កិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខដែលបានរៀបចំនេះជាសំណើរបស់ប្រទេសស៊ុយអែត និងប្រទេសគុយវ៉ែតតាមការទាមទាររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនដែលកំពុងធ្វើការនៅក្នុងទឹកដីស៊ីរី។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឲ្យមានបទឈប់បាញ់រយៈពេល ១ខែដើម្បីអនុញ្ញាតឲ្យមានការរៀបចំបញ្ជូនជំនួយមនុស្សធម៌ទៅឲ្យជនស៊ីវិលដែលកំពុងជាប់កុននៅក្នុងការវាយប្រហារគ្នារវាងពួកភេរវជន និងកម្លាំងរដ្ឋាភិបាលស៊ីរី រួមដៃជាកម្លាំងទ័ពរុស្ស៊ី។ ការវាយប្រហារដែលក្នុងរយៈពេល ៥ថ្ងៃកន្លងទៅបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២០០នាក់។
លោក Vassili Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានលើកយកហេតុផលគ្រោះថ្នាក់ភេរវនិយមជាសំអាងដើម្បីបញ្ជាក់ពីមូលហេតុដែលរុស្ស៊ីបានបោះឆ្នោតប្រឆាំងនឹងបទឈប់បាញ់។ តាមលោក Vassili រុស្ស៊ីចង់ឲ្យមានបទឈប់បាញ់ខ្លាំងណាស់ តែគេមិនប្រាកដថាពួកភេរវជនទទួលយកទេ។ យ៉ាងណាក៏ដោយ លោក Mark Lowcock ប្រធានផ្នែកប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិដែលមានវត្តមាននៅក្នុងកិច្ចប្រជុំមិនញញើតនឹងដំឡើងសម្លេងខ្លាំងៗដោយលើកឡើងពីស្ថានការណ៍ដ៏អាក្រក់គិតតាំងពីឆ្នាំ ២០១៥។
សូមជម្រាបជូនថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងហ៊្គូតាខាងកើត និងទីក្រុងអ៊ីលីបដែលជាទីតាំងរបស់ក្រុមប្រឆាំងស៊ីរីបានស្ថិតក្រោមការវាយប្រហារផ្លូវអាកាសពីទ័ពរដ្ឋាភិបាលស៊ីរី រួមជាមួយទ័ពរុស្ស៊ី។ ព្រឹត្តិការណ៍មួយនេះត្រូវបានលោក François Delattre ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិបានយល់ឃើញថា ជាការវិលក្រោយនៃស្ថានភាពដ៏អាក្រក់របស់ស៊ីរីដែលគេធ្លាប់បានឃើញកាលពីប៉ុន្មានឆ្នាំមុន។ ទន្ទឹមគ្នានេះ លោក Delattre ក៏បានរម្លឹកដៃគូរុស្ស៊ីជាថ្មីថា ស្ថានការណ៍នៅលើសមរភូមិពេលនេះមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងផ្លូវនយោបាយរបស់រុស្ស៊ីខ្លួនឯងដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពឲ្យស៊ីរី៕