អានតួអត្ថបទ
ចិន

ចិន​​ជួប​​គ្រុនផ្តាសាយ​​បក្សី​​៤​​ករណី​​ថ្មី​​ទៀត​​

អាជ្ញាធរ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ​បាន​រក​ឃើញ​ជំងឺ​​គ្រុនផ្តាសាយ​បក្សី​​​៤ករណីថ្មី​​ទៀត ដែល​បង្ក​ដោយ​វីរុសH៧N៩​ ​កើត​ទៅ​លើ​ស្ត្រី​​៣នាក់ និង​បុរស​ម្នាក់ នៅ​ខេត្ត​ Jiangsu ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស។ នេះ​ជា​ករណី​​​គ្រុន​ផ្តាសាយបក្សី​ទី​៧​ហើយ​ ដែល​ចិន​បាន​ជួបប្រទះ។​ ​​ជំងឺ​នេះ​​មិន​​បណ្តាល​អោយ​មាន​​ការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​​​ឡើយ។ ប៉ុន្តែ​​អាជ្ញាធរ​ចិន​បាន​រៀបចំ​អោយ​មាន​វិធានការ​ការពារហ្មត់ចត់​​​​ នៅ​តាម​បណ្តា​​ក្រុង​ធំៗ។​

វីរុស​​​នេះ​មិន​បាន​បង្ក​អោយ​មានការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​ឡើយ។
វីរុស​​​នេះ​មិន​បាន​បង្ក​អោយ​មានការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​ឡើយ។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខេត្ត​ Jiangsu ​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ មនុស្ស​បួននាក់​បាន​​ឆ្លង​​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ ដែល​បង្ក​ដោយ​​វីរុស​H៧N៩ ​​ជា​វីរុស​ថ្មី​មួយ​​ទើប​បាន​កើត​ឡើង​នៅ​សៀងហៃ​នាពេល​ថ្មីៗនេះ។ ក្នុង​ចំណោម​ជន​រងគ្រោះ មាន​ស្ត្រី​បី​នាក់​ មាន​អាយុ​ពី​៣២​ឆ្នាំ ទៅ​៤៨​ឆ្នាំ និង​បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​ ៨៣​ឆ្នាំ។​​ ​ ​​​​​​

ក្នុង​ចំណោម​​អ្នក​ជំងឺ​ទាំង​បួន​រូប​នេះ មាន​តែ​ស្ត្រី​ម្នាក់ប៉ុណ្ណោះ​ដែល​បាន​ប៉ះពាល់​​​ផ្ទាល់​ជាមួយ​នឹង​បក្សី ដោយ​សារ​តែ​គាត់ជាអ្នក​​​ប្រកបរបរ​​កាប់​មាន់ទា​​​។ រីឯ​អ្នក​ជំងឺ​ទាំង​បី​រូប​ទៀត​មិន​​​ប្រកបការងារដែល​ធ្វើ​អោយ​ពួកគេ​ប៉ះពាល់​​មាន់​ទា​​ឡើយ។​​ រីឯ ស្ត្រី​អ្នកជំងឺ​ម្នាក់ទៀត ​​​ស្ថិត​​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ។

ទោះយ៉ាងណា យោងតាម​មន្ទីរសុខភាព​​ វីរុស​​​នេះ​មិន​បាន​បង្ក​អោយ​មានការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​ឡើយ ព្រោះ​អ្នក​ដែល​​​នៅ​ជិតស្និទ្ធ​ជាមួយ​​អ្នក​ជំងឺ​​ មិន​​មាន​អាការៈ​គ្រុន​រឺ​ក៏​ពិបាក​ដកដង្ហើម​អ្វីឡើយ។

ថ្វីបើ​គ្មាន​ការ​ឆ្លង​បែបនេះ​ក្តី​​​​ អាជ្ញាធរ​ចិន​បាន​រៀបចំ​អោយ​មាន​វិធានការ​ការពារ​​​​​ហ្មត់ចត់​​ នៅ​តាម​បណ្តា​​ក្រុង​ធំៗ។​ ក្នុង​ខេត្ត​ Jiangsu ​មន្ទីរពេទ្យ​១៦កន្លែង បាន​ត្រៀម​​​ខ្លួន​ក្នុង​ករណី​មាន​អ្នក​ជំងឺ​​គ្រុន​ផ្តាសាយ​បក្សី​ថ្មីៗ​ទៀត។

គេ​​​ទទួល​បាន​ព័ត៌មានពី​​​ករណីគ្រុនផ្តាសាយបក្សី​​​​ទាំង​បួនថ្មី​នេះ​ បាន​ឆាប់​រហ័ស​​ជាង​​ករណី​នៅ​ក្រុង​សៀងហៃ។ គួររំលឹក​ឡើងវិញ​ថា វីរុស​H៧N៩ ​​ជា​វីរុស​ដែល​​​ទើប​​កើត​ឡើង​នៅ​សៀងហៃ​នាពេល​ថ្មីៗនេះ ហើយ​បាន​បណ្តាល​អោយ​មនុស្ស​ពីរនាក់​បាត់បង់ជីវិត។
ប៉ុន្តែ គេទទួល​បាន​ព័ត៌មានយឺតយ៉ាវ​បំផុត​​លើ​ករណី​​​នៅ​សៀងហៃ​នេះ​ គឺ​នៅ​ពេល​បី​សប្តាហ៍​ក្រោយ​ពេល​ដែល​អ្នក​ជំងឺ​ទីពីរ​​​ទទួល​មរណភាព ព្រោះ​ថា ក្នុង​កំឡុងពេលនោះ​ ក្រុម​ពេទ្យ​ត្រូវការ​ពេលវេលា​​ផ្ទៀងផ្ទាត់អោយ​ច្បាស់​​​ពី​​លក្ខណៈ​ជំងឺ​ ដើម្បី​ដាក់​ឈ្មោះ​អោយ​ដល់​វីរុស​ថ្មី​នេះ។

ដោយឡែក​​នៅ​ពេល​នេះ​ ក្រុង​សៀងហៃ​បាន​ប្រកាស​ស្ថានភាព​អាសន្ន​នៃ​ជំងឺ​ដល់​កម្រិតទីបី។ ហើយ​បាន​ដាក់ដំណើរ​ការ​​មន្ទីរពេទ្យ​មួយ​កន្លែង​សំរាប់​ទទួល​អ្នក​ជំងឺ។ នៅ​តាម​សាលារៀន និង​​ផ្ទះ​សំរាប់​ជន​ចូលនិវត្តន៍​នានា​ ​អាជ្ញាធរ​បាន​​រៀបចំ​អោយ​មាន​​ការ​ត្រួតពិនិត្យ​​​សីតុណ្ហភាព​សិស្សានុសិស្ស និង​មនុស្ស​ចាស់​​។ នៅ​ទីនោះ​ គេត្រូវតែ​រាយការណ៍​ប្រាប់​​អាជ្ញាធរ​​ ប្រសិន​បើ​ក្នុង​មួយសប្តាហ៍ ​មាន​ករណី​គ្រុន ​ចាប់ពី​​៥ករណី​ឡើង​ទៅ​។

ទោះយ៉ាងណា នៅ​មិន​ទាន់​មាន​​វ៉ាក់សាំង​សំរាប់​ចាក់​ការពារ​វីរុស​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ដើម្បី​ចៀសវាង​ការ​ឆ្លង អ្នកជំនាញនានា បាន​​ផ្តល់​ដំបូន្មាន​​​អោយ​ប្រជាជន​ឧស្សាហ៍លាងដៃ​ ហើយ​ត្រូវ​ចំអិន​មាន់ទា និង​ស៊ុត អោយ​បាន​ឆ្អិន​ល្អ​សិន មុន​នឹង​បរិភោគ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ