អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក Rex Tillerson រង​ការ​រិះគន់​ដោយ​មិន​បាន​ចេញ​មុខ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស

នៅ​សហរដ្ឋអាមេរិក ក្រសួង​ការបរទេស​តែងតែ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​លោក ហើយ​ជា​ទូទៅ លោក​រដ្ឋមន្រ្តី​ការបរទេស​បាន​ធ្វើ​សន្និសីទកាសែត​ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​នោះ​ជា​សាធារណៈ។ តែ​សម្រាប់​ការ​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ ២០១៦ លោក​រដ្ឋមន្រ្តី​ការបរទេស​ថ្មី Rex Tillerson មិន​បាន​ចេញ​មុខ​លើក​យក​របាយការណ៍​នោះ​ទៅ​បង្ហាញ​នៅ​មុខ​ក្រុម​អ្នកកាសែត និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​ដែល​អតីត​រដ្ឋមន្រ្តី​ធ្លាប់​បាន​ធ្វើ​នា​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ​ឡើយ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson
លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson REUTERS/Joshua Roberts/File Photo
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ​ដែរ ក្រសួង​ការបរទេស​អាមេរិក​តែងតែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ដាច់​ដោយឡែក​របស់​ខ្លួន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នីមួយៗ​លើ​លោក។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​នោះ ក្រសួង​ការបរទេស​បាន​ចាប់​អារម្មណ៍​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង ១៩៩ប្រទេស តែ​ក៏​ដូច​ជា​សព្វមួយ​ដង អាមេរិក​បាន​ផ្តោត​សំខាន់​លើ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន រួម​មាន កូរ៉េខាងជើង ចិន រុស្ស៊ី អ៊ីរ៉ង់ ឬ​មួយ​ប្រទេស​គុយបា​ជា​ដើម។

បើ​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ផ្ទាល់ខ្លួន​ជា​អ្នក​ដែល​បាន​លើក​យក​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​លោក​ទៅ​បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​ការ​ធ្វើ​សន្និសីទកាសែត ឬមួយ​ក៏​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ តែ​សម្រាប់​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ កន្លង​ទៅ លោក Rex Tillerson ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​ថ្មី​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ជា​រដ្ឋមន្រ្តី​ដែល​មិន​សូវ​និយាយ​ជា​សាធារណៈ​មិន​បាន​យក​គំរូ​តាម​រដ្ឋមន្រ្តី​ការបរទេស​មុនៗ​ទេ។

លោក Rex tillerson បាន​ត្រឹម​ថ្លែង​យ៉ាង​សាមញ្ញ​ថា ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ប្រជាធិបតេយ្យ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​នយោបាយ​ការបរទេស​អាមេរិក។ យ៉ាង​ណា​ក៏​ដោយ កាយវិការ​របស់​លោក Rex Tillerson របៀប​នេះ​បាន​ទទួល​ការ​រិះគន់​ទិតៀន​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកសាធារណរដ្ឋ ក៏​ដូច​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ ពិសេស​ពី​ក្រុម​អង្គការ​អ្នក​ការពារ​សិទ្ធិមនុស្ស។ លោក Kenneth Roth ប្រធាន​អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​គេចវេស​របស់​លោក Tillerson មិនមែន​ជា​ចេតនា​គេច​ពី​សំណួរ​របស់​អ្នក​កាសែត​ទាក់ទង​នឹង​លោក​ដូណាល់ ត្រាំ​ទេ​ឬ​យ៉ាង​ណា?។

គួរ​រម្លឹក​ជូន​ថា របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ របស់​ក្រសួង​ការបរទេស​អាមេរិក​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​លោក​ហាក់​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ទេ តែ​ទាក់ទង​នឹង​ការងារ​ក្នុង​ជំនាន់​រដ្ឋបាល​របស់​អូបាម៉ា។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា ហេតុអ្វី​ដែល​ជា​លោក​រដ្ឋមន្រ្តី​ការបរទេស​ថ្មី Rex Tillerson គេច​មុខ​ធ្វើ​អី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ