ព្រះសង្ឃទីបេកាន់តែច្រើនដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងការគាបសង្កត់របស់អាជ្ញាធរចិន
យុវជនជាតិទីបេម្នាក់បានប៉ុនប៉ងដុតសម្លាប់ខ្លួន កាលពីថ្ងៃសុក្រទី ៤ វិច្ឆិកា នៅមុខស្ថានទូតចិន ក្នុងទីក្រុងញូវដែលី។ ជាសំណាងល្អ ប៉ូលិសឥណ្ឌាបានអន្តរាគម ពន្លត់ភ្លើងទាន់ និងអូសយកយុវជនទីបេរូបនោះ បោះបញ្ចូលឡានប៉ូលិស។ តាមប៉ូលិស យុវជនទីបេម្នាក់នោះគ្រាន់តែទទួលរងរបួសស្រាល ដោយសារភ្លើង។ ករណីប៉ងដុតសម្លាប់ខ្លួនរបស់យុវជនទីបេ នៅក្នុងប្រទេសឥណ្ឌា ធ្វើឡើងតែមួយថ្ងៃក្រោយ ដូនជីទីបេម្នាក់ដែលបានដុតសម្លាប់ខ្លួន នៅខេត្តស៊ីឈាន់ ក្នុងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:២៧
ការសម្លាប់ខ្លួន គឺជាច្រកចុងក្រោយ ដែលសម្តែងពីការអស់សង្ឃឹមរបស់ព្រះសង្ឃ និងជនជាតិទីបេ។ ការដុតសម្លាប់ខ្លួន គឺជាមធ្យោបាយតែមួយគត់ ដែលពួកគេអាចធ្វើបានដើម្បីប្រឆាំងនឹងការគាបសង្កត់របស់អាជ្ញាធរចិន។ ដូនជីដែលបានបូជាជីវិតនៅក្នុងភ្លើង កាលពីថ្ងៃព្រហស្បតិ៍ គឺជាដូនជីទីបេទីពីរ ដែលបានដុតសម្លាប់ខ្លួន។ ដូចព្រះសង្ឃ និងដូនជីមុនៗ មុននឹងដុតសម្លាប់ខ្លួន ដូនជីរូបនេះបានស្រែកសុំឲ្យមានសេរីភាពសាសនានៅទីបេ និងសុំឲ្យសម្តេចសង្ឃដាឡៃ ឡាម៉ាអាចវិលត្រលប់ចូលទីបេវិញ។
ក្នុងរយៈពេល ៨ខែ នៅឆ្នាំ ២០១១ មានព្រះសង្ឃ និងដូនជីទីបេ ១១នាក់បានដុតសម្លាប់ខ្លួន បន្តបន្ទាប់គ្នា (៧អង្គសុគត)។ ករណីព្រះសង្ឃទីបេ ដុតសម្លាប់ខ្លួនដំបូងគេ កើតមាននៅខែមីនា ឆ្នាំ ២០១១ គឺដើម្បីរំលឹកដល់ចលនាងើបបះបោររបស់ជនជាតិទីបេប្រឆាំងអាជ្ញាធរចិន នៅឆ្នាំ ២០០៨ (ការបះបោរដែលទទួលតបមកវិញដោយការបង្រ្កាបដោយហិង្សាពីប៉ូលិស និងទាហានចិន)។
ព្រឹត្តិការណ៍ព្រះសង្ឃដុតសម្លាប់ខ្លួន កើតមានតែនៅក្នុងទីក្រុងអាបា ក្នុងខេត្តស៊ីឈាន់ ដែលនៅជាប់តំបន់ស្វយ័តទីបេ។ ភាគច្រើន គឺព្រះសង្ឃមកពីវត្តគីរទី (Kirti)ដែលដុតសម្លាប់ខ្លួនច្រើនជាងគេ។ បើតាមអង្គការដើម្បីសេរីភាពទីបេ ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ សេរីភាពសាសនា នៅក្នុងវត្តគីរទី ត្រូវអាជ្ញាធរចិនរំលោភកាន់តែខ្លាំង។ ចាប់តាំងពីមានការដុតសម្លាប់ខ្លួនព្រះសង្ឃទីបេ នៅខែមីនា ប៉ូលិសចិនកាន់តែច្រើន ត្រូវដាក់ពង្រាយយាម យ៉ាងតឹងតែង នៅជុំ វិញវត្ត គីរទី ។ អ្នកកាន់សាសនាទីបេត្រូវសុំការអនុញ្ញាតិពីអាជ្ញាធរចិនដើម្បីធ្វើបុណ្យសាសនា។
ការដាក់គំនាប លើសកម្មភាពសាសនា កាន់តែខ្លាំងពីទាហានចិន ធ្វើឲ្យជនជាតិទីបេថប់ដង្ហើម។ ដូច្នេះ ព្រះសង្ឃ និងដូនជីទីបេមានតែជ្រើសរើសយកមធ្យោបាយដុតសម្លាប់ខ្លួន។ ការដុតសម្លាប់ខ្លួនភាគច្រើនគឺធ្វើនៅកន្លែងសាធារណៈ នៅមុខវត្ត នៅមុខទាហានចិន។ គោលដៅ គឺដើម្បីឲ្យអាជ្ញាធរចិន និងពិភពលោកទាំងមូលបានដឹងលឺ ពីការឈឺចាប់របស់ពួកគេ និងដើម្បីឲ្យរដ្ឋអំណាចចិនដកខ្លួន និងផ្តល់សិទ្ធិដល់ប្រជាជនទីបេវិញ។
កាសែតចិនបានចុះផ្សាយពីករណីដូនជីទីបេដុតសម្លាប់ខ្លួន នៅមុនការប្រកាសរបស់អង្គការការពារសិទ្ធិជនជាតិទីបេ នៅបរទេស។ ប៉ុន្តែ កាសែតមិនបានសរសេរលម្អិតពីមូលហេតុដែលធ្វើឲ្យដូនជីបូជាជីវិតក្នុងភ្លើងនោះទេ។ ក្រសួងការបរទេសចិនបានប្រកាសថ្កោលទោសសកម្មភាពដុតសម្លាប់ខ្លួនរបស់ព្រះសង្ឃទីបេ និងថា ការដុតសម្លាប់ខ្លួនបន្តបន្ទាប់ គឺកើតឡើងដោយសារ មានការញុះញង់របស់ពួកទាមទារបំបែកខ្លួនដែលចង់ផ្តាច់ទីបេ ពីទឹកដីចិន។
ជាស្វ័យប្រវត្តិ ទីក្រុងប៉េកាំងបានទម្លាក់កំហុសទៅលើប្រមុខដឹកនាំសាសនាទីបេ ដោយថា គឺសម្តេចសង្ឃដាឡៃ ឡាម៉ា ដែលបានលើកទឹកចិត្តព្រះសង្ឃទីបេឲ្យដុតសម្លាប់ខ្លួន។ តាមអ្នកនាំពាក្យក្រសួងការបរទេសចិន មេដឹកនាំសាសនាទីបេ បានស្ងាត់បិទមាត់ មិនថ្កោលទោសសកម្មភាពដុតខ្លួនរបស់ព្រះសង្ឃទីបេ។ ផ្ទុយទៅវិញ គេមានតែអបអរ និងជម្រុញឲ្យមនុស្សហ៊ានដុតសម្លាប់ខ្លួនតទៅទៀត។
សម្រាប់ទីក្រុងប៉េកាំង ការនៅស្ងៀម របស់ប្រមុខដឹកនាំសាសនាទីបេ ធ្វើឲ្យជីវិតមនុស្សបាត់បង់ និងផ្ទុយនឹង មនសិការ និងសីលធម៌មនុស្សជាតិ។ អាជ្ញាធរចិននៅបានចាត់ទុកថា វា ជាអំពើហិង្សា និងអំពើភេរវកម្មបំភាន់ភ្នែកមួយ។
កន្លងមក សម្តេចសង្ឃដាឡៃ ឡាម៉ាធ្លាប់បានប្រកាសថា នៅក្នុងធម៌ព្រះពុទ្ធ ការបូជាជីវិតរស់ដ៏មានតម្លៃ គឺជាអំពើបាបមួយ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទីបេ និរទេសខ្លួន នៅបរទេស ដែលទើបចូលកាន់តំណែងជំនួសសម្តេចសង្ឃដាឡៃ ឡាម៉ា កាលពីខែមីនា បានសម្តែងគាំទ្រ ភាពក្លាហានរបស់អ្នកដែលហ៊ានបូជាជីវិត ដើម្បីបុព្វហេតុទីបេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ