អូស្រ្តាលីគ្រោងអនុម័តច្បាប់ថ្មីដែលអនុញ្ញាតឱ្យមានការកាត់ទោសក្រុមហ៊ុនបណ្តាញសង្គម
ថ្ងៃសៅរ៍ ទី ៣០ មីនា រដ្ឋាភិបាលអូស្ត្រាលី បានសន្យាថានឹងពាំនាំនូវច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យគេអាចកាត់ទោសដាក់ពន្ធនាគារ ឬក៏ផាកពិន័យជាប្រាក់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញសង្គម ដែលបរាជ័យក្នុងការលុប និងដកចេញនូវសារ រូបភាព ឬក៏វីដេអូដែលមានគំនិតជ្រុលនិយមខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ច្បាប់ថ្មីដ៏តឹងតែងចំពោះបណ្តាញសង្គម នឹងចូលដល់ដៃរដ្ឋសភាអូស្ត្រាលី នៅសប្តាហ៍ក្រោយ ហើយទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ក៏កំពុងតែបន្តជំរុញឱ្យក្រុមហ៊ុនបណ្តាញសង្គម ធ្វើការរាំងខ្ទប់កុំឲ្យក្រុមភេរវជន អាចប្រើប្រាស់បណ្តាញសង្គមដើម្បីជំរុញនិន្នាការជ្រុលនិយមរបស់ពួកគេបានតទៀតដែរ។
បើតាមមេធាវីអូស្ត្រាលីម្នាក់គឺលោក Christian Porter ច្បាប់ថ្មីដែលគ្រោងនឹងអនុម័តខាងលើ នឹងដាក់បន្ទុកធ្ងន់ធ្ងរ ចំពោះបណ្តាក្រុមហ៊ុនបណ្តាញសង្គម។ ជាក់ស្តែង ក្នុងករណីដែលក្រុមហ៊ុនទាំងនោះ បរាជ័យក្នុងការដកចេញនូវសារដែលមានលក្ខណៈជ្រុលនិយម នោះពួកគេនឹងអាចរងការចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌបាន មិនខុសអីពីករណីវាយប្រហារភេរវកម្ម ឃាតកម្ម ឬករណីរំលោភឡើយ។
លោកមេធាវីរូបនេះ បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញថា មានទោសកំហុស ថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញសង្គម អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងអាចរងការពិន័យជាប្រាក់រហូតដល់ចំនួន ១០ ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគេ។
ទាក់ទងនឹងច្បាប់ថ្មីនេះដែរ អ្នកជំនាញខាងផ្នែកសន្តិសុខអ៊ីនធឺណែត លោក Nigel Phair បាននិយាយថា ច្បាប់ថ្មីនេះមានលក្ខណៈស្មុគស្មាញខ្លាំង នៅត្រង់ថាវាតម្រូវឲ្យដាក់ទោសក្រុមហ៊ុនបណ្តាញសង្គម ដែលមិនមែនជាអ្នកបង្ហោះសារដែលមានបំផុសគំនិតជ្រុលនិយមទៅវិញ។ លោកបានបន្ថែមថា តាមពិតទៅទោសជាប់ពន្ធនាគារ គឺសម្រាប់ជនល្មើសហិង្សា មិនមែនជាតំណាង ឬថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញសង្គមនោះទេ។
គួរជម្រាបជូនថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី ទៅលើក្រុមហ៊ុនបណ្តាញសង្គមធ្វើឡើងបន្ទាប់ពី វីដេអូអំពីព្រឹត្តិការណ៍បាញ់សម្លាប់មនុស្សចំនួន ៥០ នាក់ នៅក្នុងទីក្រុងក្រៃឈើច នៃប្រទេសនូវែលសេឡង់ត្រូវបានបង្ហោះនិងចែកចាយនៅលើបណ្តាញសង្គមដូចជា ហ្វេសហ៊ុក និងទ្វីតធ័រយ៉ាងផុលផុស។
មួយវិញទៀត កាលពីពេលកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ក៏បានជំរុញឲ្យពិភពលោកចាត់វិធានការចំពោះបណ្តាញសង្គមផងដែរ បើទោះបីជាក្រុមហ៊ុនបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម បានខិតខំបង្កើនចំណាត់ការរបស់ខ្លួនប្រឆាំងទៅនឹងការបង្ហោះ រូបភាព ឬវីដេអូដែលមានលក្ខណៈជ្រុលនិយមយ៉ាងណាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ