អានតួអត្ថបទ
កម្ពុជា-សុខភាព

កុមារា​ម្នាក់​ទៀត​ ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​

កុមារា​ម្នាក់ អាយុ ៥ ឆ្នាំ​រស់​នៅ​ខេត្ត​កំពត ជាជនទី១០ ​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី។ មកដល់​ថ្ងៃ​សុក្រ​​នេះ កុមារារងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ ​អស់​ពេល ២ សប្តាហ៍​កន្លងមក​។ លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួង​សុខាភិបាល បានឲ្យដឹងថា មកដល់​​​រសៀល​ថ្ងៃសុក្រ​នេះ កុមារា​​នោះ ស្ថិតក្នុង​សភាព​​ធ្ងន់ធ្ងរ​នៅឡើយ តែ​គ្រូពេទ្យ រក​មិន​ទាន់​ឃើញថា កុមារា​​រងគ្រោះ ឆ្លង​មេរោគ​ផ្តាសាយ​បក្សី ប្រភេទ​ថ្មី H7N9 ដែល​កើត​នៅ​ប្រទេស​ចិន​នោះ​ឡើយ​​។​

មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី​ H7N9 ​ដែល​រកឃើញ​នៅ​ប្រទេស​ចិន​បាន​រាលដាល​ដល់​​កម្ពុជា​ហើយ​
មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី​ H7N9 ​ដែល​រកឃើញ​នៅ​ប្រទេស​ចិន​បាន​រាលដាល​ដល់​​កម្ពុជា​ហើយ​ REUTERS
ផ្សាយពាណិជ្ជកម្ម

កុមារា អាយុ ៥ ឆ្នាំ ម្នាក់ទៀត មកពី​ខេត្ត​កំពត គឺជា​ជន​កម្ពុជា​ទី​១០ ដែល​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី H5N1 គិតចាប់ពី​ដើមឆ្នាំ​២០១៣​​​។ ជំងឺ​ផ្តាសាយ​បក្សី បានសម្លាប់​ពលរដ្ឋ​កម្ពុជា ៨ នាក់ ក្នុង​រយៈ​ពេល ៣ ខែ ដើមឆ្នាំ​នេះ​​។ ប៉ុន្តែ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ ជំងឺ​ផ្តាសាយ​បក្សី បាន​សម្លាប់​​​ពលរដ្ឋ​​កម្ពុជា ២៧ នាក់​ហើយ​។

​កុមារ​រងគ្រោះ​ចុងក្រោយ មកពី​ខេត្ត​កំពត បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១​មេសា ឆ្នាំ​២០១៣ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ កាលពី ២ សប្តាហ៍​មុន​។​

​មកដល់​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង របស់​ក្រសួង​សុខាភិបាល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កុមារា​រងគ្រោះ នៅ​មាន​សុខ​ភាព​​ធ្ងន់ធ្ងរ ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។​

​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់​ថា ប្រភេទ​ជំងឺផ្តាសាយបក្សី​ថ្មី H7N9 ដែល​បាន​កើតឡើង នៅ​ប្រទេស​ចិន​នោះ គឺ​មិន​ទាន់​រកឃើញ នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយ​ទេ​។

ជំងឺផ្តាសាយបក្សី​ប្រភេទ​ថ្មី H7N9 បានសម្លាប់​ពលរដ្ឋ​ចិន ៦ នាក់ គិត​មកដល់​ថ្ងៃ​សុក្រ​នេះ ក្នុង​​ចំណោម​អ្នក​ឆ្លង ចំនួន ១៤ នាក់​។

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត សុខ ទូច បានបង្ហាញ​ក្តីបារម្ភ​លើ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយបក្សី ពី​មនុស្ស​ទៅ​មនុស្ស ហើយ​កម្ពុជា ស្ថិត​ក្នុង​ការប្រុងប្រៀប​ជានិច្ច ដើម្បី​ប្រឆាំង​នឹង​ជំងឺ ដែល​ឆ្លង​ពី​សត្វ​បក្សី ពិសេស​មាន់​ទា មក​សម្លាប់​មនុស្ស​នេះ​។
លោក​វេជ្ជបណ្ឌិត ក៏​បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ថា បើសិនជា​មាន​ជំងឺ​ផ្លូវដង្ហើម ពិបាក​ដកដង្ហើម រលាក​សួត ត្រូវ​ប្រញាប់ នាំ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ