អានតួអត្ថបទ

លោកដូណាល់ ត្រាំ ចង់លុប​សិទ្ធិ​បាន​សញ្ជាតិ​តាម​ដែនដី​កំណើត

កើត​នៅលើ​ទឹកដី​អាមេរិក​ មិន​ប្រាកដថា​នឹង​អាច​បាន​សញ្ជាតិ​អាមេរិក​ជា​ស្វ័យប្រវត្តិ​ទៀត​ទេ ! លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គ្រោង​នឹង​ចេញ​ក្រិត្យ​​លុប​ចោល សិទ្ធិ​ទទួល​បាន​សញ្ជាតិ​អាមេរិក ​របស់​កូន​ជនបរទេស និង​កូន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​​បាន​កើត​នៅ​លើ​ទឹក​ដី​អាមេរិក​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ នេះ​បើ​តាម​វិបសៃត៍​Axios on HBO ដែល​លោកត្រាំ​បាន​ផ្តល់​បទ​សម្ភាសន៍​ដោយ​ផ្តាច់​មុខ​។

លោក ដូណាល់ ត្រាំ​ចង់​លុប​សិទ្ធិ​បាន​សញ្ញាតិអាមេរិក​​តាម​ដែន​ដី​កំណើត
លោក ដូណាល់ ត្រាំ​ចង់​លុប​សិទ្ធិ​បាន​សញ្ញាតិអាមេរិក​​តាម​ដែន​ដី​កំណើត REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

កូន​របស់​បុគ្គលដែល​មិនមែន​ជា​ជនជាតិ​អាមេរិក មិន​អាច​ទទួល​សញ្ជាតិ​អាមេរិក និង​ទាញយក​ផលប្រយោជន៍បាន​មួយ​ជីវិត​ ដោយសារ​​មូល​ហេតុម្យ៉ាង​ថា​​បានកើត​នៅ​លើ​ទឹក​ដី​អាមេរិក​ ទៀត​បាន​ឡើយ ! នេះជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​Axios on HBO ដោយ​អះអាង​ទៀត លោក​បាន​ពិភាក្សា​ ​ជាមួយ​ទឹប្រឹក្សា​ រួចរាល់អស់​ហើយ ហើយ​កំពុង​រៀប​ចំ​ដំណើរ​ការ​ ចេញ​ក្រិត្យ​ប្រធានាធិបតី លុប​សិទ្ធិទទួល​សញ្ជាតិ​អាមេរិក តាម​ដែនដី​កំណើត។

បើ​​លោក​ត្រាំ​ សម្រេច​យ៉ាង​ដូច្នេះ តើ​វា​នឹង​ផ្ទុយ​ពី​​រដ្ឋ​ធម្មនុញ្ញអាមេរិក​មាត្រា​១៤ ដែល​ចែង​ថា “គ្រប់​បុគ្គល​ដែល​បាន​កើត​លើ​ទឹក​ដី​អាមេរិក​និង​បាន​ចូល​សញ្ជាតិ​អាមេរិក និង​ដែល​ស្ថិត​ក្រោមយុត្តាធិការនៃច្បាប់ជា​ធរមាន ត្រូវ​បាន​ក្លាយ​ជា​​ពលរដ្ឋ​​របស់​អាមេរិក និងរបស់​​រដ្ឋដែល​គេ​រស់​នៅ”ទេ​ឬ ?

​សម្រាប់​ក្រុម​អ្នក​អភិរក្សនិយម​​ ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ​ អាមេរិក​បានអនុវត្តច្បាប់​​ដោយ​​បក​ស្រាយ​​ខុស​តែ​ប៉ុណ្ណោះ។ តែបើ​តាម​អត្ថន័យ​នៃ​​ច្បាប់​ដើម​ ក្មេង​កើត​លើ​ដី​អាមេរិក​ដែល​អាច​ទទួល​សញ្ជាតិ​អាមេរិក​បាន​ ទាល់​តែ​ម្តាយ​ឪពុក​ជា​ជន​ស្រប​ច្បាប់​ ពោល​គឺ​​ជា​បុគ្គល​​ដែល​មាន​​បណ្ណ​ស្នាក់​នៅអចិន្ត្រៃយ៍​​ ឬ​ជាពលរដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ក្រុម​អ្នក​អភិរក្ស​និយម​ដដែល។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​ឆ្នាំ​១៨៩៨ តុលាការ​កំពូល​អាមេរិក​បាន​ប្រកាស​ថា កូន​ដែល​កើត​ពី​ឪពុកម្តាយ​អន្តោប្រវេសន៍​ស្រប​ច្បាប់ ជា​ពលរដ្ឋ​រដ្ឋ​អាមេរិក។ ផ្ទុយទៅ​វិញ ស្ថាប័ន​កំពូល​នេះ​មិនដែល​បាន​ផ្តល់​សេចក្តី​សម្រេច​អ្វី​ទាក់ទង​នឹង​កូន​អន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​អ្នក​មាន​ក្រដាសស្នាម​បណ្តោះ​អាសន្ន​ឡើយ។

នៅ​រវាង​ពី​ឆ្នាំ​១៩៨០-២០០៦ ចំនួន​កូន​ក្មេង​កើត​ពី​ម្តាយ​ឪពុក​ជា​អន្តោប្រវេសន៍​បាន​កើន​ឡើង​ឥត​ឈប់​ឈរ​ ដល់​៣៧០០០០​នាក់ មុន​ចាប់​ធ្លាក់​ចុះ​បន្តិច​វិញ។ នេះ​បើ​តាម​ការ​សិក្សា​របស់​វិទ្យាសា្ថន​ស្រាវជ្រាវ​PEW ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ