អានតួអត្ថបទ
កូតឌីវ័រ

បេសកកម្ម​ដ៏ធំធេង​រង់ចាំ​លោកប្រធានាធិបតី​វ៉ាត់តារ៉ា​នៅកូតឌីវ័រ​

ក្រោយពី​បាន​ចាប់​ឃុំខ្លួន​អតីត​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​ ​ លោក​ប្រធានាធិបតី​ថ្មី​អាឡាសាន់​វ៉ាត់តារ៉ា​បាន​ក្តោប​កាន់កាប់​ប្រទេស​កូតឌីវ័រ​ទាំងមូល។​ ក៏ប៉ុន្តែ​ បេសកកម្ម​ដ៏​ធំ​មហិមា​នៅ​រង់ចាំ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​នៅ​ប្រទេស​កូតឌីវ័រ។​ប្រទេស​បារាំង​ឯណេះវិញ​ ​ គេបាន​យល់ព្រម​ផ្តល់​ជាជំនួយ​ប្រមាណ​៤០០លាន​អឺរ៉ូ​សម្រាប់​ជួយ​ស្ថាបនា​សាងសង់​ប្រទេស​កូតឌីវ័រ​ឡើងវិញ។​ 

លោក​ប្រធានាធិបតី​ថ្មី​ ​អាឡាសាន់​ ​វ៉ាត់តារ៉ា​​ នៃ​ប្រ​ទេស​​កូតឌីវ័រ​និង​ឧត្តមសេនីយ​ Mangou​ នៅ​ថ្ងៃទី១២​មេសា​ឆ្នាំ២០១១
លោក​ប្រធានាធិបតី​ថ្មី​ ​អាឡាសាន់​ ​វ៉ាត់តារ៉ា​​ នៃ​ប្រ​ទេស​​កូតឌីវ័រ​និង​ឧត្តមសេនីយ​ Mangou​ នៅ​ថ្ងៃទី១២​មេសា​ឆ្នាំ២០១១ AFP/Aristide Bodegla
ផ្សាយពាណិជ្ជកម្ម

04:21

បទវិភាគរបស់​ សៀក សារិន

លោក​អាឡាសាន់​វ៉ាត់តារ៉ា​បាន​ឡើង​មក​កាន់កាប់​តំណែង​ប្រធានាធិបតី​នៅក្នុង​ប្រទេស​កូតឌីវ័រ​មួយ​ដែល​បាន​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង​ ​ ដោយហេតុ​តែ​ប្រទេស​នេះ​បាន​ស្គាល់​វិបត្តិ​នយោបាយ​និង​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ។​ បេសកកម្ម​ជាច្រើន​និង​ដ៏​ធំ​មហិមា​នៅ​រង់ចាំ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​នៅ​ប្រទេស​កូតឌីវ័រ​មាន៖

 
ទី១-ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​នៅក្នុង​ប្រទេស​មួយ​ដែល​បាន​ស្គាល់​ការ​ឈ្លោះ​បាក់បែក​គ្នា​ហើយនិង​សង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

ទី២-រៀបចំ​ឲ្យមាន​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស។

ទី៣-ស្ថាបនា​សាងសង់​ប្រទេស​ឡើងវិញ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក៏​ដូចជា​នៅ​ក្នុង​វិស័យ​អប់រំ​ ​ សង្គមកិច្ច​ ​ និង​សុខាភិបាល។

សូមបញ្ជាក់ថា​ ​ អតីត​ប្រធានាធិបតី​កូតឌីវ័រ​ឡូរ៉ង់​បាក់បូ​បាន​ត្រូវ​កងកម្លាំង​យោធា​សាធារណរដ្ឋ​កូតឌីវ័រ​ចាប់ឃុំ​ខ្លួន​ ​ ហើយត្រូវ​រង់ចាំ​ការ​អង្កេត​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ទង្វើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​កូតឌីវ័រ។

ចំណែកឯ​លោក​Pascal Affi N’Guessan ​ប្រធាន​បក្ស​រណសិរ្ស​ប្រជាជន​កូតឌីវ័រ​FPI​របស់​អតីត​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​បាន​បរិហារថា​ ​ កងកម្លាំង​យោធា​បារាំង​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​ ​ ហើយ​ ប្រធាន​បក្ស​រណសិរ្ស​ប្រជាជន​កូតឌីវ័រ​បាន​ទាមទារ​ឲ្យ​ លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​ដោះលែង​អតីត​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​ក្នុងនាម​នៃ​ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ។

លោក​ប្រធានាធិបតី​កូតឌីវ័រ​ថ្មី​អាឡាសាន់​វ៉ាត់តារ៉ា​ប្រហែល​ជា​ពុំ​អាច​ដោះលែង​ អតីត​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​ក្នុងនាម​នៃ​ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ដូចការ​ទាមទារ​របស់​ប្រធាន​បក្ស​រណសិរ្ស​ប្រជាជន​កូតឌីវ័រ​ឡើយ។​ ដោយហេតុថា​ អតីត​ប្រធានាធិបតី​ឡូរ៉ង់​បាក់បូ​និង​បក្សពួក​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៅលើ​ប្រជាជន​នៅ​កូតឌីវ័រ។

នៅ​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កូតឌីវ័រ​បែបនេះ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ទូរស័ព្ទ​ទៅ​សរសើរ​លោក​ប្រធានាធិបតី​កូតឌីវ័រ​ថ្មី​អាឡាសាន់​វ៉ាត់តារ៉ា​ដែល​បាន​ឈ្នះ​ឆ្នោត​ដោយ​វិធី​ប្រកួត​ប្រជែង​ប្រជាធិបតេយ្យ។​ ហើយ​​សេតវិមាន​គាំទ្រ​ទាំងស្រុង​លោក​ប្រធានាធិបតី​កូតឌីវ័រ​ថ្មី​អាឡាសាន់​វ៉ាត់តារ៉ា។

នាឱកាស​សន្ទនាគ្នា​នេះ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​លោក​ប្រធានាធិបតី​កូតឌីវ័រ​ថ្មី​អាឡាសាន់​វ៉ាត់តា​បាន​ព្រមព្រៀងគ្នា​ពី​ការចាំបាច់​ឲ្យ​មាន​ “ការអង្កេត”​ទៅលើ​អំពើ​ “ឧក្រិដ្ឋកម្ម”​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កូតឌីវ័រ​នារយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ។

លោក​អូបាម៉ា​និង​លោក​អាឡាសាន់​វ៉ាត់តារ៉ា​ក៏​បាន​សន្យា​ផងទៀតថា​ ​ នឹង​ធ្វើការ​គាំទ្រ​តួនាទី​របស់​គណៈកម្មាការ​អង្កេត​នៃ​​អង្គការ​សហប្រជាជាតិ​ហើយនិង​ គណៈកម្មាការ​អង្កេត​នៃ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៅលើ​ទង្វើ​​ “ឧក្រិដ្ឋកម្ម”​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កូតឌីវ័រ​។

រីឯ​ប្រទេស​បារាំង​ឯណេះវិញ​ ​ គេបាន​យល់ព្រម​ផ្តល់​ជាជំនួយ​ប្រមាណ​៤០០លាន​អឺរ៉ូ​សម្រាប់​ជួយ​ស្ថាបនា​សាងសង់​ប្រទេស​កូតឌីវ័រ​ឡើងវិញ។​ សហភាព​អឺរ៉ុប​បាន​យល់ព្រម​ផ្តល់​ជាជំនួយ​ប្រមាណ​១៨០លាន​អឺរ៉ូ​។​ ហើយ​ប្រធាន​នៃ​ធនាគារ​ពិភពលោក​លោក​Robert Zoellick ក៏​បាន​ប្រកាស​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ឲ្យ​​កូតឌីវ័រ​ឡើងវិញ​សម្រាប់​ជួយ​ស្ថាបនា​សាងសង់​ប្រទេស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ