អានតួអត្ថបទ
កូតឌីវ័រ

កូតឌីវ័រ៖ កងកម្លាំង​របស់​លោក​​បាក់បូ​វាយប្រហារ​លើ​ការិយាល័យ​របស់​លោក​វ៉ាត់តារ៉ា

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ៩ មេសា ២០១១​នេះ កងកម្លាំង​របស់​លោក​បាក់បូ បាន​ធ្វើការ​វាយប្រហារ​ទៅលើ​សណ្ឋាគារ Golf ដែល​ជា​ការិយាល័យ​បណ្តោះអាសន្ន​របស់​លោក​វ៉ាត់តារ៉ា។ កង​រក្សា​សន្តិភាព​អ.ស.ប. ដែល​នៅ​ការពារ​សណ្ឋាគារ ក៏​បាន​ធ្វើ​ការ​វាយតបតវិញ។ ក្នុងពេលជាមួយ​គ្នា​នេះ លោក​បាក់បូ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូតឌីវ័រ​ក្រោក​ឡើង​តស៊ូ​ប្រឆាំង​នឹង​ កងទ័ព​បារាំង។

សណ្ឋាគារ Golf ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២ ទៅ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក​បាក់បូ
សណ្ឋាគារ Golf ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២ ទៅ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក​បាក់បូ ©AFP PHOTO / ISSOUF SANOGO
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​របស់​បាក់បូ គឺ​អូសបន្លាយ​ពេល
05:33

បទវិភាគ​របស់ សេង ឌីណា

លោក​បាក់បូ ប្រធានាធិបតី​ផុតអាណត្តិ តែ​មិនព្រម​ចុះចេញ​ពី​អំណាច ត្រូវបាន​ទាហាន​របស់​លោកវ៉ាត់តារ៉ា​ឡោមព័ទ្ធ​ក្នុងផ្ទះ អស់រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ។ នៅថ្ងៃ​សៅរ៍​ម្សិលមិញនេះ កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​លោក​បាក់បូ បាន​ពង្រីក​ទីតាំង​ដែល​ពួកគេកាន់កាប់ ហើយ​បាន​រុល​ទៅ​រហូតដល់​សណ្ឋាគារ Golf ដែល​លោក​វ៉ាត់តារ៉ា​យក​ធ្វើ​ជា​ទីស្នាក់ការ​​បណ្តោះអាសន្ន។

នៅម៉ោង​ប្រមាណ ៥ល្ងាច (ម៉ោង​នៅ​ក្នុងស្រុក) កងកម្លាំង​របស់​លោក​បាក់បូ បាន​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​ការិយាល័យ​របស់​លោកវ៉ាត់តារ៉ា ដោយ​មា​ន​ប្រើ​ទាំង​កាំភ្លើង​ធំ និង​កាំភ្លើង​ដៃ។ នេះ​បើ​យោងតាម​មន្រ្តី​អ.ស.ប. និង​សាក្សី ដែល​នៅ​កន្លែង​កើតហេតុ។ អ្នក​នាំពាក្យ​​កងកម្លាំង​មួកខៀវ​បាន​ឲ្យដឹង​ថា ទាហាន​មួកខៀវ ដែល​មាន​បេសកកម្ម​ការពារ​សណ្ឋាគារ Golf បាន​បាញ់​តប​ទៅលើ​ទាហាន​របស់​លោកបាក់បូវិញ។ ការវាយប្រយុទ្ធគ្នា​នេះ​បាន​អូសបន្លាយ​​រយៈពេល​ជាង​១ម៉ោង។ កងកម្លាំង​របស់​លោកបាក់បូ​មិន​បាន​ចូល​មក​ដល់​បរិវេណ​សណ្ឋាគារ Golf នោះទេ។

នៅថ្ងៃ​អាទិត្យ​នេះ អ្នកនាំពាក្យ​របស់​លោកបាក់បូ បាន​បដិសេធ​​យ៉ាងដាច់​អហង្ការ​ថា ទាហាន​របស់​លោកបាក់បូ​មិនបាន​វាយប្រហារ​ទៅលើ​សណ្ឋាគារ Golf ដូច​ការ​ចោទប្រកាន់​របស់​អ.ស.ប.​នេះ​ទេ។ នៅពេលនេះ ស្ថានីយ៍​ទូរទស្សន៍​របស់​លោកបាក់បូ ដែល​ត្រូវ​បាន​បិទការ​ផ្សាយ​មួយរយៈកន្លងមកហើយ​នោះ បាន​ចាប់ផ្តើម​បើក​ការ​ផ្សាយ​វិញ​ហើយ។ លោក​បាក់បូ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូតឌីវ័រ​ងើប​ឡើង​តស៊ូ​ប្រឆាំង​នឹង​ ទាហាន​បារាំង។

កាល​ពី​យប់មិញ​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​សម្រេច​ជម្លៀស​មន្រ្តីទូត និង​បុគ្គលិក​​ទាំងអស់​ចេញ​ពី​ស្ថានទូត ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​លោកបាក់បូ។ ការ​សម្រេចនេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​​អគារ​ស្ថានទូត​បាន​ទទួលរង​គ្រាប់កាំភ្លើង និង​មាន​គ្រាប់​ផ្លោង​មួយគ្រាប់​បាន​ធ្លាក់​ នៅ​ក្នុង​សួនច្បារ​ស្ថានទូត។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ទាហាន​បារាំង និង​ទាហាន​មួកខៀវ​​ត្រូវបាន​ដាក់ពង្រាយ នៅ​ក្នុង​កំពង់​ផែ​អាប៊ីដហ្សង់ ដើម្បី​ធានាសុវត្ថិភាព ឲ្យ​កំពង់​ផែ​អាច​ដំណើរការ​ឡើងវិញ​បាន ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​លើក​ទណ្ឌកម្ម​ចេញវិញ កាល​ពីថ្ងៃ​សុក្រ។ អស់រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមកហើយ គ្រាប់កាកាវ ដែល​ជា​ប្រភពចំណូល​ដ៏សំខាន់​បំផុត​របស់​កូតឌីវ័រ បាន​នៅជាប់គាំង​ក្នុង​កំពង់ផែ​ មិន​អាច​នាំចេញ​ទៅ​ក្រៅប្រទេស​បាន។ លោក​វ៉ាត់តារ៉ា​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ​លុបទណ្ឌកម្ម​​ចេញវិញ ដើម្បី​ឲ្យ​កូតឌីវ័រ​អាច​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អ៊ែរ​ហ្វ្រង់ (Air France) ក៏​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ដែរ ចាប់តាំង​ពី​ថ្ងៃ​សៅរ៍​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ