អានតួអត្ថបទ
លីប៊ី

ការបារម្ភ​ចំពោះ​សមត្ថភាព​អាជ្ញាធរ​លីប៊ី​ក្នុងការ​រក្សា​សុវត្ថិភាព​នៅពេល​បោះឆ្នោត

នៅថ្ងៃ​សៅរ៍​ស្អែកនេះ លីប៊ី​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​ តាម​បែបប្រជាធិ​បតេយ្យ ដើម្បី​ជ្រើសរើស​តំណាង​រាស្រ្ត នៅក្រោយ​ការ​ដួលរលំ​នៃ​របបផ្តាច់ការ កាដាហ្វ៊ី។ ក៏ប៉ុន្តែ បញ្ហា​សុវត្ថិភាព​ក្នុង​ពេល​បោះឆ្នោត កំពុង​តែ​ជា​ក្តីបារម្ភ​ដ៏ធំមួយ។

ហិបឆ្នោត​កំពុង​ត្រូវ​បាន​គេ​រៀបចំ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោតមួយ ក្នុង​រដ្ឋធានីទ្រីប៉ូលី
ហិបឆ្នោត​កំពុង​ត្រូវ​បាន​គេ​រៀបចំ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោតមួយ ក្នុង​រដ្ឋធានីទ្រីប៉ូលី REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ស្អែក ពលរដ្ឋ​លីប៊ី​នឹង​អាច​​ចេញ​ទៅ​បោះឆ្នោត ជ្រើសរើស​តំណាង​រាស្រ្ត តាម​លក្ខណៈ​ប្រជាធិបតេយ្យ ជាលើក​ដំបូង​បង្អស់ ក្រោយ​ពី​បាន​​រស់នៅ​​ក្រោម​របបផ្តាច់ការ​របស់​គ្រួសារ​​កាដាហ្វ៊ី អស់រយៈពេល​ជាង ៤០​ឆ្នាំ។ ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍​បាន​នាំគ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ ដោយ​មិនដឹងជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​រក្សា​សុវត្ថិភាព​នៅ​ក្នុង​ពេល​បោះឆ្នោត​នេះ​បាន​ដែរ​ឬក៏យ៉ាងណា។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គេ​សង្កេតឃើញ​មាន​អំពើ​ហិង្សា​ជាច្រើន​ជុំវិញ​ការ​បោះឆ្នោត​នេះ ដូចជា ការ​វាយ​បំផ្លាញ​ទីស្នាក់ការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ដុតបំផ្លាញ​ហិប​ឆ្នោត និង​សន្លឹក​ឆ្នោត នៅ​ប៉ែក​ខាងកើត​ប្រទេស​លីប៊ី។

គួរ​បញ្ជាក់ថា ក្រុម​សកម្មជន​នៅ​ប៉ែក​ខាងកើត​​ប្រទេស​លីប៊ី បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅថ្ងៃ​ស្អែក​នេះ ដោយ​ពួក​គេ​​ទាមទារ​គ្រប់គ្រង​តំបន់​ប៉ែក​ខាងកើត ដោយ​ស្វយ័ត ហើយ​​ឲ្យ​បង្កើត​ជា​រដ្ឋ​សហព័ន្ធនៅ​លីប៊ី។ អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ​ International Crisis Group បាន​លើកឡើង​ថា ក្រុម​សកម្មជន​ទាមទារ​ស្វយ័តភាព​នេះ អាច​នឹង​នាំគ្នា​ចេញ​តវ៉ា ប្រដាប់​ដោយ​អាវុធ ដើម្បី​រំខាន​ដំណើរការ​បោះឆ្នោត ជាពិសេស នៅ​ប៉ែក​ខាងកើត​ប្រទេស។

ក្រៅពីនេះ គេ​សង្កេតឃើញ​ជាទូទៅ​ថា ចាប់តាំង​ពី​របបដឹកនាំ​លោក​កាដាហ្វ៊ី​ត្រូវ​ដួលរលំ​ទៅ គេ​តែងតែ​ឃើញ​មាន​​ការ​ប៉ះទង្គិច​រវាង​ក្រុមប្រដាប់អាវុធ​ផ្សេងៗ​គ្នា ហើយ​អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​ព្រមាន​ថា ក្រុមប្រដាប់​អាវុធ​ទាំងនេះ មិនមែន​ស្ថិត​ក្រោម​អង្គការ​ចាត់តាំង​ ឬ​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​អ្នកណា​ម្នាក់ទេ។ ដូច្នេះ ពួកគេ​គឺ​ជា​ក្រុមប្រដាប់អាវុធ​អនាធិបតេយ្យ ដែល​ពិបាក​នឹង​គ្រប់គ្រង។

ទោះជាយ៉ាងណា រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​​ធានា​ថា គេ​បាន​ដាក់ពង្រាយ​កម្លាំង​រហូតដល់​ទៅ​ជាង ៥ម៉ឺននាក់ ដើម្បី​ធានា​សុវត្ថិភាព ក្នុង​ពេល​បោះឆ្នោត​នេះ។ ការដឹកជញ្ជូន​ហិបឆ្នោត និង​សន្លឹកឆ្នោត នឹង​ត្រូវ​ធ្វើ​ដោយ​កងទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ