ម៉ិកស៊ិក ថាមិនបានគាំទ្រសំណើថ្មីរបស់លោកត្រាំ ស្តីអំពីបញ្ហាជនអន្តោប្រវេសន៍
រដ្ឋាភិបាលថ្មីម៉ិកស៊ិក ដែលជិតឡើងគ្រប់គ្រងប្រទេសជាផ្លូវការនាខែធ្នូខាងមុខ បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា ថា មិនបានគាំទ្រកិច្ចព្រមព្រៀងថ្មីណាមួយ ទាក់ទិននឹងបញ្ហាជនអន្តោប្រវេសន៍ ជាមួយរដ្ឋាភិបាលអាមេរិករបស់លោកត្រាំឡើយ។ ជាកិច្ចព្រមព្រៀងដែលលោកត្រាំ ប្រកាសថា រាល់អ្នកស្វែងរកសិទ្ធិជ្រកកោន អាចឆ្លងចូលទឹកដីសហរដ្ឋអាមេរិកបាន លុះត្រាតែ ពួកគេបានឆ្លងកាត់ការវាយតម្លៃ ពីសំណាក់អាជ្ញាធរម៉ិកស៊ិកជាមុនសិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១១
“រដ្ឋបាលសហព័ន្ធម៉ិកស៊ិកមិនបានពិចារណាលើផែនការរបស់អាមេរិក ដែលសន្មតថា ប្រទេសម៉ិកស៊ិកគឺជា "ប្រទេសដែលមានសុវត្ថិភាពទីបី" និងមានតួនាទី មើលការខុសត្រូវ និងយកចិត្តទុកដាក់ លើជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាល ឬពលរដ្ឋនៃបណ្តាប្រទេសដទៃទៀត ដែលកំពុងស្នាក់នៅក្នុងទឹកដីម៉ិកស៊ិកឡើយ”។ នេះ គឺជាសម្តីរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ិកស៊ិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកស្រីរដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលថ្មីរបស់ម៉ិកស៊ិក ដែលនឹងឡើងមកគ្រប់គ្រងប្រទេស នាខែធ្នូខាងមុខនេះ នឹងផ្តោតការយកចិត្តទុកដាក់ តែលើការធានាឱ្យក្រុមអ្នកចំណាកស្រុកទាំងឡាយ ទទួលបាននូវជំនួយស្បៀងអាហារ សុខភាពទីជម្រក និងការការពារផ្នែកសិទ្ធិមនុស្ស តែប៉ុណ្ណោះ។
សូមជម្រាបជូនថា កាលពីថ្ងៃសៅរ៍ កាសែត The Washington Post បានចុះផ្សាយថា គោលនយោបាយថ្មី របស់រដ្ឋការលោកប្រធានាធិបតីត្រាំ ស្តីអំពីបញ្ហាជនអន្តោប្រវេសន៍ ទទួលបានការគាំទ្រ ពីសំណាក់រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ិកស៊ិក។ ជាគោលនយោបាយដែល ពីមុខទទួលស្គាល់ដោយរដ្ឋមន្ត្រីមហាផ្ទៃម៉ិកស៊ិក និងដែលក្រោយមកទៀត រដ្ឋមន្ត្រីរូបនេះដដែល ចេញមុខបដិសេដ។
ទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយប្រទេសម៉ិកស៊ិកនេះដែរ អ្នកនាំពាក្យសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីត្រាំ បានបង្កើតនូវទំនាក់ទំនងយ៉ាងរឹងមាំមួយ ជាមួយនិងរដ្ឋបាលប្រទេសម៉ិកស៊ិក ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធិបំផុត ដើម្បីដោះស្រាយ បញ្ហាជនអន្តោប្រវេសន៍ ដែលចង់ឆ្លងដែនចូល សហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៊ិក។
គួររំឭកផងដែរថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រោយពីបានប្រកាស ពីការគាំទ្រដ៏ចម្រូងចម្រាស ពីសំណាក់រដ្ឋាភិបាលថ្មីម៉ិកស៊ិក លើគោលនយោបាយស្តីអំពីជនអន្តោប្រវេសន៍របស់អាមេរិករួចមក លោកត្រាំក៏បានសរសេរនៅលើបណ្តាញសង្គTwitter ដែរថា "ជនចំណាកស្រុក នៅតាមព្រំប្រទល់ដែននៃភាគខាងត្បូងប្រទេសអាមេរិក នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងដែនដីអាមេរិកឡើយ លុះត្រាតែពួកគេទទួលបានការយល់ព្រមពីតុលាការ។ យើងនឹងអនុញ្ញាតឱ្យជនចំណាកស្រុក ចូលមកប្រទេសរបស់យើង ប៉ុន្តែត្រូវចូលដោយស្របច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ