អានតួអត្ថបទ
កូរ៉េខាងជើង

អង្គការ​សហប្រជាជាតិ​សម្រេច​ផ្តល់​ជំនួយ​ស្បៀង​ដល់​ប្រជាជន​កូរ៉េខាងជើង

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ទើប​បាន​សម្រេច នៅថ្ងៃសៅរ៍ ​ផ្តល់​ជំនួយ​ស្បៀង ដល់​ប្រជាជន​កូរ៉េខាងជើង ដែល​កំពុង​រស់ ពឹងអាស្រ័យ​ដោយជំនួយ​បរទេស។ ចាប់ពី​ថ្ងៃ​ទី​១​កក្កដា ជំនួយ​ស្បៀង ដែល​មាន​តម្លៃ ២០០​លាន​ដុល្លារ នឹង​ត្រូវ​ប្រគល់​ទៅដល់​ដៃ​ប្រជាជន​កុមារ និង​ស្រ្តីមានផ្ទៃពោះ​កូរ៉េខាងជើង ដែល​ពេលនេះ កំពុង​រងគ្រោះ​ដោយ​ការខ្វះអាហារ។

កសិករ​កូរ៉េខាងជើង
កសិករ​កូរ៉េខាងជើង ©Reuters
ផ្សាយពាណិជ្ជកម្ម

គម្រោង​ផ្តល់​ស្បៀង នឹង​មាន​រយៈពេល ២ឆ្នាំ សម្រាប់​ប្រជាជន​កូរ៉េខាងជើង ជាង ២លាននាក់ ដែល​ភាគច្រើន ជា​កុមារ ស្រ្តី​មាន​ផ្ទៃពោះ និង​ស្រ្តីដែល​បំបៅកូន​ដោយទឹកដោះ។ យោងតាម​អ្នកនាំពាក្យ​របស់​កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក គេកំពុង​ព្រួយបារម្ភ​ពី​កម្រិត​បញ្ញា និង​ការអភិវឌ្ឍ​កាយសម្បទា​របស់​កុមារ​កូរ៉េខាងជើង ដែល​កំពុង​រងគ្រោះ​ដោយ​កង្វះ​អាហារូបត្ថម្ភ។

កាលពី​ខែ​មីនា កម្មវិធី​ស្បៀង​អាហាពិភពលោក​បាន​បញ្ជូនជំនួយ​​ស្បៀង ជាបន្តបន្ទាប់ ទៅកូរ៉េខាងជើង ដើម្បី​ជៀងវាង គ្រោះទុរភិក្ស​ក្នុង​ប្រទេស​មួយនេះ។ ប៉ុន្តែ ស្បៀង​នេះ​បាន​ត្រឹម​ជួយ​មួយផ្នែក​ប៉ុណ្ណោះ ព្រោះ​ប្រជាជន កូរ៉េខាងជើង​រងគ្រោះ​ដោយ​ភាពអត់ឃ្លាន មាន​ដល់​ទៅ ២ភាគ ៣​នៃ​ប្រជាជន សរុប ២៤​លាននាក់។

តាម​មន្រ្តី​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បើទោះ​ជា​ផល​កសិកម្ម​របស់​កូរ៉េខាងជើង​បាន​កើនឡើង ជាង ១០​ភាគរយ សម្រាប់​ឆ្នាំ ២០១២ ប៉ុន្តែ គេ​នៅតែ​ពិបាក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រ និង​គ្រោះអត់ឃ្លាន។ ក្រោម​ការគ្រប់គ្រង​របស់​មេដឹកនាំ​ត្រកូល គីម កូរ៉េខាងជើងជួប​គ្រោះទុរភិក្ស​ជាញឹកញយ។ គ្រោះរាំងស្ងួត ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ប្រជាជន​រងគ្រោះ​ខ្វះអាហារ ប៉ុន្តែ ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធិភាព​ជា​មូលហេតុ សំខាន់​ដែល​បាន​បណ្តាល​ឲ្យ​មាន​គ្រោះទុរភិក្ស និង​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់ នាក់ ក្នុង​ទសវត្សរ៍​ឆ្នាំ ៩០។ នេះ​គេ​មិន​រាប់​បញ្ចូល​ពី​មហិច្ឆតា របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង ដែល​ផ្តោតសំខាន់​ថវិកា​ជាតិ​ទៅលើ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ច្រើន​ជាង​ទៅលើ​ប្រជាជន។

នៅ​រយៈពេល ៨​ឆ្នាំ​ចុងក្រោយនេះ ប្រជាជន​កូរ៉េខាងជើង​ភាគច្រើន​រស់អាស្រ័យ​នឹង​ជំនួយ​ស្បៀង​ពី​ប្រទេស​ខាងក្រៅ ជាពិសេស​ពី​កូរ៉េខាងត្បូង និង​អាមេរិក។ ប៉ុន្តែ ការផ្គើន​បាញ់សាកល្បង​មីស៊ីល​ជាបន្តបន្ទាប់ របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​អាមេរិក​ផ្តាច់ជំនួយ​ស្បៀង កាលពី​ឆ្នាំ ២០០៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ