អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​ ទី​៧វិច្ឆិកា​ អ្នក​តំណាង​រាស្ត្រ​អាមេរិក ពិសេស​គឺ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​មក​ពីបក្ស​សាធារណរដ្ឋ បាន​លើកឡើង​ថា មូលហេតុ​នៃការ​ឈប់ផ្សាយ​ពាណិជ្ជកម្ម​ឃោសនាសារ​នយោបាយ​ ពី​សំណាក់​ក្រុម​ហ៊ុន​ Twitter គឺ​ជាការ​ភាន់​ច្រឡំ​មួយ ហើយ​និងថា ចំណាត់​ការ​នេះ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ប៉ះពាល់​ដល់​សេរីភាព​នៃការ​បញ្ចេញ​មតិ​ទៀត​ផង។ នេះគឺជាប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ចំណាត់​ការ​របស់​ Twitter ដែល​សម្រេច​ថា ចាប់ពីថ្ងៃទី​២២វិច្ឆិកាទៅ ក្រុម​ហ៊ុន​ Twitter នឹង​ឈប់​ផ្សាយ​រាល់​ពាណិជ្ជកម្ម​ឃោសនា​នយោបាយ​​។ នៅ​អាមេរិក​និង​នៅ​បច្ចិមលោក​ដែរ គេ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាំង ពីការ​​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ឃោសនា​នយោបាយ​​​តាម​បណ្តាញ​សង្គម ដែល​អ្នក​មួយ​ចំនួន​​យល់ថា ការ​ផ្សាយ​ខ្លះ កុហក បោកប្រាស និង​បំភាន់​មតិ​សាធារណៈ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះឆ្នោត។ រឿងនេះ គឺត្រូវ​គេ​​សង្ស័យ​យូរ​ណាស់​មកហើយ ពិសេស​តាំងពីពេលរៀបចំឃោសនា​​​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ឆ្នាំ២០១៦​​ និង​ការ​បោះឆ្នោត​ប្រជាមតិ​អង់គ្លេស​ Brexit ឆ្នាំ២០១៦។​

រូប​ឡូហ្គោ​របស់​ Twitter
រូប​ឡូហ្គោ​របស់​ Twitter ©REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

សមាជិកព្រឹទ្ធសភាភាគច្រើនមកពីបក្សសាធារណរដ្ឋ ប្រតិកម្ម​ថា ក្រុមហ៊ុន Twitter  ឈប់ផ្សាយពាណិជ្ជកម្មឃោសនាសារនយោបាយ គឺជាការភាន់ច្រឡំ។ ហេតុអ្វី​បាន​ជាសមាជិកព្រឹទ្ធសភាយល់ឃើញ​ដូច្នេះទៅវិញ?

ការធ្វើ​​ប្រតិកម្ម​ដូ​ច្នេះ គឺនាំអាទិ៍​គេ​ដោយលោក Mitch McConnell ដែល​ប្រកាស​នៅ​មុខ​សមាជិក​ព្រឹទ្ធសភា​ជាច្រើននាក់ ថា ចំណាត់ការរបស់​ក្រុមហ៊ុន Twitter  នេះ គឺ​នឹងធ្វើឱ្យខូចខាតប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។ បើ​តាម​យោបល់​របស់​លោកព្រឹទ្ធសភា​ គឺ​បក្ស​នយោបាយ​នីមួយៗ អ្នក​នយោបាយ​គ្រប់រូប​ ហើយ​ពិសេស​គឺ​បេក្ខជន​នយោបាយ​ដែល​ឈរ​ឈ្មោះឱ្យ​គេ​បោះឆ្នោត​ គឺមាន​សិទ្ធិសេរីភាព​ឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​ ពី​សារនយោបាយ​របស់​ខ្លួន ទៅដល់​ម្ចាស់​ឆ្នោត​។ ហើយ​ប្រសិន​បើ​​ក្រុមហ៊ុន Twitter  ផ្អាក​ឈប់​ផ្សាយ​ ឬបដិសេធ​មិន​ទទូលយក​ការ​ផ្សាយ​ពាណិជ្ជកម្ម​​យ៉ាង​ដូច្នេះ គឺ​មិន​សម​ហេតុ​ផលទេ​ និង​មិន​គោរព​សិទ្ធិ​សេរីភា​ព​ធ្វើ​នយោបាយ​នោះឡើយ​។ មិនតែប៉ុណ្ណោះ បើ​តាម​ព្រឹទ្ធសមាជិក​រូបនេះ គឺ​គួរ​តែ​ទុក​សិទ្ធិ​ឱ្យ​អ្នក​នយោបាយ​​គេ​ផ្សាយ​អី​ផ្សា​យទៅ ព្រោះ​តាមបណ្តាញ​សង្គម​​នេះ​ ក៏​ជាទីលាន​​ផ្លូវ​មួយល្អ​​ដែរ ដែល​អនុញ្ញា​ត​ឱ្យ​បេក្ខជននីមួយៗ​​ ប្រកួតប្រជែកគ្នាទៅលើ​គំនិត​នយោបាយ​ ព្រមទាំង​ទុក​ឱ​កាស​ឱ្យ​​ម្ចាស់​ឆ្នោត​ជាអ្នក​ចាំមើល​ តាម​ដាន និង​សម្រេច​ចិត្ត។​ ដូច្នេះ​ ការ​ឃោសនាសារ​នយោបាយ គឺ​ជា​ផ្នែក​មួយ​នៃការ​ផ្សាយ​ព័ត៌មាន​ទៅដល់​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត។

ការ​លើកឡើង​បែបនេះ ក៏​សមរម្យ​ម្យ៉ាង​ដែរ ក៏ប៉ុន្តែ ចំពោះក្រុម​ហ៊ុន Twitter វិញ​ ចំណាត់​របស់​ខ្លួន គឺរឿង​ល្អ។ ព្រោះថា​ ការ​សម្រេច​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​ឃោសនាសារនយោបាយ គឺដោយសារតែ​សារ​ឃោសនា​នយោបាយ​ មួយ​ចំនួន​ ជា​ការ​កុហកបោកប្រាស់ និង​បំភ្លៃ​បំប៉ោង​ព័ត៌មាន​ ឬ​សារ​ខ្លះទៀត មាន​បង្កប់​លាយឡំ​ដោយ​ព័ត៌មាន​ក្លែងក្លាយ​តែម្តង។ ដូច្នេះ ដើម្បី​ជៀស​វៀង​ការ​បោកប្រាស​ប្រជាពលរដ្ឋ និង​បង្កើន​ទំនុក​ចិត្ត​ចំពោះ​អ្ន​កប្រើប្រាស់​បណ្តាញ​សង្គមរបស់ខ្លួន ក្រុម​ហ៊ុន Twitter សម្រេច​ឈប់​ទទួល​យក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងឡាយ ដែល​មាន​ចរិត​នយោបាយ តែម្តង ចាប់ពីថ្ងៃទី​២២វិច្ឆិកា ខាងមុខ​នេះ។​

«ការ​ផ្សាយ​ពាណិជ្ជកម្មឃោសនា​សារ​ដែលមានចរិតនយោបាយ» មាន​ន័យ​ទូលំលាយ ហើយ​ដូចជា​មិន​ច្បាស់​លាស់​នោះទេ។ តើក្រុមហ៊ុន Twitter ចង់​សំដៅ​អ្វី​ឱ្យ​ប្រាកដទៅ​?​

បើគេ​ពិនិត្យ​មើល ​​តាម​ចេតនា​ដំបូងរបស់ Twitter ដែលបញ្ជាក់​ថា​​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​សារឃោសនានយោបាយ ពីព្រោះ​បារម្ភ​ថា​សារនោះ​​បោកប្រាស ​ឬ​បង្កប់​ព័ត៌មាន​ក្លែងក្លាយតែម្តង!​ នេះគឺជា​ចេតនា​​ល្អមែនទែន ប៉ុន្តែ ការ​អនុវត្ត​គឺ​ជួប​ការ​លំបាក​ណាស់​។

ការផ្សាយពាណិជ្ជកម្មឃោសនាសារដែលមានចរិតនយោបាយ! គឺន័យ​ទូលាយ​មែនទែន និង​មិន​ច្បាស់​លាស់​សោះ​។ យើងឧទា​ហរណ៍ ស្ថានប័នណាមួយ មិន​មែន​ពាក់ព័ន្ធនឹង​បក្ស​នយោបាយ គឺ​ អង្គការ​សង្គម​ស៊ិវិល តួយ៉ាង អង្គការ​ខាង​បរិស្ថាន​ Greenpeace នៅ​ក្រុង​ប៉ារីស​នេះជាដើម​ បានអំពាវនាវ​ឱ្យ​បាតុករ​និង​ប្រជាជនបារាំង ឈប់​ស្តាប់​បង្កាប់​រដ្ឋាភិបាល។ ​សួរ​ថា តើសារនេះមា​នចរិត​នយោបាយដែរឬអត់? ហើយថាតើ​ប្រភេទ​សារស្រដៀងៗគ្នា​​ចេញ​ពី​អង្គស៊ីវិល​សង្គម​ដទៃ​ជាច្រើន​ផ្សេងទៀត តើ​ Twitter នឹង​គិត​យ៉ាងណា? តើ​លុប​ចោលដែរ ឬ​​ឱ្យ​ចេញផ្សាយ​?​ នេះជារឿង​លំបាកខ្លាំង​។

មួយ​ទៀត បើ​នៅ​អាមេរិក​វិញ ក្រុម​ហ៊ុន​និង​អង្គការ​ខ្លះ ដែលមាន​ជំហរ​​គាំទ្រ​ខាង​ឱ្យ​លក់ដូរ​ទិញ​អាវុធ​សេរី ហើយ​ធ្វើ​សេចក្តីអំពាវវនាវ​ កុំ​ឱ្យ​អ្ន​កប្រើប្រាស់​បណ្តាញ​សង្គម ស្តាប់​យោបល់​អ្ន​កដទៃ​ផ្សេង​ដែល​ប្រឆាំង​នឹង​​ច្បាប់​លក់​អាវុធ​សេរី។​ តើ​ក្រុម​ហ៊ុន​ Twitter និង​បណ្តាញ​សង្គម​ទទួល​ផ្សាយ​ពាណិជ្ជកម្ម​បែបនេះទេ? សំណុំ​រឿងនេះ ជារស៊ើប​និង​ជា​ចំណុច​ស្នូល​មួយ​នៃ​កិច្ចពិភាក្សា​នយោបាយ​របស់​អាមេរិក​ផង។​ ដូច្នេះ ការ​ប្រកាស​ឈប់​ទទួល​ពាណិជ្ជកម្ម​សារ​នយោបាយ​របស់​ Twitter នៅបួន​ដប់​ថ្ងៃទៀត​នេះ Twitterមិន​ទាន់​បញ្ជាក់​ច្បាស់និង​លម្អិត​​នៅឡើយ ចំពោះ​រឿង​ទាំងនេះ។​

តើ​ក្រុម​ហ៊ុន​បណ្តាញប្រព័ន្ធ​​ទំនាក់​ទំនង​សង្គម​ដទៃ​ទៀត នឹង​ចាត់ការ​យ៉ាងណា​?​

បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ខ្លះ​បារម្ភ​និងប្រកាស​ដាក់វិធានការ​ខ្លះហើយ តែ​អ្នក​មួយ​ចំនួន​នៅតែ​មិន​ទុក​ចិត្ត​ទេ។

ក្រុម​ហ៊ុន​TikTok ជា​បណ្តាញ​សង្គម​ខាង​វិដេអូ​ខ្លីៗ​និង​ចម្រៀង​ការ៉ាអូខេ និង​ដែល​កំពុងមាន​ប្រជាប្រិយភាព​យ៉ាង​ល្បី​ល្បាញ​សម្រាប់​យុវជន​វ័យ​ក្មេងៗ​បច្ចុប្បន្ន​នេះ ក្រុម​ហ៊ុននេះ បដិសេធ​មិនន​លូកដៃ​ផ្សាយរឿង​ពាណិជ្ជកម្ម​នយោបាយ​នេះទេ​ ហើយ​ក៏​មិន​ឱ្យ​រដ្ឋអំណាច​ណាមួយ​ លូកលាន់​ចំពោះ​ដំណើរ​រកស៊ី​របស់ក្រុមហ៊ុន​ខ្លួនដែរ​។ ក៏ប៉ុន្តែ ការ​ប្រកាស​នេះ ត្រូវ​សមាជិក​សភា​អាមេរិក សម្តែង​ការ​មិន​ទុក​ចិត្ត​នោះទេ ព្រោះ​ក្រុមហ៊ុន​​TikTok នេះ ផ្តួច​ផ្តើម​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​ចិន ដែល​សមាជិក​សភា​អាមេរិក ចោទប្រកាន់​ថា អាច​នឹងស៊ើបយក​ការណ៍​សម្ងាត់អាមេរិក និងធ្វើ​​​ប៉ះពាល់​ដល់​សន្តិសុជាតិ​ផង។ សមាជិក​សភា​អាមេរិក ក៏បាន​ស្នើ​រួចហើយឱ្យ​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អាមេរិក បើក​ការ​ស៊ើបអង្គេត​ចំពោះ​ក្រុមហ៊ុន​តិកតុក​នេះ។

​ក្រុម​ហ៊ុន​ Youtube វិញ​ដែល​មាន​ជំនាញ​ខាង​វីដេអូ​លើ​ប្រព័ន្ធអ៊ីនធ័រនែត បាន​សម្តែង​ក្តីបារម្ភ​ចំពោះសារនយោបាយ​ដែល​បំភាន់​មតិ​ម្ចាស់​ឆ្នោត​ តែ​ Youtube ថា​នឹង​ពិនិត្យ​រឿង​នេះដោយ​ប្រុងប្រយ័ត្ន ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ដាច់​ណាត់​ថា ឈប់​ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ ដូច​Twitter នោះទេ។​ ចំណែក Google មិន​និយាយ​ថា ឈប់​ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ ទេ តែ​ថា​នឹង​ផ្សាយ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។​ ស្រដៀងគ្នា​នេះដែរ ​ក្រុមហ៊ុនទាក់ទង​សង្គម ​Snapchat ដែល​កំពុង​តែ​ល្បី​ខ្លាំង​សម្រាប់​ក្មេងជំទង់ នៅពេល​នេះ នៅបន្ត​យក​ទទួល​យក​ការផ្សាយ​ពាណិជ្ជកម្ម​ឃោសនា​នយោបាយ​នៅឡើយ តែ​Snapchat ថា​នឹង​ពិនិត្យ​មើលសារនោះ​ឱ្យ​ហ្មត់​ចត់​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ