អានតួអត្ថបទ

លោក​ដូណាល់ត្រាំ​និង​នាយក ​FBI ​ប្រឈមមុខ​ដាក់គ្នាជុំវិញ​ការ​ចេញផ្សាយ​របាយការណ៍​សម្ងាត់

ការប្រឈមមុខដាក់គ្នា​​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ ចាប់តាំង​ពី​ថ្ងៃ​ពុធ រវាង​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ និង​នាយក​ទីភ្នាក់ងារ FBI។ ដើមហេតុ គឺ​គម្រោង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​សម្ងាត់ ស្តីពី​ដំណើរការ​ស៊ើបអង្កេត​របស់​ FBI នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​រុស្ស៊ី។

លោក​គ្រីស្តូហ្វ័រ វ្រេ (Christopher Wray) នាយក​ទីភ្នាក់ងារ FBI
លោក​គ្រីស្តូហ្វ័រ វ្រេ (Christopher Wray) នាយក​ទីភ្នាក់ងារ FBI REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

នាយក​ FBI ដែល​ចេញមុខ​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ​ជា​សាធារណៈ​នៅ​ពេលនេះ គឺ​ជា​នាយក​ថ្មី ដែល​តែងតាំង​ដោយ​លោក​ដូណាល់ត្រាំ​ខ្លួនឯង​ផ្ទាល់​ ក្រោយ​ពី​បាន​ដក​តំណែង​នាយក​ចាស់ សល់​ពី​សម័យកាល​លោក​អូបាម៉ា។

របាយការណ៍​ដែល​ជា​ដើមហេតុ​នៃ​ភាពចម្រូងចម្រាស​នេះ​ត្រូវ​បាន​រៀបចំ​តាក់តែងឡើង​ដោយ គណៈកម្មការ​សភា​ដឹកនាំ​ដោយ​មនុស្ស​ជំនិត​របស់​លោក​ដូណាល់ត្រាំ នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។ របាយការណ៍​នេះ​ត្រូវ​ដាក់​ជា​ការណ៍​សម្ងាត់ ដោយសារ​តែ​វា​មាន​មូលដ្ឋាន​ចេញ​ពី​ឯកសារ​សម្ងាត់​របស់ FBI ហើយ​វា​ទាក់ទង​នឹង​ដំណើរការ​ស៊ើបអង្កេត​របស់ FBI ទៅលើ​ការ​សង្ស័យ​ពី​ការ​ជាប់ពាក់ព័ន្ធ​ រវាង​រុស្ស៊ី និង​​មន្រ្តី​ស្និទ្ធ​នឹង​លោក​ដូណាល់ត្រាំ។

សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​អនុម័ត​ឲ្យ​ចេញផ្សាយ​របាយការណ៍​នេះ​ជា​សាធារណៈ ដោយ​​អះអាង​ថា របាយការណ៍​នេះ​បង្ហាញ​ពី​ការ​រំលោភ​អំណាច​របស់ FBI នៅ​ក្នុង​ការ​លួច​ស្តាប់​កិច្ចសន្ទនា​របស់​មន្រ្តី​ស្និទ្ធិ​នឹង​លោក​ដូណាល់ត្រាំ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។ លោក​ដូណាល់ត្រាំ និង​មន្រ្តី​ជំនិត​របស់​លោក មើល​ឃើញ​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ ពី​ភាព​លម្អៀង​របស់ FBI នៅ​ក្នុង​ការស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី និង​ការឃុបឃិតគ្នា រវាង​ថ្នាក់ដឹកនាំ FBI ដើម្បី​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ។

ហេតុដូច្នេះហើយ​បាន​ជា​លោក​ដូណាល់ត្រាំ​បាន​ឲ្យដឹង​ថា លោក​នឹងអនុញ្ញាត​ឲ្យ​ចេញផ្សាយ​របាយការណ៍​សម្ងាត់​នេះ ហើយ​ការ​ចេញផ្សាយ​អាច​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សុក្រនេះ។​

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​វិញ​បាន​​​​រិះគន់​​ថា របាយការណ៍​សម្ងាត់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ច្បិចយក​តែ​ព័ត៌មាន​មួយ​ជ្រុង ដើម្បី​​ដាក់​បន្ទុក​លើ FBI នៅ​ក្នុង​គោលដៅ​តែមួយគត់ គឺ​ជួយ​ដល់​លោក​ដូណាល់ត្រាំ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី។

​ទីភ្នាក់ងារ FBI បាន​ចេញ​សេចក្តីថ្លែងការណ៍​ជាសាធារណៈ​កាល​ពីថ្ងៃ​ពុធ បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ចំពោះ​ការ​ចេញផ្សាយ​របាយការណ៍​នេះ។ FBI បារម្ភ​ថា របាយការណ៍​នេះ​​មិនមាន​តុល្យភាព​ដោយ​បង្ហាញ​តែ​ជ្រុងម្ខាង ហើយ​កាន់តែ​បារម្ភ​ទៅទៀត គឺ​ខ្លាច​មាន​ការណ៍សម្ងាត់​ត្រូវ​លេចធ្លាយ​ជា​សាធារណៈ។ ​លោក គ្រីស្តូហ្វ័រ វ្រេ (Christopher Wray) នាយក​ទីភ្នាក់ងារ FBI ក៏​បាន​ចេញមុខ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​ការ​ចេញផ្សាយ​របាយការណ៍​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក​ដូណាល់ត្រាំ ដែល​ជា​ប្រធានាធិបតី ដែល​ជា​អ្នក​តែងតាំង​ ហើយ​ក៏​ជា​អ្នក​ដែល​មាន​សិទ្ធិ​អំណាចដក​តំណែង​លោក​ចេញ​វិញ​ដែរ។ ក៏ប៉ុន្តែ បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ CNN លោក​គ្រីស្តូហ្វ័រ វ្រេ អាច​​នឹង​លាឈប់​ពី​តំណែង​ដោយ​ខ្លួនឯង ប្រសិនបើ​របាយការណ៍​សម្ងាត់​ស្តីពី FBI នេះ​​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ