អានតួអត្ថបទ
អាមេរិក អ.ស.ប.

អ.ស.ប.៖​ការ​សន្យា​មាន​ច្រើន តែ​ការ​អនុវត្តន៍​ជាក់ស្តែង​មាន​តិចតួច

នៅ​ក្នុង​ជំនួបកំពូល​រៀបចំ​ដោយ​អាមេរិក​កាល​ពី​ថ្ងៃទី២៨ កញ្ញា ឆ្នាំ ២០១៥ មាន​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន ៤៦ប្រទេស​បាន​សន្យា​ផ្តល់​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​នូវ​កម្លាំង​មួកខៀវ និង​សម្ភារៈ​បន្ថែម​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព។ តែ​ជិត ៩ខែ​កន្លង​ទៅ​នេះ មាន​តែ ១៤ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​តិច ឬ​ច្រើន។ អាមេរិក​ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ឲ្យ​អង្គការ​សហប្រជាជាតិ​ច្រើន​ជាង​គេ​បាន​អំពាវនាវ​ដល់​ប្រទេស​យឺតយ៉ាវ​ឲ្យ​រួសរាន់​គោរព​ពាក្យ​សន្យា​របស់​ខ្លួន។

លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ
លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ REUTERS/Darren Ornitz
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង​ដែល​បាន​សន្យា​កាល​ពី​ជិត ៩ខែ​កន្លង​ទៅ អង្គការ​សហប្រជាជាតិ​ត្រូវ​ទទួល​បាន​កម្លំាង​មួកខៀវ​បន្ថែម​ជាង ៤០ ០០០នាក់ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ដូច​យ៉ាង​ឧទ្ធម្ភាគចក្រ ឬ​ការិយាល័យ​ពេទ្យ​ចល័ត​ជា​ដើម។ ជំនួយ​បន្ថែម​ជា​កម្លាំង​មនុស្ស និង​សម្ភារៈ គឺ​ដើម្បី​យក​ទៅ​ពង្រឹង​បេសកកម្ម​រក្សា​សន្តិភាព​ចំនួន ១៦បេសកកម្ម​ក្នុង​លោក។ តែ​រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​ប្រទេស​ទាំង ៤៦ ដែល​បាន​សន្យា មាន​ប្រទេស​ខ្លះ​បាន​គោរព​ត្រឹមត្រូវ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ប្រទេស​ខ្លះ​បាន​គោរព​តិចតួច និង​ប្រទេស​ខ្លះ​ទៀត​នៅ​មិន​ទាន់​បាន​គោរព​សោះ ដូច​ជា​អាស៊ែបៃហ្សង់ ប្រេស៊ីល ចិន កូឡុំប៊ី ហ្សកហ្ស៊ី ន័រវែស អេស្បាញ អ៊ូហ្កង់ដា ឬ​ប្រទេស​វៀតណាម​ជា​ដើម។

ជាក់ស្តែង ចិន​បាន​សន្យា​បញ្ជូន​កម្លាំង​ទ័ព​បន្ថែម​យ៉ាង​តិច ៨ ០០០នាក់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ តែ​អ្វីៗ​នៅ​មិន​ទាន់​លេច​រូបរាង​នៅ​ឡើយ​ទេ ហើយ​មន្រ្តី​ការទូត​បរទេស​ម្នាក់​ថែម​ទាំង​បាន​ធ្លោយ​ពាក្យ​ថា ប្រហែល​ជា​ចិន​មិន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ផង​ក៏​មិន​ដឹង។ ប្រទេស​អេស្បាញ​បាន​សន្យា​បញ្ជូន​កម្លាំង​ទ័ព ឧទ្ធម្ភាគចក្រ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ទៅ​ឲ្យ​កម្លាំង​សហប្រជាជាតិ​ក្នុង​ប្រទេស​លីបង់ តែ​បាន​បដិសេធ​វិញ​ដោយសារ​តែ​អង្គការ​សហប្រជាជាតិ​មិន​យល់ព្រម​ឲ្យ​អេស្បាញ​កាន់​បញ្ជាការ​របស់​កម្លាំង​មួយ​នេះ​ដូច​ដែល​អេស្បាញ​បាន​ទាមទារ​តាំង​ពី​ដំបូង។

យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​ជាមួយ​ការ​ផ្តល់​ជំនួយ​បន្ថែម​ជា​កម្លាំង​មនុស្ស និង​សម្ភារៈ​របស់​ប្រទេស​សមាជិក​នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​មាន​កម្លាំង​រក្សា​សន្តិភាព​ជា​អចិន្រ្តៃយ៍​ចំនួន ១៥ ០០០នាក់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​ដែល​អាច​ចេញ​អន្តរាគមន៍​បាន​ភ្លាមៗ។ គួរ​ជម្រាប​ជូន​ថា ថវិកា​ប្រចាំ​ឆ្នាំ​របស់​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​មាន​ប្រមាណ​ជា ៨ ០០០លាន​ដុល្លារ ក្នុង​នោះ អាមេរិក​តែ​ឯង​ចេញ​ចំនួន ៣០%។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ច្រើន​ជាង​គេ​ឲ្យ​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ អាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស​ដែល​បាន​សន្យា​ផ្តល់​កម្លាំង​មនុស្ស និង​សម្ភារៈ​បន្ថែម​រួសរាន់​ចាត់​វិធានការ​ជាក់ស្តែង​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ