លោក អូបាម៉ាបន្ធូរបន្ថយទោសទាហានអាមេរិក Chelsea Manning -WikiLeaks សែ្រកថាជាជ័យជំនះ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនផុតអាណត្តិប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានចេញក្រឹត្យ ធ្វើការបន្ធូរបន្ថយទោសរបស់នារីយោធាអាមរិកមួយរូបឈ្មោះ Chelsea Manning ។ ទាហានរូបនេះ ត្រូវបានតុលាកាយោធាអាមេរិក ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣៥ឆ្នាំពីបទបានលួចបញ្ជូនឯកសារសម្ងាត់ទៅអោយWikiLeaks។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
ទាហានអាមេរិកឈ្មោះ នាង Chelsea Manning នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី១៧ឧសភាខាងមុខនេះ។ លោកប្រធានាធិបតី បារ៉ាក អូបាម៉ា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវចាកចេញពីសេតវិមានប្រធានាធិបតីអាមេរិក បានចេញក្រឹត្យលើកលែងទោសឲ្យនាង។ ទាហានអាមរិកនេះ ត្រូវបានតុលាការយោធាអាមេរិកផ្តន្ទាទោសកាលពីខែសីហាឆ្នាំ២០១៣ ពីបទបានលួចឯកសារសម្ងាត់ចំនួន៧សែនឯកសារ បញ្ចេញទៅអោយបណ្តាញ Wikileaks។
ការលើកលែងទោសទាហានអាមរិករូបនេះ ត្រូវបានបក្សព័ន្ធបណ្តាញ Wikileaks ស្រែកអបអរសាទរថាជាជ័យជំនះរបស់ខ្លួន ពីព្រោះយោងតាម Wikileaks ទាហានអាមេរិករូបនេះ បានជាប់ទោសក្នុងគុក ពីព្រោះតែនាងហ៊ានលាតត្រដាងប្រាប់ការពិតដល់ពិភពលោកពីទង្វើរំលោភបំពានរបស់អាមេរិកនៅក្នុងប្រទេសអ៊ឺរ៉ាក់និងនៅអាហ្វហ្កានីស្ថាន។
ភ្លាមៗនោះដែរ ប្រធានបណ្តាញ Wikileaks លោក Edward Snowden បានបញ្ចេញប្រតិកម្មតាម Twitter ថាលោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះChelsea ដែលបានធ្វើសកម្មភាពគ្រប់សព្វប្រកបដោយសេចក្តីក្លាហានបំផុតដើម្បី បំរើ ផលប្រយោជន៍ រួមក៏ព្រមទាំងពិភពលោកទាំងមូល។ លោក បានថ្លែងលើកទឹកនាងថែមទៀតថា នៅសល់តែ៥ខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី១៧ឧសភាខាងមុខ នាងនឹងមានសេរីភាពឡើងវិញហើយ។
អ្នកទោសជាទាហានអាមរិកនេះ ដែលមានអាយុ២៩ឆ្នាំ បានទទួលទោសក្នុងពន្ធនាគារជិត៧ឆ្នាំកន្លងមកហើយ ។ នាងក៏ធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតកាលពីខែតុលាកន្លងទៅនេះ បន្ទាប់ពីការប៉ុនប៉ងសម្លាប់ខ្លួននៅលើកទីមួយកាលពីខែកក្កដារួចមក។
ការចេញក្រឹត្យរបស់លោកអូបាម៉ា ក្នុងការលើកលែងទោស Chelsea Manning នេះ បើទោះបីជាលោក ដូណាល់ត្រាំ ពុំទាន់បានបញ្ចេញប្រតិកម្មអ្វីនៅម្សិលមិញក្តី ក៏ក្រុមអ្នកនយោយាយសំខាន់ៗនៅក្នុងជួរគណបក្សសាធារណៈរដ្ឋអាមេរិក បាននាំគ្នាប្រតិកម្មថា ជាសេចក្តីសម្រេចចិត្តមួយដ៏អាស្រូវ។ ពួកគេ ថែមថ្លែងបញ្ជាក់ទៀតថា ពុំយល់ទាល់តែសោះ ថាតើហេតុអ្វី បានជាប្រធានាធិបតីអាមេរិក មានចិត្តមេត្តាករុណាដ៏ពិសេសម្ល៉េះ ចំពោះបុគ្គលមួយរូបដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតទាហាន អ្នកការទូតនិងភ្នាក់ងារសម្ងាត់អាមេរិកក៏ព្រមទាំងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ