែននាក់។ បើទោះបី​ជា​រដ្ឋាភិបាល​ជម្រុញ​ឲ្យ​បុគ្គលិក​រដ្ឋ​ស្វែងរក​ការងារ​នៅតាម​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ ក្រុមហ៊ុន​ថ្មី ក៏​នៅមិន​ទាន់​មាន​ច្រើន សម្រាប់​ស្រូបយក​មនុស្ស​ដែល​កំពុង​បាត់បង់​​ការងារ​ដោយសារ​​រដ្ឋាភិបាលដែរ។

ក្រៅតែ​ពីការងារ ប្រជាជន​គុយបា កំពុង​បារម្ភ ពីគម្រោង​បំបាត់ នយោបាយ​ជំនួយ​សង្គម។ រដ្ឋាភិបាល​មាន​បំណង​លុបចោល Libreta ដែល​ប្រជាជន​​ទាំង​នេះ រស់​អាស្រ័យ​ជាង​៥ទសវត្សរ៍មកហើយ។ Libretaនេះ គឺ​ជា​កូនសៀវភៅ​រាយមុខ​ទំនិញ ដែល​ប្រជាជន​មាន​សិទ្ធិ​ទិញ​ក្នុង​តម្លៃ​ថោក ពី​សហករណ៍​រដ្ឋ។ រដ្ឋបាន​ផ្គត់ផ្គង់​ទំនិញជាមូលដ្ឋាន​​ដល់​ប្រជាជន ដោយសារ​តែ​ប្រជាជន​គុយបា​ទទួល​​ប្រាក់ខែ​ប្រមាណតែ ១៨​ដុល្លារ​ប៉ុណ្ណោះក្នុង​មួយខែ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ