អានតួអត្ថបទ
អ.ស.ប. ប៉ាឡេស្ទីន

ទីភ្នាក់ងារ​របស់ អ.ស.ប. ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ទាញ​សញ្ញាអាសន្ន​ពី​កង្វះ​ថវិកា

ប្រទេស​ហ្សកដានី តាម​រយៈ​ប្រមុខ​ការទូត​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ សីហា​ថា ខ្លួន​នឹង​រៀបចំ​សន្និសីទអន្តរជាតិ​មួយ​នា​ថ្ងៃទី២៧ កញ្ញា​ខាង​មុខ​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ហៅ​កាត់​ថា Unrwa។ តាម​ប្រមុខ​ការទូត​ហ្សកដានី Unrwa នឹង​អស់​លុយ​នៅ​ដំណាច់​ខែ​កញ្ញា​ខាង​មុខ ហើយ​ត្រូវ​ការ​លុយ​ជា​បន្ទាន់​ចំនួន ២០០លានដុល្លារ​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន។ ចំណែក​នាយក Unrwa លោក​ព្ជែរ ក្រេអេនប៊ុល​បាន​ក៏​បាន​ទាញ​សញ្ញា​អាសន្ន​ពី​កង្វះ​ថវិកា និង​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​អាណត្តិ​របស់ Unrwa ដែល​ប្រគល់​ឲ្យ​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ។

លោក Pierre Krähenbühl នាយក​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន
លោក Pierre Krähenbühl នាយក​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន AFP
ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​និយាយ​អំពី​មនុស្ស ហើយ​ខ្ញុំ​ជឿជាក់​ថា ពិត​ជា​គ្មាន​នរណា​ម្នាក់​មាន​បំណង​បោះបង់​ចោល​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ទាំង ៥លាន ៣សែន​នាក់​នោះ​ទេ។ ពួក​គេ​សុទ្ធសឹង​ជា​មនុស្ស​ដែល​ត្រូវ​មាន​សិទ្ធ​ដូច​មនុស្ស​ដទៃ​ទៀត​ក្នុង​លោក​អ៊ីចឹង​ដែរ។ អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ពួក​គេ​កំពុង​ប្រឈម​នឹង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម។

ចំណែក​យើង យើង​បាន​ប្តេជ្ញាចិត្ត​នឹង​បន្ត​អនុវត្តន៍​អាណត្តិ​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ប្រគល់​ឲ្យ។ ដរាប​ណា​ដំណោះស្រាយ​មួយ​យុត្តិធម៌ និង​យូរអង្វែង​ត្រូវ​បាន​រក​ឃើញ​សម្រាប់​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទេ យើង​នឹង​មិន​បោះបង់​អាណត្តិ​របស់​យើង​ចោល​ឡើយ។

យើង​បាន​ចាប់​ផ្តើម​ការងារ​របស់​យើង​ក្នុង​ឆ្នាំ​នេះ​ជាមួយ​នឹង​ការ​ខ្វះខាត​ថវិកា​ចំនួន ៤៤៦លានដុល្លារ។ គឺ​ជា​ស្ថានការណ៍​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​គ្រប់​អង្គការ​មនុស្សធម៌​ទាំង​អស់ មិន​ថា​តែ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​មួយ​ប៉ុណ្ណោះ​ទេ។

យើង​រក​បាន​ថវិកា​ចំនួន ២៣៨លានដុល្លារ​ហើយ​សម្រាប់ ៦ខែ​ដើម​ឆ្នាំ ២០១៨។ ទឹកប្រាក់​នេះ​បាន​អនុញ្ញាត​ឲ្យ​យើង​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ទាន់​ពេល »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ