អានតួអត្ថបទ

ហ្ស៊ីកាកំពុង​ជះ​ស្រមោល​ស្រអាប់​លើ​ការ​ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក​នៅ​ប្រេស៊ីល

រដ្ឋបាល​អាមេរិក​របស់​លោក បារ៉ាក់ អូបាម៉ា គ្រោង​បញ្ចេញ​ថវិកា ១៨០០​លាន​ដុល្លារ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរ៉ុស​ហ្ស៊ីកា។ ហើយ​ក្នុង​ពេល​ជា​មួយគ្នា​នេះ​ដែរ គណៈកម្មាការ​អូឡាំពិក​អាមេរិក បាន​ប្រកាស​អនុញ្ញាត​ឱ្យ​កីឡាករ កីឡារិនី និង​សម្ព័ន្ធ​កីឡា​បោះបង់​បេក្ខភាព​ចេញទៅ​ប្រកួត​កីឡាអូឡាំពិក​ពិភពលោក​នៅ​ទីក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល​ នា​ខែ​មិថុនា​ខាង​មុខ ប្រសិន​បើ​ពួក​គេ​ខ្លាច​ជំងឺ​ហ្ស៊ីកា។

ថ្វី​បើ​ហ្ស៊ី​កា​កំពុង​រាតត្បាត​ខ្លាំង តែ​រដ្ឋាភិបាល​ប្រេស៊ីល​មិន​បោះបង់​ការ​ប្រកួតកីឡា​អូឡាំពិក​អន្តរជាតិ​នៅ​ខែ​មិថុនា​២០១៦​ទេ
ថ្វី​បើ​ហ្ស៊ី​កា​កំពុង​រាតត្បាត​ខ្លាំង តែ​រដ្ឋាភិបាល​ប្រេស៊ីល​មិន​បោះបង់​ការ​ប្រកួតកីឡា​អូឡាំពិក​អន្តរជាតិ​នៅ​ខែ​មិថុនា​២០១៦​ទេ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រឈម​មុខ​នឹង​ការ​រាតត្បាត​ដូច​លាជ​ផ្ទុះ​នៃ​វីរ៉ុស​ហ្ស៊ីកា រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាសបាន​ស្នើ​សុំ​ទៅកាន់​សភា​អាមេរិក ឱ្យ​បញ្ចេញ​ថវិកា​ ១៨០០​លាន​ដុល្លារ ជា​មូលនិធិ​​បន្ទាន់ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​​កិច្ចការពារ​ និង​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរ៉ុស​ហ្ស៊ីកា។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​ទី ៨​កុម្ភ២០១៦។

ជា​ទូទៅ វីរ៉ុស​ហ្ស៊ីកា ត្រូវបាន​ចម្លង​​​​​តាម​រយៈ​​មូសខ្លាខាំ​នៅ​ពេល​ជន​នោះ​ធ្វើ​ដំណើរ​ទៅ​កាន់​​តំបន់​អាមេរិកឡាទីន។​ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​សុខភាព​​អាមេរិក​បានបញ្ជាក់​​​រក​ឃើញជា​លើក​ទី​មួយ ​ករណី​កើត​ហ្ស៊ីកាឆ្លង​តាម​រយៈ​ការ​រួម​ភេទ។

ដូច្នេះ​ក្តី​ព្រួយបារម្ភ​នឹង​ជំងឺ​​ហ្ស៊ីកា​កាន់​តែ​រីក​ធំធាត់​ជា​លំដាប់។ គឺ​ទំនង​ក្នុងន័យនេះ​​ហើយ​ ទើប​បាន​ជា​គណៈកម្មាធិការអូឡាំពិក​អាមេរិក បាន​ជូន​ដំណឹង​ទៅ​កាន់​សហព័ន្ធ​កីឡា និង​អត្តពលិករអាមេរិក​ទាំង​អស់ ឱ្យ​ធ្វើពិចារណា​​និង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ឱ្យ​បាន​ម៉ត់ហ្មត់​ ថា​គួរ​ទៅ​ឬ​មិន​ទៅ​ចូល​រួម​ប្រកួត​កីឡាអូឡាំពិក​ពិភពលោក​នៅ​ទីក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល នា​ខែ​មិថុនា​ខាង​មុខ។ សម្រាប់​គណៈកម្មាធិការ ប្រសិន​បើ​កីឡាករ កីឡាការិនី ឬ​អត្តពលិករ​ណា​មាន​ការ​ព្រួយ​បារម្ភ​ មិន​ទុក​ចិត្ត​នឹង​ជំងឺ​ហ្ស៊ីកា មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ទេ។

នេះ​ជា​ការ​សម្រេច​ចុង​ក្រោយ​នៅក្នុង​ជំនួប​ប្រជុំ​​របស់​គណៈកម្មាធិការ​អូឡាំពិក​អាមេរិក ក្រោយ​ពី​មាន​ហេតុការណ៍​ផ្ទុះ​ជំងឺ​ហ្ស៊ីកា​កើត​ឡើង​ខ្លាំង​ ដែលបង្ក​ការ​​​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ ​ក្នុង​រង្វង់​​​កីឡាករ​កីឡាការិនីនិង​ជំនួយ​ការ​មួយ​ចំនួន​ធំ។ អាមេរិក​កាលក្នុង​សម័យ​កីឡា​អូឡាំពិក​ក្រុង​ឡុងដ៏​ឆ្នាំ​២០១២ ជា​ម្ចាស់​ពាន​រង្វាន់​មេដាយ​មាស​ច្រើនជាង​គេ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡាអូឡាំពិក​ពិភពលោកនឹង​ត្រូវ​ចាប់​ផ្តើម​នៅ​រវាង​មិន​ដល់​៥ខែ​ទៀត​ទេ។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បានទទួល​ស្គាល់​ថា​មាន​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងដែរ តែ​សង្ឃឹម​ថាអាច​លុប​បំបាត់​ការ​រាតត្បាត​​បាន ហើយ​មិន​លុប​ចោល​កម្មវិធី​កីឡាថ្នាក់​ពិភពលោក​មួយ​នេះ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ