ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
អាមេរិក

សេតវិមាន​លែងឱ្យ​អ្នកកាសែតCNNម្នាក់ ចូលយកព័ត៌មាន បន្ទាប់ពី​បានប៉ះសម្តី​ជាមួយ​លោកត្រាំ

media  
លោក Jim Acosta តតាំង​ពាក្យ​សម្តី​ជាមួយ​លោក Donald Trump ក្នុង​សន្និសីទកាសែត​នៅ​សេតវិមាន © Reuters

នៅថ្ងៃពុធ ម្សិលមិញ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ប្រធានាធិបតី​ ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដែល​បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​គ្រប់គ្រង​រដ្ឋ​សភា​បាន​នោះ លោក ដូណាល់ ត្រាំ បាន​ប៉ះទង្គិច​ដោយ​ពាក្យ​សំដី​ជាមួយ​អ្នកកាសែត​CNNម្នាក់។ ការ​ប៉ះ​សម្តី​គ្នា​​ខ្លាំងៗ​​រហូត​ដល់​ថ្នាក់​ សេតវិមាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ គឺ​ព្យួរ​សិទ្ធិ​អ្នកកាសែត​រូប​នោះ​លែង​ឱ្យ​ចូល​ទៅ​យក​ការណ៍​ នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ទៀត។

ជា​អ្នកកាសែតទទួល​បន្ទុក​យក​​​ព័ត៌មាន​នៅ​សេតវិមាន​​សម្រាប់​​បណ្តាញ​CNN និង​ធ្លាប់​មាន​ប្រទាក់​សំដី​ជា​ញឹកញយ​ជាមួយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ លោក ជីម អាកូស្តា (Jim Acosta) ​​​ ទំនង​ជាមិន​នឹក​ស្មាន​ដល់​ថា​សន្និសីទ​​កាសែត ដែល​តែង​ប្រព្រឹត្ត​ទៅ​រលូន​នោះ ​ក្លាយ​ជារឿង​ធំ ដល់​ថ្នាក់​​​ធ្វើ​ឱ្យលោក​​​លែង​​មាន​សិទ្ធិ​​ចូល​ក្នុង​វិមាន​ប្រធានាធិបតី​យក​ព័ត៌មាន​បាន​ទៀត​យ៉ាង​ដូច្នេះ​ទេ។

ដំណើរ​រឿង​ចាប់​ផ្តើម​ដោយ​អ្នក​កាសែត បានលើក​អំពី​​បញ្ហា​អន្តោប្រវេសន៍​​ ដែល​កំពុង​រំកិល​ខ្លួនទាំង​ហ្វូងៗ​សំដៅ​​អាមេរិក​ ថា​ពួក​គេ​នៅ​រាប់រយ​គីឡូម៉ែត្រ​ពី​អាមេរិក​ ដូច្នេះមិនមែន​ជា​ការលុកលុយទេ ! លោក​ដូណាល់ ត្រាំ បានឆ្លើយ​​វិញ​ថា “ អ្នក​ត្រូវ​ទុក​ការងារ​ដឹកនាំ​ប្រទេស​ឱ្យ​ខ្ញុំ​ ហើយ​គិត​តែ​ពីការងារ​CNN​របស់​អ្នក​ទៅល្អ​ជាង !”

លោក ជីម អាកូស្តា បានបន្ត​​សាកល្បង​​សួរ​ប្រធានាធិបតី​ទៀត។ ទំនង​ដោយ​ទ្រាំ​លែង​បាន លោក ត្រាំ ក៏​ស្រែកថា “បានហើយ ! បានហើយ! បានហើយ!”។ ជំនួយ​ការ​របស់​សេតវិមាន​ម្នាក់​ ចង់​ទៅ​យក​មីក្រូ​ពី​ដៃ​អ្នក​កាសែត តែ​លោក​ ជីម អាកូស្តា នៅ​តែមិន​ឈប់​មាត់​ចចេស​​សួរ​ត​ទៀតថា “ទាក់ទង​នឹង​រឿង​អង្កេត​រុស្ស៊ី​វិញ តើ​លោក​ខ្លាច​ ... ?​ ប៉ុន្តែ​និយាយ​បាន​ត្រឹម​ពាក្យ​ថា​ខ្លាច លោកត្រាំ បាន​ឆ្លើយ​កាត់​ភ្លាម​ថា ខ្ញុំ​គ្មាន​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់​អំពី​សំណុំ​រឿង​អង្កេត​រុស្ស៊ី​នោះ​ ព្រោះ​ជា​ការ​មួល​បង្កាច់ ! ល្មម​ហើយ ! ហើយ​ដាក់មីក្រូចុះ !

លោក​ប្រធានាធិបតី​ដក​ខ្លួន​បន្តិច ហើយ​ងាក​មក​​បន្ថែម​ថា “ខ្ញុំ​ប្រាប់ទៅ CNN គួរ​តែ​ខ្មាសអៀន​ដែល​ជ្រើសរើស​អ្នក​ជា​បុគ្គលិក។ អ្នក​ឯង​ឈ្លើយ​ណាស់ ! អ្នក​មិនត្រូវ​ធ្វើការ​នៅ​CNNទេ !”។

ក្រោយ​សំដី​នេះ អ្នកកាសែត​ម្នាក់​ទៀត បាន​សាកល្បង​ងើប​មក​ការពារ​លោក ជីម អាកូស្តា តែ​លោកប្រធានាធិបតីបង្ក្រាប​វិញ​ថា “ខ្ញុំ​ក៏​មិន​ចូល​ចិត្តអ្នកឯង​ប៉ុន្មានដែរ” “កាលណា​អ្នក​ផ្តល់​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ ដូចដែល​CNNបាន​ធ្វើ​ជា​ច្រើនកន្លង​មក​ អ្នកឯង​ជា​សត្រូវ​របស់​ប្រជាជន”។

ក្រោយ​ហេតុការណ៍​នេះ សេតវិមាន​បាន​ប្រកាស​ព្យួរ​សិទ្ធិជា​អ្នក​យក​ការណ៍​អចិន្ត្រៃយ៍​នៅ​ក្នុង​វិមាន​​​ប្រធានាធិបតី របស់​បុគ្គល​ដែល​ប៉ះពាល់​សំដី​ជាមួយ​ប្រធានាធិបតី​ ដោយ​​មិន​ហៅ​ឈ្មោះ​អ្នក​កាសែត​ចំៗ​ទេ។ ​

ប្រធានាធិបតី​វាយប្រហារ​បណ្តាញ​សារព័ត៌មាន​ជ្រុល​ពេក​ហើយ ! នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​CNN​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ